(ញូយ៉ក)៖ សហរដ្ឋអាមេរិក បានជាប់ឈ្មោះជាលើកដំបូង នៅក្នុងចំណោមប្រទេសមានគ្រោះថ្នាក់ទាំង ១០ សម្រាប់ស្ត្រី ខណៈឥណ្ឌាជាប់លេខមួយ។ នេះបើតាម មូលនិធិ ថមសុន រ៉យទ័រ (Thomson Reuters Foundation) ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។
Thomson Reuters Foundation ផ្អែកលើការសាកសួរអ្នកជំនាញ ៥៤៨នាក់ ពាក់ព័ន្ធនឹងបញ្ហាស្ត្រីបានរកឃើញថា តើមានប្រទេសណាខ្លះដែល ពួកគេចាត់ទុកថា ជាប្រទេសមានគ្រោះថ្នាក់បំផុតសម្រាប់ស្ត្រី។ ម្យ៉ាងវិញទៀត ការចាត់ថ្នាក់នេះទៀតសោត គឺធ្វើឡើងដោយផ្អែកលើ បញ្ហាវិស័យសុខាភិបាល ការរើសអើង ប្រពៃណីវប្បធម៌ ហិង្សាផ្លូវភេទ ហិង្សាមិនមែនផ្លូវភេទ និងការជួញដូរមនុស្ស ដោយក្នុងនោះ «សហរដ្ឋអាមេរិកបានទទួលជ័យលាភីលេខ ៣ ខាងប្រទេសមានគ្រោះថ្នាក់បំផុត ទាក់ទិននឹងហិង្សាផ្លូវភេទ និងជាប់ ៦ ខាងហិង្សា មិនមែនផ្លូវភេទ រួមមានដូចជា អំពើហិង្សាក្នុងគ្រួសារ រូបរាងកាយ និងផ្លូវចិត្តជាដើម»។
បន្ថែមពីលើនេះ បើតាម Thomson Reuters Foundation សហរដ្ឋអាមេរិក គឺជាប្រទេសលោកលិចតែមួយគត់ ដែលជាប់ឈ្មោះនៅក្នុង ចំណោមប្រទេសមានគ្រោះថ្នាក់ទាំង ១០ សម្រាប់ស្ត្រី ខណៈឥណ្ឌាជាប់លេខមួយ តាមពីក្រោយដោយ អាហ្វហ្គានីស្ថាន ស៊ីរី សូម៉ាលី អារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ យ៉េមែន និងនីហ្សេរីយ៉ា។
គួរបញ្ជាក់ថា ការសិក្សារបស់ Thomson Reuters Foundation ធ្វើឡើងបន្ទាប់ពីមានយុទ្ធនាការ #MeToo ប្រឆាំនឹងការរំលោភ បំពានផ្លូវភេទនៅក្នុងសហរដ្ឋអាមេរិក កាលពីខែតុលា ឆ្នាំ២០១៧ ក្រោយផលិតករភាពយន្ដហូលីវូត លោក Harvey Weinstein ត្រូវបានស្ត្រីច្រើនជាង ៧០នាក់ បានចោទលោកថា បានបៀតបៀនផ្លូវភេទមកលើពួកនាង៕