(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានបន្តចាត់ទុកបំណុលរបស់សហរដ្ឋអាមេរិក ដែលកម្ពុជា បានខ្ចីកាលពីសម័យលន់ នល់ ធ្វើរដ្ឋប្រហារនោះគឺជាបំណុលកខ្វក់មួយ ដែលបង្ខំឱ្យកម្ពុជាទិញគ្រាប់បែកអាមេរិក មកទម្លាក់លើក្បាលប្រជាពលរដ្ឋខ្មែរ បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសរាប់មិនអស់។ នឹកឃើញរឿងនេះម្តងៗ សម្តេចបញ្ជាក់ថា វាជារឿងឈឺចាប់បំផុតសម្រាប់ពលរដ្ឋកម្ពុជាគ្រប់គ្នា។
ការរំលឹកអំពីបំណុលរបស់សហរដ្ឋអាមេរិកនេះ បានធ្វើឡើង នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសសម្តេចតជោ ហ៊ុន សែន អញ្ជើពា្ញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ចំណតកំពង់ផែពហុបំណង ស្ថិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានតម្លៃប្រមាណ៧៤លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រឿងដែលគួរឱ្យឈឺចាប់ មានចំណុចខ្លះលំបាកណាស់ មកដល់ពេលនេះ ត្រូវគេបង្ខំគេទិញគ្រាប់បែកទម្លាក់លើក្បាលយើងហើយ គេទាមទារឱ្យយើងសងលុយគេទៀត ចរចាមិនទាន់ត្រូវគ្នានៅឡើយទេ ឥឡូវគេចេះតែបន្តគិតការប្រាក់តទៅទៀត»។
សហរដ្ឋអាមេរិក បានគាំទ្រ និងផ្តល់ប្រាក់កម្ចីដល់របបលន់ នល់ ដែលបានធ្វើរដ្ឋប្រហារខុសច្បាប់ទម្លាក់ សម្តេចនរោត្តម សីហនុ ចេញពីតំណែងកាលពីឆ្នាំ១៩៧០។ ឯកសារមួយចំនួន បានបង្ហាញថា ប្រាក់កម្ចីនោះមានប្រមាណ២៧០លានដុល្លារប៉ុណ្ណោះ ប៉ុន្តែបើបូកសរុបទាំងការប្រាក់ទាំងដើមផង មកដល់ពេលបច្ចុប្បន្ន ប្រាក់កម្ចីនេះបានកើនដល់ជាង ៦០០លានដុល្លារហើយ។
នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ធ្លាប់បានស្នើឱ្យសហរដ្ឋអាមេរិក ពិចារណានៅក្នុងការបង្វែបំណុលទាំងនេះ មកជាប្រាក់ជំនួយ ដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជាផងដែរ ដោយសារតែការធ្វើរដ្ឋប្រហាររបស់លន់ នល់ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅក្នុងប្រទេសកម្ពុជា បានបង្កជាសង្រ្គាមវិនាសកម្ម ហើយយន្តហោះអាមេរិក ទម្លាក់គ្រាប់បែករាប់លាន់គ្រាប់ សម្លាប់ពលរដ្ឋកម្ពុជាស្លាប់ និងរបួសជាច្រើននាក់។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សហរដ្ឋអាមេរិក បានចេញមុខច្រានចោលនូវសំណើនេះ។
ដោយលើកឡើងអំពីការច្រានចោលរបស់សហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «គេមិនបានពន្យល់អំពីបញ្ហានេះទេ គេបានលើកថាគេពិបាក ក្នុងការពន្យល់សភារបស់គេ ប៉ុន្តែអត់មិនបាន ខ្ញុំព្រះករុណាខ្ញុំ ក៏បានបញ្ជាក់ទៅគេវិញ ប្រាប់ថា នែ៎ ! ខ្ញុំទេជាអ្នកពិបាកពន្យល់ដល់សភា ព្រោះអ្នកឯងត្រូវយល់ថា ព្រះមហាក្សត្របច្ចុប្បន្ននេះ គឺជាព្រះរាជបុត្ររបស់ព្រះមហាក្សត្រមុន ដែលពួកអ្នកឯងបានធ្វើរដ្ឋប្រហារទម្លាក់ អញ្ចឹងតើឱ្យខ្ញុំ ដោះស្រាយជាមួយព្រះរាជបុត្ររបស់ព្រះអង្គ យ៉ាងដូចម្តេច? ព្រោះដោយសារតែរដ្ឋប្រហារ ដែលអ្នកឯងទម្លាក់នោះហើយ បានបង្កើតជារដ្ឋាភិបាលមិនស្របច្បាប់មួយ ទៅខ្ចីលុយរបស់អាមេរិក ហើយរឿងនេះខ្ញុំព្រះករុណាខ្ញុំ និយាយជាមួយ បារ៉ាក់ អូបាម៉ាតែម្តង»។
សម្តេចបានបន្តទៀតថា៖ «បំណុលដែលលន់ នល់ ខ្ចីអាមេរិក បានយកទៅប្រើលើអ្វី បន្សល់នូវអ្វី អាចចាត់ទុកថាជាបំណុលកខ្វក់បំផុត។ ខ្ញុំបានប្រើពាក្យ ក្នុងកិច្ចប្រជុំ អាស៊ានអាមេរិក ប្រើពាក្យជាមួយ ដូណាល់ ត្រាំ ថាបំណុលនេះ ប្រៀបដូចជាយកញញួរ មកវាយខ្ញុំហើយ ឱ្យខ្ញុំសងថ្លៃញញួរទៀត»។
បើតាមរបាយការណ៍របស់ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា សហអាមេរិក បានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ មានចំនួន២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកម្ទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែពលរដ្ឋខែ្មរជាង ៥០០,០០០នាក់ ត្រូវបានស្លាប់ដោយគ្រាប់បែកទាំងនេះ ក្នុងនោះក៏មានភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែងរងការខូចខាត។
គ្រាប់បែកគីមីដែលជាមរតករបស់អាមេរិក ក៏បានបន្តគំរាមកំហែងចំពោះអាយុជីវិតរបស់ពលរដ្ឋខ្មែរកន្លងមក និងបច្ចុប្បន្នផងដែរ។ គ្រាប់បែកគីមីច្រើនគ្រាប់ ត្រូវបានរកឃើញនៅខេត្តស្វាយរៀង និងខេត្តមួយចំនួនទៀតដូចជា ខេត្តមណ្ឌលគិរី និងត្បូងឃ្មុំ។ ប្រជាពលរដ្ឋជាងច្រើនរយនាក់ត្រូវបានរកឃើញថា បានរងផលប៉ះពាល់បញ្ហាសុខភាព ដោយសារគ្រាប់បែកនេះ ដែលទាមទារមានការដោះស្រាយបន្ទាន់៕