(ភ្នំពញ)៖ «Donal Trump SOS ឬ យើងស្វែងយកជំនួយ និងភាពយុត្តិធម៌ពីលោកប្រធានាធិបតី ដូណាល់ត្រាំ» នេះជាខ្លឹមសារដែលក្រុមអ្នកតវ៉ា ជាអតីតបុគ្គលិករបស់ស្ថានទូតអាមេរិកទាំង៣២នាក់ ឈរកាន់បដារ និងស្រែកតាមឧបករណ៍បំពងសំឡេង នៅមុខស្ថានទួតអាមេរិកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ ដើម្បីសុំកិច្ចអន្តរាគមន៍ ពីលោកប្រធានាធិតីអាមេរិក ជួយរកយុត្តិធម៌ជូនពួកគាត់ ដែលទទួលរងនូវការបណ្តេញពីការងារយ៉ាងអយុត្តិធម៌បំផុតនោះ។
ការតវ៉ាពេញមួយព្រឹកចាប់ពីម៉ោង៨ ដល់ម៉ោង១១ព្រឹកនេះ ក្រុមអ្នកតវ៉ាបានឈរកាត់បដាជាអក្សរខ្មែរ និងអង់គ្លេសមានរូបថតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដើម្បីបង្ហាញពីភាពអយុត្តិធម៌ និងស្នើសុំឲ្យប្រមុខដឹកនាំនៃប្រទេសទាំង២ ជួយអន្តរាគមន៍ដោះស្រាយឲ្យបានសមស្រប។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន តំណាងអ្នកតវ៉ាដែលជាអតីតបុគ្គលិក ផ្នែកសន្តិសុខធ្វើការស្មោះស្ម័គ្រជាមួយអាមេរិក ចាប់ពីជាង៥ឆ្នាំ ដល់ជិត២០ឆ្នាំបានថ្លែងថា ពួកគាត់អស់សង្ឃឹម នឹងការដោះស្រាយរបស់ស្ថានទូតអាមេរិក ទើបឈានដល់ការធ្វើតវ៉ា ដោយអហិង្សានៅពេលនេះ។ ពួកគាត់នឹងបន្តធ្វើការតវ៉ារហូតដល់មានដំណោះស្រាយជូនពួកគាត់។
លោក ឡុង សេងគឹមហុង ដែលធ្វើការនៅស្ថានទូតអាមេរិកជិត២០ឆ្នាំ មកហើយនោះបានថ្លែងថា «ខ្ញុំជឿថា អាមេរិកជាប្រទេសប្រជាធិបតេយ្យ និងជឿថាឯកឧត្តមឯកអគ្គរដ្ឋទូត នឹងរកយុត្តិធម៌ឲ្យយើងខ្ញុំ ប៉ុន្តែគាត់អត់បាននិយាយអីទាំងអស់ យើងចាំចំនួន៣ខែឲ្យគាត់ (លោក William A. Heidt) ឆ្លើយ សូម្បីតែព័ត៌មានក៏អត់ដែរ។ ដោយយើងមិនសង្ឃឹមតទៅទៀត ចំពោះស្ថានទូតអាមេរិក ដែលជាប្រទេសប្រជាធិបតេយ្យ និងគោរពច្បាប់ តែបែរជាមករំលោភច្បាប់នៅស្រុកខ្មែរ ទើបយើងខ្ញុំដាក់ញត្តិទៅក្រសួងការបទេស ក្រសួងការងារ និងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យជួយរកយុត្តិធម៌»។
តំណាងបុគ្គលិករូបនោះបន្តថា «ខ្ញុំគិតថា អ្នកដែលអត់មានការជួបប្រទះភាពអយុត្តិធម៌ក្នុងស្ថានទូតអាមេរិក អត់សូវឈឺចាប់ទេ ថាអាមេរិកយុត្តិធម៌ណាស់ តែបើជួបប្រទះខ្ញុំថាអាមេរិកគឺអយុត្តិធម៌បំផុត»។
សូមជម្រាបថា ការតវ៉ារបស់អតីតបុគ្គលិករបស់ស្ថានទូតអាមេរិក ត្រូវបានបញ្ចប់ត្រឹមម៉ោង១១ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។ ពួកគាត់បានដាក់ញត្តិជូនស្ថានទូតអាមេរិករួចរាល់ហើយ ដោយទាមទារ៧ចំណុច៖
១៖ ទាមទាររកយុត្តិធម៌ ពីការបញ្ឈប់ពួកគាត់ដោយបង្ខំ និងមិនបង្ហាញភស្តុតាង។
២៖ ទាមទារកែពាក្យពីការបណ្តេញចេញ មកជាការកាត់បន្ថយបុគ្គលិកវិញ។
៣៖ ទាមទារសំណង០៦ខែ ទៅតាមច្បាប់កាត់បន្ថយបុគ្គលិក។
៤៖ សូមប្តឹងពីបទរំលោភសិទ្ធិបុគ្គលិក ដោយដកហូតយកទូរសព្ទ័ ទៅឆែកមើលគ្រប់រូបភាព និងឯកសារផ្សេងៗ ព្រមទាំងរឹបអូសយកទូរសព្ទ័ពួកគាត់ មួយចំនួនទៅរក្សាទុកមួយរយៈពេល ។
៥៖ សូមឲ្យទូទាត់លុយមូលនិធិឧបត្ភម (ប្រាក់១២ភាពរយ) ក្នុងខែនេះ ព្រមទាំង០៣ខែកន្លងមក ដែលមិនទាន់ទូទាត់ឲ្យពួកគាត់។
៦៖ សូមទារសំណងជំងឺចិត្តទៅលើការបង្ខូចកេរ្តិ៍ឈ្មោះ និងកិតិ្តយស ដោយចោតប្រកាន់គ្មានភស្តុតាង។
៧៖ សូមឲ្យសហគមបុគ្គលិកខ្មែរមានសិទ្ធិ ចូលរួមដោះស្រាយពីបញ្ហា ការបញ្ឈប់បុគ្គលិកខ្មែរ ដែលមានភាពយុត្តិធម៌ និងត្រឹមត្រូវតាមច្បាប់ការងារ។
តាមការគ្រោងទុក នៅរសៀលថ្ងៃនេះ អតីតបុគ្គលិករបស់ស្ថានទូតអាមេរិក ដែលត្រូវគេបណ្តេញចេញ នឹងបន្តដាក់ញត្តិនៅក្រសួងការងារជាថ្មីម្តងទៀត៕