(ភ្នំពេញ​)៖ ពលរដ្ឋ​២៩២គ្រួសារ​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​លើរឿងទំនាស់ដីធ្លី​ ហើយ​បាន​សុំ​ការ​អន្តរាគមន៍​ពី​លោក​ទេសរដ្ឋមន្រ្តី​ ជា​ សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ជា​ពិសេស​សម្តេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា។

ក្រុម​ប្រជាពលរដ្ឋជាង១០០នាក់​ មកជួបជុំគ្នានៅក្បែរក្រសួងដែនដីនគរូបនីយកម្ម និង សំណង់ ដើម្បីស្នើសុំលោក ជា សុផារ៉ា រកយុត្តិធម៌ពិត​ប្រាកដ​ជូនពួកគាត់​ ខណៈពួកគាត់​ អះអាង​ថា ដីចំនួន៤៥០ហិកតានៃប្រជាជនសរុប២៩២គ្រួសារ ត្រូវបានក្រុមហ៊ុន ហេង អភិវឌ្ឍន៍ រំលោភយក និងថែមទាំង​បាន​បាញ់ពលរដ្ឋ​ឱ្យ​របួសថែមទៀតផង។

ក្រុមពលរដ្ឋបានមកជួបជុំគ្នា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ជាមួយបដា​ និងការប្រកាសស្រែកសុំ​យុត្តិធម៌​ ពិតប្រាកដ​សម្រាប់​ពួកគាត់។

តំណាងប្រជាពលរដ្ឋគឺ​ លោក អ៉ី វណ្ណា និងលោក សែន សកុណា​ បាននិយាយថា ពួកគាត់មកស្នើសុំការ​អន្តរាគមន៍​នេះ មិនមែនជាលើកទី១ទេ គឺ​លើក​ទី​៤ហើយ។ ហើយការមកស្នើសុំរបស់ពួកគាត់នាពេលនេះ គឺមិនមែនក្នុងន័យនយោបាយជិតបោះ​ឆ្នោត​មកកូរ និងរុញស្ថានការណ៍​ឱ្យ​រញ៉េរញ៉ៃនោះទេ ពោលគឺពួកគាត់សុទ្ធតែជាអ្នកគាំទ្រ​សម្តេច​តេជោ ហ៊ុន សែន យ៉ាងពិតប្រាកដ។

តំណាងពលរដ្ឋដដែលនិយាយថា ដីរបស់ពួកគាត់ដែលមាន​បញ្ហានោះ ស្ថិតនៅ៣តំបន់ ទី១៖ភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ត​កណ្ដាល​។
ទី២៖ភូមិអំពៅព្រៃ ឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្ត​កណ្ដាល​។ ទី៣៖ភូមិទួលតាម៉ក់ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្ត​កណ្ដាល​៕