(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ តាមរយៈ Facebook សម្តេចបានបញ្ជាក់ថា នៅសល់តែមួយថ្ងៃទៀតទេ គឺថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ស្អែកនេះ ដល់ខួបលើកទី៤១ឆ្នាំនៃថ្ងៃដែល សម្តេចសម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលនោះ សម្តេចគ្មានជម្រើសអ្វីឲ្យល្អជាង ការយកជីវិតធ្វើដើមទុន ដើម្បីរំដោះកម្ពុជានោះឡើយ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយ ដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតសព្វថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈ Facebook យ៉ាងដូច្នេះថា «នៅសល់១ថ្ងៃទៀត នឹងដល់ខួបលើកទី៤១ឆ្នាំ នៃថ្ងៃដែល ខ្ញុំសម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវ ទឹកភ្នែករាប់ម៉ឺន រាប់សែនដំណក់ នៅពេលដែលខ្ញុំឈានជើងចេញ ពីមាតុភូមិចោលប្រជាជនកម្ពុជា ដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយាដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។ ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយ ដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតសព្វថ្ងៃនេះ»។
ជាមួយគ្នានេះ ដើម្បីរំលឹកដល់ខួប៤១ឆ្នាំ នៃការតស៊ូ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៨) សម្តេចតេជោ ហ៊ុន សែន បានរៀបចំចម្រៀងមួយបទ មានចំណងជើងថា (ដើមទុនជីវិត) ទុកសម្រាប់ការស្តាប់ និងស្វែងយល់របស់បងប្អូនជនរួមជាតិ៖