(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សង្គ្រាមពាណិជ្ជកម្មពិភពលោកកំពុងបាននិងផ្ទុះឡើងហើយរវាងសហរដ្ឋអាមេរិកជាមួយប្រទេសមានសេដ្ឋកិច្ចលូតលាស់ចំនួន ៦ផ្សេងទៀត (កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន អង់គ្លេស) ក៏ដូចជារវាងអាមេរិកជាមួយចិន អាមេរិកជាមួយម៉ិចស៊ីកូ និងជាមួយឥណ្ឌាជាដើមនោះ។ សម្តេចនាយករដ្ឋមន្ត្រីថា សង្គ្រាមពាណិជ្ជកម្មនេះ មិនត្រឹមតែធ្វើឲ្យពិភពលោកជួបវិបត្តិសេដ្ឋនោះទេ តែវាក៏នឹងជះឥទ្ធិពលមកដល់ប្រទេសកម្ពុជាផងដែរ ដែលត្រូវរួមគ្នាគិត ដើម្បីទប់ទល់ និងដោះស្រាយ។
ក្នុងពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាជូនមន្រ្តីជាន់ខ្ពស់៨រូប ដែលត្រូវបានគេចាត់ទុកជាស្ថាប័នឃ្លាំងនៃបញ្ញារបស់កម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការដំឡើងពន្ធទំនិញនាំចូលរវាងសហរដ្ឋអាមេរិកជាមួយបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនលើពិភពលោកគឺជានយោបាយចាញ់-ចាញ់មួយ។
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា បញ្ហានេះមិនមែនជាបញ្ហាតូចតាចទេ ពិតមែនតែបញ្ហាឧបទ្វីបកូរ៉េត្រូវបានធូរស្រាល ក៏ប៉ុន្តែបញ្ហាសាកលលើពាណិជ្ជកម្មបានកើតឡើង ហើយវាជាបញ្ហាប្រឈមដ៏ធំសម្រាប់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាសេដ្ឋកិច្ចនៅក្នុងតំបន់ផងដែរ។ ដើម្បីទប់ទល់បញ្ហាទាំងអស់នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យបញ្ញាជនរបស់កម្ពុជា ជាពិសេសរាជបណ្ឌិត្យសភាត្រូវសិក្សាបែបវិទ្យា ដើម្បីត្រៀទប់ទល់ និងដោះស្រាយបញ្ហារបស់សកលលោក ដែលអាចជះឥទ្ធិពលអាក្រក់ដល់ប្រទេសកម្ពុជាផងដែរនោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ដូច្នេះទាមទារឲ្យថ្នាក់ដឹកនាំបញ្ញវន្តរបស់យើងធ្វើការសិក្សាស្រាវជ្រាវអំពីលទ្ធភាពដែលអាចកើតមានបែបនេះ លទ្ធភាពដែលអាចកើតមានបែបនោះ គឺអាចមានលទ្ធភាពច្រើនដែលអាចដាក់ចេញ ហើយតាមរយៈនោះជម្រើសនៃគោលនយោបាយរបស់យើងក៏ត្រូវឆ្លើយតបទៅបរិបទនីមួយៗផងដែរ»។ សម្តេចតេជោបន្តថា «យើងក៏គួរប្រមើមើលទុកជាមុនអំពីផលប៉ះពាល់នានា ដែលមានចំពោះយើង ហើយតើយើងដោះស្រាយបញ្ហានោះរបៀបណារាប់ទាំងបញ្ហាបច្ចុប្បន្ន»។
ក្នុងពិធីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបដែរថា ក្រៅពីការត្រៀមសិក្សាស្រាវជ្រាវទប់តល់បញ្ហារបស់ពិភពលោកហើយនោះ កម្ពុជាក៏បាននិងកំពុងសិក្សាស្រាវជ្រាវទាក់ទិនស្ថានភាពនៃការប្រកួតប្រជែងលើការទាក់ទាញអ្នកវិនិយោគ។ ក្នុងនោះបានឃើញហើយអំពីបញ្ហាតម្លៃអគ្គិសនី របស់កម្ពុជាដែលនៅមានតម្លៃខ្ពស់នៅឡើយនោះ នៅតែជាបញ្ហាប្រឈមសម្រាប់ការប្រកួតប្រជែង ដែលទាមទារឲ្យមានការសិក្សាឈានទៅដល់ការទម្លាក់ថ្លៃអគ្គិសនី។
ក្រៅពីបញ្ហាសកលនេះទៅ បើតាមសម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាក៏នៅប្រឈមនឹងបញ្ហាស្មុគស្មាញមួយចំនួន ខណៈដែលពិភពលោកកំពុងស្ថិតនៅក្នុងចរន្តនៃសកលភាវូបនីយកម្ម ដែលកំពុងវិវឌ្ឍទៅមុខយ៉ាងលឿន, ពិសេសផ្នែកបច្ចេកវិទ្យា និង វិទ្យាសស្ត្រា, ការប្រែប្រួលប៉ូលនៃការរកីចម្រើនថ្មីរបស់ ពិភពលោក, និន្នាការប្រមូលផ្តុំរស់នៅក្នុងទីក្រុង, ការប្រែប្រួលឤកាសធាតុ, ភេរវកម្ម ឆ្លងដែន, ការកើតឡើងនូវសង្គ្រាមនៅតំបន់មួយចំនួនជាដើម។
ដើម្បីធ្វើឲ្យសង្គមជាតិរត់ទាន់សភាពការណ៍វិវឌ្ឍផ្នែកបច្ចេកវិទ្យា និង វិទ្យាសាស្ត្រ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាចាំបាច់ត្រូវជំរុញឲ្យកាន់តែខ្លាំងលើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដើម្បីការឆ្ពោះទៅមុខ និងធានាដោះស្រាយបានបញ្ហា ប្រឈមធំៗរបស់ជាតិ ជាមួយនឹងការរីកចម្រើនប្រកបដោយចីរភាព និង ជវភាព។
សម្តេចបន្ថែមថា ការសិក្សាស្រាវជ្រាវវិទស្យាស្ត្រានាំមកនូវនវានុវត្ត និង ការបង្កើតថ្មី សម្រាប់ ការរួមចំណែក អភិវឌ្ឍប្រទេសជាតិ, ការឆ្លើយតបនឹងនិម្មាបនកម្មថ្មីក្នុងតំបន់ និង ពិភពលោក ដែលកម្ពុជាត្រូវបុរេសកម្មជាងមុន, ត្រូវដឹងជាមុនអំពីការវិវត្តិនៃ បញ្ហា និង ដំណោះស្រាយ លើគ្រប់ទិដ្ឋភាព, ទាំងក្នុងក្រមិតអនុតំបន់, តំបន់ និង ពិភពលោក ពិសេសបញ្ហាដែលឤចនឹង ប៉ះញល់ដល់ប្រយោជន៍របស់កម្ពុជា និង ក្នុងបុព្វហេតុបង្កើនផលប្រយោជន៍ជូនជាតិមាតុភូមិ៕