(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «MoEYSAppScan» ប្រើបច្ចេកវិទ្យា AR (Augmented Reality) សម្រាប់សិស្សស្វែងយល់ ពីបាតុភូតផ្សេងៗ តាមសៀវភៅពុម្ភរបស់ក្រសួង ជាមួយវីដេអូពន្យល់ពីបាតុភូត សម្រាប់មុខវិជ្ជាដំបូងមាន រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។

កម្មវិធី MoEYS AppScan ក៏មានដាក់បញ្ចូលកម្មវិធីធ្វើពង្រឹងសមត្ថភាព និងតេស្តសាកល្បងសមត្ថភាព សម្រាប់សិស្សថ្នាក់ទី១២ លើមុខវិជ្ជាចំនួន៥ រួមមាន៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា ដែលអនុញ្ញាតឲ្យប្អូនៗ សិស្សានុសិស្សអាចវាស់ស្ទង់សមត្ថភាពដោយខ្លួនឯង សម្រាប់ការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខ។

លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រោយពីទទួលបានការគាំទ្រ និងប្រើប្រាស់យ៉ាងច្រើនពីសិស្សដែលបានប្រលងបសញ្ញាប្រមធ្យមសិក្សាទុតិយភូមិឆ្នាំកន្លងទៅ ចំពោះការប្រើប្រាស់ការប្រព័ន្ធពង្រឹងសមត្ថភាព និងតេស្តសមត្ថភាពសិស្សថ្នាក់ទី១២រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យបន្តស្វែងរកបច្ចេកវិទ្យាថ្មីៗទៀតដើម្បីជួយសម្រួលដល់ការសិក្សា និងជាពិសេសសម្រាប់សិស្សដែលត្រូវត្រៀមប្រលងសញ្ញាប្រមធ្យមសិក្សាទុតិយភូមិ។ កម្មវិធីនេះជាមធ្យោបាយបន្ថែមសម្រាប់ជាជំនួយដល់ការស្វែងយល់ និងស្វ័យសិក្សារបស់សិស្ស ដែលមានមូលដ្ឋានពីការសិក្សាជាមួយគ្រូ។ ម្យ៉ាងទៀត កម្មវិធីនេះជាចំណែកមួយនៃការផ្សាភ្ជាប់ការសិក្សាទៅនឹងកំណើននៃប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងបរិបទថ្មីនៃបដិវត្តន៍ឧស្សាហកម្មទី៤។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បន្ថែមថា ជាបឋមកម្មវិធីស្កេនសៀវភៅមានចំនួន៣០វីដេអូមេរៀន ដែលមួយមុខវិជ្ជាមានចំនួន១០វីដេអូមេរៀន រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។ ប្រព័ន្ធតេស្តសមត្ថភាព និងពង្រឹងសមត្ថភាពសិស្សថ្នាក់ទី១២លើមុខវិជ្ជាចំនួន៥ រួមមាន៖ គណិតវិទ្យាមាន ២១៤លំហាត់, គីមីវិទ្យា មាន ៣៥៧លំហាត់, ជីវវិទ្យា មាន២៦៥លំហាត់, រូបវិទ្យា មាន៩៥លំហាត់ និងប្រវត្តិវិទ្យា មាន១៣៨សំនួរ។ កម្មវិធី MoEYSAppScan នេះអាចទាញយកបានពី Play StoreApp Store ដូច Link ខាងក្រោម៖

App Store: https://itunes.apple.com/us/app/moeys-app-scan/id1399826019

Play Store: https://play.google.com/store/apps/details?id=asia.wikischool.appscan