(ភ្នំពេញ)៖ អតីតបុគ្គលិកស្ថានទូតអាមេរិក នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ពួកគាត់កំពុងតែរង់ចាំការកោះហៅពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីចូលទៅបំភ្លឺ និងដោះស្រាយរឿងស្ថានទូតប្រទេសមហាអំណាចនៅរាជធានីភ្នំពេញ បញ្ឈប់ពួកគាត់ទាំង៣២នាក់ ចេញពីការងារដោយគ្មានភ័ស្ដុតាង។

តាមរយៈបទសម្ភាសន៍ជាមួយអង្គភាព Fresh News លោក ឡុង សេងគឹមហុង តំណាងអតីតបុគ្គលិកស្ថានទូតទាំង៣២នាក់ បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវនេះពួកខ្ញុំទាំង៣២នាក់ មិនទាន់ថាត្រូវទៅណាបន្ដទៀតនៅឡើយទេ ព្រោះថាពួកគាត់កំពុងរង់ចាំក្រសួងការងារ ទំនាក់ទំនងមកដើម្បីចូលទៅបំភ្លឺ និងដោះស្រាយ ប៉ុន្ដែខ្ញុំមិនទាន់ដឹងថាខាងក្រសួងទាក់ទងមកនៅថ្ងៃណានោះទេ»

ទោះជាយ៉ាងណា លោក ឡុង សេងគឹមហុង បានបង្ហាញនូវក្ដឹរំពឹងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា នឹងរកដំណោះស្រាយ​ និងរកភាពយុត្តិធម៌ជូនពួកគាត់ដែលជាជនជាតិខ្មែរ​ ក្រោយស្ថានទូតប្រទេសមហាគោរពច្បាប់ មហាលទ្ធិប្រជាធិបតេយ្យ បណ្ដេញពួកគាត់ចេញពីការងារ ដោយគ្មានផ្ដល់នូវអត្ថប្រយោជន៍អ្វីទាំងអស់។

​អតីតបុគ្គលិកស្ថានទូតអាមេរិក​ទាំង៣២នាក់ ក៏បន្ដស្នើសុំយ៉ាងទទូចដល់ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដើម្បីឲ្យសម្ដេចអន្ដរាគមន៍លើករណីនេះ ហើយពួកគាតមានជំនឿថា សម្ដេចនឹងមិន​មើលរំលងការទទូចស្នើសុំរបស់ពួកគាត់នោះទេ។

សូមរំលឹកថា កាលនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨​កន្លងទៅ​ អតីតបុគ្គលិកជាង២០នាក់ ក្នុងចំណោម៣២នាក់ ដែលបម្រើការងារក្នុងស្ថានទូតអាមេរិកចាប់ពី ៥ឆ្នាំ ដល់​ជាង២០ឆ្នាំ បាននាំគ្នាតវ៉ានៅមុខស្ថានទូតអាមេរិក លើផ្លូវលេខ៩៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីឲ្យស្ថានទូតប្រទេសមហាប្រជាធិបតេយ្យមួយនេះ ដោះស្រាយរឿងបណ្តេញពួកគាត់ចេញពីការងារ ដោយគ្មានមូលហេតុច្បាស់លាស់ និងគ្មានភស្តុតាងត្រឹមត្រូវ។

បើតាមអតីតបុគ្គលិកទាំងនោះ បានអះអាងថា ការបណ្តេញពួកគាត់ចេញនេះ ស្ថានទូតអាមេរិកលើកយកមូលហេតុមួយ គឺចោទប្រកាន់ពួកគាត់ថា ចែកចាយរូបថតអាសអាភាស ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស។ ប៉ុន្តែពួកគាត់អះអាងថា មូលហេតុនេះមិនសមរម្យនោះទេ គឺរូបថតនោះ បង្ហោះក្នុង Group Messager ឯកជនហើយក៏មិនដឹងថា ចេញមកពីណាផងដែរ៕