(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ខាងស្អែកនេះ គឺដល់ថ្ងៃដែលក្រុមហ៊ុនប្រេងឥន្ធនៈទាំងអស់ ត្រូវបញ្ចុះតម្លៃ១៦០រៀលក្នុង១លីត្រ ហើយហាមនិយាយថា មិនទាន់ទទួលបានបទបញ្ជាឲ្យសោះ។
ថ្លែងរំលឹកយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ ដែលត្រូវចំណោយប្រមាណ២២លានដុល្លារអាមេរិក ដើម្បីសម្រួលដល់ការធ្វើចរាចរប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា «សូមរំលឹកដល់ក្រុមហ៊ុននានា និងក្រសួងពាណិជ្ជកម្ម ក៏ដូចជាផ្នែកពាក់ព័ន្ធទាំងអស់ សូមកុំភ្លេចថា ថ្ងៃនេះថ្ងៃទី២៩ ខែមិថុនាហើយ ស្អែកថ្ងៃ៣០ ថ្ងៃខានស្អែក គឺថ្ងៃទី១ ខែកក្កដា គឺជាថ្ងៃតម្លៃប្រេងទាំងអស់ នៅតាមស្ថានីយត្រូវចុះថ្លៃ១៦០រៀល...ត្រូវចាត់ចែងឲ្យច្បាប់ នេះ ជាការគិតគូររបស់រាជរដ្ឋាភិបាល ដែលត្រូវសហការជាមួយវិស័យឯកជន។ ខាងផ្នែករាជរដ្ឋាភិបាលត្រូវបង់ថ្លៃក្នុងរង្វង់៣០លានដុល្លារ ដើម្បីទម្លាក់ថ្លៃប្រេងក្នុងមួយលីត្រ២សេនដុល្លារ ស្មើនឹង៨០រៀល ឯវិស័យឯកជនត្រូវចុះតម្លៃ២សេនដូចគ្នា ដើម្បីផ្តល់ផលប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់ប្រេងឥន្ធនៈ»។
សម្តេចតេជោ ហ៊ុន សែន ថ្លែងទៀតថា «ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ត្រូវចំថ្ងៃអាទិត្យ សុំហាងសាំងនានា កុំនិយាយថា មិនទាន់បានទទួលបទបញ្ជា...ក្រសួងពាណិជ្ជកម្មត្រូវតាមមើលទាំងអស់ អាជ្ញាធរដែនដីដែលមានហាងសាំងនៅគ្រប់ទីកន្លែងត្រូវមើលទាំងអស់ ដើម្បីការពារការខាតបង់ដែលរដ្ឋ និងវិស័យឯកជន ខំផ្តល់ជួនប្រជាពលរដ្ឋ ប៉ុន្តែបែរជាមិនបានទៅវិញ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងការ វិធានការណ៍បញ្ចុះតម្លៃសាំងនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជីវភាពរបស់ប្រជាជនដើម្បីឲ្យពួកគាត់កាន់តែមានជីវភាពធូរធា។
សម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗកន្លងមកនេះធ្លាប់បានថ្លែងថា គ្រាន់តែរយៈពេល៥ខែ ដើមឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាល បានធ្វើការឧបត្ថម្ភទុនដោយស្ងាត់ស្ងៀម សម្រាប់រក្សានូវថ្លៃប្រេងនៅកម្ពុជាកុំឱ្យឡើង ដោយឲបញ្ចេញថវិកាជិត ៨៣លានដុល្លារអាមេរិក ប៉ុន្តែវិធានការនេះមិនគ្រប់គ្រាន់ទេ ពោលគឺត្រូវមានវិធានការបន្ថែមទៀត ដូចជា ទី១. កំណត់មូលដ្ឋាននៃការគិតពន្ធប្រេង ដោយធៀបទៅនឹងតម្លៃទីផ្សារអន្តរជាតិ និងទី២. បញ្ចុះអាត្រាអាករពិសេសចំពោះប្រេងសាំងពី ៣៥% មក ១៥% ប្រេងម៉ាស៊ូតពី ១៥% មក ៥.៥% និងប្រេងកាតពី ១៥% មក ១០%។ សម្ដេចបន្តថា តាមរយៈវិធានការនេះ រដ្ឋនឹងត្រូវខាតបង់ថវិកាក្នុងមួយឆ្នាំ ៣០លានដុល្លារអាមេរិកបន្ថែមទៀត ជាមួយនឹងការឧបត្ថម្ភទុនដោយស្ងាត់ស្ងៀម៕