(ព្រះសីហនុ)៖ ជាមួយគ្នានឹងការសម្ពោធដាក់ឱ្យប្រើប្រាស់នូវកំពង់ផែថ្មីនៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកនេះ បានរំលឹកថ្លែងអំណរព្រះគុណដល់អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានសាងសង់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុមួយនេះ និងផ្លូវដែក តភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ក្រុងព្រះសីហនុ។
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅនៅថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ កំពុងផែពហុបំណង ស្ថិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានតម្លៃប្រមាណ៧៤លានដុល្លារអាមេរិក។
សម្តេតេតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ដំបូងយើងត្រូវតែថ្លែងអំណរគុណទៅដល់ព្រះវិញ្ញាណខន្ធរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទព្រះ នរោត្តម សីហនុ ដែលពេលនោះព្រះអង្គបានខិតខំកសាងកំពង់ផែទឹកជ្រៅនៅកំពង់ផែយើងមួយនេះ ជាមួយនឹងផ្លូវដែក តភ្ជាប់ពីទីក្រុងភ្នំពេញ មកកាន់កំពង់ផែទឹកជ្រៅ គឺកំពង់ផែក្រុងព្រះសីហនុនេះ ដែលបានបច្ចុប្បន្ននេះ គឺខេត្តមួយនេះក្លាយទៅជាខេត្តដែលដាក់នាមរបស់ព្រះបរមរតនកោដ្ឋ គឺខេត្តព្រះសីហនុ និងក្រុងព្រះសីហនុ របស់យើងនេះ»។
សម្តេចតេជោ បានមានប្រសាសន៍បន្តថា ប្រសិនបើមិនមានបព្រះហស្ថរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅក្នុងទសវត្សឆ្នាំ១៩៦០ទេនោះ។ ដូច្នេះបច្ចុប្បន្ននេះកម្ពុជា ប្រហែលមិនប្រាកដជាកំពង់ផែមួយនេះ ដើម្បីដោះស្រាយនូវបញ្ហាបន្តបន្ទាប់ ក្រោយពីប្រទេសជាតិរបស់យើង បានរួចចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត នោះទេ។
ទទ្ទឹមនឹងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះកំពង់ផែមួយនេះ ដែលត្រូវបានអាក់ខានដំណើរការ របស់ខ្លួនទៅវិញ ក្រោយថ្ងៃរដ្ឋប្រហារ១៨ មីនា ឆ្នាំ១៩៧០ ដោយសារសង្គ្រាមបានកើតឡើង ពេលនោះទាំងកំពង់ផែ ត្រូវបានប្រើប្រាស់ក្នុងកំរិតណាមួយទៅវិញ ហើយផ្លូវរថភ្លើង ក៏ត្រូវបានកាត់ផ្តាច់ជាបន្តបន្ទាប់ផងដែរ។
សម្តេចបានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់សង្គ្រាមស៊ីវិល រាជរដ្ឋាភិបាលកម្ពុជា បានខិតខំពង្រឹងសមត្ថភាពរបស់កំពង់ផែមួយនេះឱ្យដំណើរការ ក៏ប៉ុន្តែមិនទាន់បានធ្វើអ្វីឱ្យធំដុំនោះទេ គ្រាន់តែជាកំពង់ផែមួយដែលទទួលយកជំនួយពីបរទេស និងមានការចរាចរ ដឹកចេញតិចតួចណាស់ នូវទំនិញចេញពីប្រទេសកម្ពុជារបស់យើង៕