(ភ្នំពេញ)៖ ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ កាន់ខិតជិតចូលមកដល់នោះ, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើឲ្យគណបក្សនយោបាយទាំងអស់ ធ្វើខ្លួនឲ្យដូចជាពាណិជ្ជករ ពោលប្រឹងប្រែងផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួន មិនត្រូវបង្អាប់គោលនយោបាយរបស់បក្សគេនោះទេ។
ការស្នើរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន៣,២៣៣នាក់ ដែលក្នុងនោះមាននារី ១,៥០៨នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យអ្នកនយោបាយនានាតាំងខ្លួនជាអ្នកលក់ទំនិញ ឃោសនាតែពីទំនិញល្អៗ របស់ខ្លួនបានហើយ កុំបង្អាប់ទំនិញអ្នកដ៏ទៃ ព្រោះអ្នកនឹងបង្កើតរឿងជាមួយអ្នកដ៏ទៃហើយ [...] យកល្អយើងលើកតែពីគោលនយោបាយរបស់យើងបានហើយ កុំបង្អាប់អ្នកដ៏ទៃ។ ខ្ញុំចង់ឲ្យបណ្ដាបក្សនយោបាយទាំងអស់ ក្លាយទៅជាអ្នកឃោសនាពាណិជ្ជកម្មទំនិញ»។
ជាមួយគ្នានេះ សម្តេចប្រមុខនៃរាជរដ្ឋាភិបាល បានថ្លែងឆ្លើយតបទៅនឹងអ្នកគាំទ្រគណបក្សមួយ ដែលបានចូល Comment នៅក្នុង Facebook របស់សម្តេចកាលពីយប់មិញថា ថ្នាក់ដឹកនាំគណបក្សមួយ (ដែលសម្តេចមិនទម្លាយឈ្មោះ) គឺរដ្ឋាភិបាលរបស់សម្តេចទេ ជាអ្នកបញ្ជូនទៅរៀននៅអាល្លឺម៉ង់។
ការលើកឡើងបែបនេះរបស់ សម្តេចតេជោ ហ៊ុន សែន ក៏ដោយសារមានអ្នកគាំទ្រគណបក្សមួយនោះ ចូលទៅធ្វើការប្រៀបធៀបគោលនយោបាយ របស់គណបក្សខ្លួន ជាមួយបក្សប្រជាជនកម្ពុជា នៅលើទំព័រ Facebook របស់សម្តេច។ បើតាមសម្តេច មេដឹកនាំបក្សមួយនោះ ធ្លាប់បានផ្ញើសារអរគុណសម្តេច ដែលបានប្រឹងប្រែងរំដោះ ជីវិតរបស់ពួកគេ និងបានបញ្ជូនពួកគេឲ្យទៅសិក្សារហូតបានបណ្ឌិតនៅប្រទេសអាល្លឺម៉ង់។
សូមជម្រាបថា ដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលកំណត់ដោយគ.ជ.ប នោះនឹងមានរយៈពេល២០ថ្ងៃ ដោយចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ខណៈដែលការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕