(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ប្រកាសរក្សាជំហរបណ្ដេញបុគ្គលិកទាំង៣២នាក់ ដែលមានតួនាទីជាសន្ដិសុខ ចេញពីការងារដដែល ដោយមិនបានផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗអ្វីទាំងអស់ ខណៈដែលបុគ្គលិកម្នាក់ៗ បម្រើការងារមិនតិចជាង១០ឆ្នាំនោះទេ ពោលអ្នកខ្លះធ្វើការរហូតដល់ ជាង២០ឆ្នាំឯណោះ។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ អតីតបុគ្គលិកស្ថានទូតអាមេរិក បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញនេះ ស្ថានទូតអាមេរិកបានកោះហៅពួកគាត់ទាំង៣២នាក់ ទៅសួរនាំសារជាថ្មី បន្ទាប់ពីពួកគាត់បានដាក់ញ្ញត្តិជាលើកទី២ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ ដើម្បីទាមទារឲ្យស្ថានទូតពិនិត្យ និងដោះស្រាយបញ្ហាបណ្ដេញពួកគាត់ចេញពីការងារឡើងវិញ។
អតីតបុគ្គលិកស្ថានទូតអាមេរិក លោក ឡុង សេងគឹមហុង បានថ្លែងយ៉ាងដូច្នេះថា «ពេលដែលខ្ញុំទៅជួបម្សិលមិញនៅស្ថានទូតហ្នឹង លោក ហ្គារី អ៉ាន់ឌ័រសុន គាត់បាននិយាយច្បាស់ៗថា រឿងហ្នឹង (បណ្ដេញចេញពីការងារ) មិនអាចសើរើឡើងវិញទេ អ្វីដែលបានសម្រេចគឺទុកជាបានការ។ ប៉ុន្ដែអ្វីដែលយើងបានតវ៉ា ចង់ឲ្យស្ថានទូតអាមេរិកបង្ហាញរូបភាព ដែលបានដាក់បន្ទុកមកលើយើងទាំង៣២នាក់ ប៉ុន្ដែគាត់បានថា រឿងហ្នឹងផុតអស់ហើយ»។
ទោះជាយ៉ាងណា អតីតសន្ដិសុខស្ថានទូតអាមេរិកទាំង៣២នាក់ នៅតែអះអាងថា ហេតុផលដែលស្ថានទូតអាមេរិកបណ្ដេញពួកគាត់ចេញពីការងារនោះ ពួកគាត់មិនអាចទទួលយកបាននោះទេ ពោលគ្រាន់តែរូបភាពមួយសន្លឹក ដែលគ្មានប្រភពច្បាស់លាស់ ស្ថានទូតមិនអាចយកមកធ្វើជាលេស ឬភ័ស្ដុតាងដាក់បន្ទុកបានឡើយ។
ពួកគាត់ទាំង៣២នាក់ នៅតែរក្សាជំហរដដែលថា កាលដែលស្ថានទូតអាមេរិកបណ្ដេញពួកគាត់ចេញពីការងារ គឺជាការរៀបចំឡើយដោយស្ថានទូតសុទ្ធសាធ មិនមែនកំហុសឆ្គងអ្វីនោះទេ ហើយអ្វីដែលកាន់តែមិនអាចទៅរួចទៀតនោះ ត្រង់ស្ថានទូតចោទថា ពួកគាត់ទាំង៣២នាក់ មានកំហុសដូចៗគ្នាទាំងអស់។ ពួកគាត់ បញ្ជាក់ថា ប្រសិនបើមិនចង់ឲ្យពួកគាត់ចោទថា ស្ថានទូតអាមេរិកជាអ្នករៀបចំគម្រោងទេនោះ សូមបង្ហាញភ័ស្ដុតាងជូនពួកគាត់មក។
លោក ឡុង សេងគឹមហុង ក៏បានបង្ហាញនូវការហួសចិត្តថា សហរដ្ឋអាមេរិក ដែលអះអាងថា ជាប្រទេសគោរពច្បាប់ជាងគេលើពិភពលោកនោះ មិនគួរណាធ្វើបែបនេះ ដាក់ពួកគាត់ទាំង៣២នាក់ឡើយ ព្រោះពួកគាត់យកអស់កម្លាំងកាយចិត្ត ស្ទើរពាក់កណ្ដាលជីវិតទៅហើយ ទៅបម្រើអាមេរិក ដោយមិនខ្លាចនឿយហត់ ប៉ុន្ដែចុងក្រោយពួកគាត់ទទួលបានលទ្ធផលយ៉ាងអយុត្តិធម៌ជាទីបំផុត។
សូមជម្រាបថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ អតីតបុគ្គលិកជាង២០នាក់ ក្នុងចំណោម៣២នាក់ ដែលបម្រើការងារក្នុងស្ថានទូតអាមេរិកចាប់ពី ៥ឆ្នាំ ដល់ជាង២០ឆ្នាំ បាននាំគ្នាតវ៉ានៅមុខស្ថានទូតអាមេរិក លើផ្លូវលេខ៩៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីឲ្យស្ថានទូតប្រទេសមហាប្រជាធិបតេយ្យមួយនេះ ដោះស្រាយរឿងបណ្តេញពួកគាត់ចេញពីការងារ ដោយគ្មានមូលហេតុច្បាស់លាស់ និងគ្មានភស្តុតាងត្រឹមត្រូវ។
បើតាមអតីតបុគ្គលិកទាំងនោះ បានអះអាងថា ការបណ្តេញពួកគាត់ចេញនេះ ស្ថានទូតអាមេរិកលើកយកមូលហេតុមួយ គឺចោទប្រកាន់ពួកគាត់ថា ចែកចាយរូបថតអាសអាភាស ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស។ ប៉ុន្តែពួកគាត់អះអាងថា មូលហេតុនេះមិនសមរម្យនោះទេ គឺរូបថតនោះ បង្ហោះក្នុង Group Messager ឯកជនហើយក៏មិនដឹងថា ចេញមកពីណាផងដែរ។
អតីតបុគ្គលិករបស់អាមេរិកទាំងនេះ បានបញ្ជាក់ថា ពួកគាត់ធ្លាប់បានដាក់ញតិ្តរួចហើយទៅក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រសួងការបរទេសដើម្បីឲ្យជួយដោះស្រាយ និងផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់៕