(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងនូវការអបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន តំណាងឲ្យអាស៊ីទាំងមូលឆ្ពោះទៅវគ្គ១៦ក្រុម ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី បើទោះបីជាចាញ់ប៉ូឡូញ ១-០ យប់មិញនេះក៏ដោយ ស្របពេលកូឡុំប៊ី យកឈ្នះសេណេហ្គាល់ ១-០ បញ្ចប់វគ្គសន្សំពិន្ទុនៃពូល H។
ការថ្លែងគាំទ្របែបនេះត្រូវបានធ្វើឡើងក្នុងឱកាសសម្តេចចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលជាស្ពានអាកាសទី៦ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សូមចូលរួមអបអរជាមួយជប៉ុនផងដែលបានឈានចូលវគ្គ ១៦ក្រុម ទោះបី ទាត់ចាញ់ប៉ូឡូញក៏ដោយ តែទាស់ត្រង់ថា កូឡុំប៊ី ស៊ីសេណេហ្គាល់ ១-០ ដែលធ្វើឲ្យពិន្ទុរវាងជប៉ុន និងសេណេហ្គាល់ស្មើគ្នាធេង តែដោយសារជប៉ុន ទទួលបានកាតលឿង៤ តិចជាងសេណេហ្គាល់ ដែលបានកាតលឿង៥ ដោយយកតាមប្រព័ន្ធក្រុមណាលេងមានកំហុសតិចជាង ជាអ្នកឡើង»។
ទន្ទឹមគ្នានោះ សម្តេចក៏បានគូសបញ្ជាក់ដែរថា ក្នុងខណៈដែលជប៉ុនត្រូវការត្រឹមស្មើជាមួយប៉ូឡូញ តែបែរជាចាញ់ត្រឹម ១-០ ក៏មានឱកាសឡើងដដែល តែលទ្ធផលជាក់ស្តែង សេណេហ្គាល់ ចាញ់កូឡុំប៊ី ១-០ ទៅវិញទេ ធ្វើឲ្យធ្វើក្រុមមកពីអាហ្រ្វិកមួយនេះត្រូវត្រឡប់ទៅផ្ទះវិញ ស្របពេលជប៉ុន និងកូឡុំប៊ីដឹកដៃ គ្នាឡើងទៅវគ្គបន្ត។
សូមបញ្ជាក់ផងដែរថា ជប៉ុនជាក្រុមតែ១គត់ដែលបានឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល ក្នុងចំណោម៥ក្រុមតំណាងឲ្យទ្វីបអាស៊ី ហើយក៏ជាការកែប្រែមុខមាត់ថ្មីផងដែរក្នុង World Cup 2018 លើកទី២១ នៅប្រទេសរុស្ស៊ី ក្រោយ World Cup 2014 នៅប្រេស៊ីល សាម៉ូរៃជប៉ុន ជ្រុះត្រឹមវគ្គចែកពូល៕