(ភ្នំពេញ)៖ ថ្លែងពីលើវេទិការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកនេះ បានប្រកាសអនុញ្ញាតឱ្យនិស្សិតបានឈប់សម្រាក ចំនួន៣ថ្ងៃ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ជាមួយគ្នានេះសម្តេចសង្ឃឹមថា រថយន្តឈ្នួល នឹងមិនឡើងថ្លៃនោះទេ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន៣,២៣៣នាក់ ដែលក្នុងនោះមាននារី ១,៥០៨នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ក្នុងចំណោមនិស្សិតរបស់យើងផងដែរ មិនដឹងថាអ្នកណាទៅឆ្ងាយអ្នកណាទៅជិតអញ្ចឹងទេឱ្យទៅ៣ថ្ងៃតែម្តងទៅ អាហ្នឹងឆាប់ចប់រឿង និងមិនឈឺក្បាលទៀត ហើយសង្ឃឹមថាឡាននឹងមិនឡើងថ្លៃនោះទេសម្រាប់ ពេលដែលកម្មករ កម្មការិនី ក៏ដូចជានិស្សិតរបស់យើងទៅបោះឆ្នោតនៅតាមមូលដ្ឋាន»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្រាប់កម្មករ-កម្មការិនី នៅក្នុងវិស័យកាត់ដេរទាំងអស់ ក៏ត្រូវបានផ្តល់ឱកាសឱ្យឈប់ សម្រាកចំនួន៣ថ្ងៃ ដូចនិស្សិតនៅតាមសាកលវិទ្យាល័យនានាផងដែរ ដើម្បីសម្រួលដល់ការលំបាករបស់កម្មករ-កម្មការិនី ផងដែរ។ សម្តេចសង្ឃឹមថា ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យនានា ត្រូវជូនដំណឹងអំពីពេលវេលា នៃការបោះឆ្នោតឱ្យនិស្សិត ដែលបានចុះឈ្មោះនៅតាមមូលដ្ឋានរៀងៗខ្លួន ឱ្យបានទៅបោះឆ្នោតគ្រប់ៗគ្នា ផងដែរ។
ទទ្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលដែលកម្ពុជា កំពុងតែរៀបចំដំណើរបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងរហូតដល់២០គណបក្ស ស្រាប់តែមានជនអគតិមួយចំនួនតូច ប្រសិទ្ធនាមថា កម្ពុជា ជាអ្នកបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យទៅវិញ។ ត្រង់ចំណុចនេះ សម្តេចចង់សួរថា តើអ្នកបំផ្លាញការបោះឆ្នោតនៅពេលនេះ ជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យ ឬក៏អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ គួរឱ្យចង់សើច?
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា ហើយក៏សូមសួរទៅកាន់ជនបរទេសមួយចំនួនថា អ្នកបានគាំទ្រមនុស្សមួយក្រុមតូច ដែលបាត់បង់នូសិទ្ធិ ដោយសារតែកំហុស ដែលខ្លួនបានកសាងអំពើក្បត់ជាតិ នៅពេលដែលមានការបោះឆ្នោតមួយដែលមានគណបក្សចំនួន២០ តើអ្នកគាំទ្រ ឱ្យ២០គណបក្សបោះឆ្នោត ឬក៏អ្នកគាំទ្រឱ្យមួយគណបក្ស ដែលកំពុងតែអំពាវនាវមិនឱ្យពើរដ្ឋទៅចូលរួមបោះឆ្នោតនៅកម្ពុជា នេះជាចំណុចដែលអ្នកឯងត្រូវមើលឃើញ នូវកំហុសដែលខ្លួនបានប្រព្រឹត្តនូវទង្វើក្បត់ជាតិ រួមស្រែកថាកម្ពុជា កំពុងតែបំផ្លាញលទ្ធិប្រជាធិបតេយ្យ ដែលមានគណបក្សចូលរួមយ៉ាងច្រើនទៅវិញ៕