(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាឲ្យសមត្ថកិច្ចដំឡើងប្រព័ន្ធតាមដានការធ្វើសកម្មភាពនានា តាមបណ្តាញទំនាក់ទំនងសង្គម Facebook ដើម្បីទប់ស្កាត់ឲ្យបាននូវអំពើបំផ្លិចបំផ្លាញជាតិ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពី សម្តេចទទួលបានព័ត៌មានមកថា មានក្រុមមួយចំនួនដែលនិយមបទេស ហើយមាននិន្នាការប្រឆាំងការបោះឆ្នោត និងរាជរដ្ឋាភិបាល បាននិងកំពុងមានឧបាយកល រៀបចំផែនការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Facebook ដើម្បីបំពុលព័ត៌មានក្នុងសង្គម មិនឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាសផ្សារដីហុយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យុទ្ធនាការ Facebook ត្រូវដំឡើងម៉ាស៊ីនទាំងអស់ ដើម្បីចាប់យក Location (ទីតាំង) ទាំងអស់ ដើម្បីដឹងថា ពួកគេបង្ហោះចេញពីកន្លែងណា? ចាប់ទាំងអស់ ព្រោះយើងមានមធ្យោបាយដើម្បីធ្វើរឿងនេះ។ អ្នកឯងលេងតាម Facebook យើងបញ្ចេញនូវម៉ាស៊ីនចាប់ចំណុច ដែលបង្ហោះចេញ វាអត់ទៅណារួចទេ សុំប្រាប់អ្នកឯង ទៅមធ្យោបាយមានគ្រប់ ហើយក៏សុំផ្តាំទៅអ្នកឯងថា ផែនការ ២៣កក្កដានេះ ក៏សុំបញ្ឈប់ទៅ កុំធ្វើឲ្យសោះ គឺជាផែនការគ្រោះថ្នាក់ យើងបានគ្រប់គ្រងរួចស្រេចទៅហើយ»។
សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ម៉ាស៊ីនដែលដំឡើងដោយសមត្ថកិច្ច ដើម្បីចាប់ទីតាំងអ្នកបង្ហោះតាម Facebook គឺមានភាពសុក្រឹតខ្ពស់ ហើយទីតាំងលំអៀងតែបន្តិចបន្តួចប៉ុណ្ណោះ ត្រឹមជាង២ម៉ែត្រកន្លះតែប៉ុណ្ណោះ ព្រោះសម្តេចបានសាកល្បងរួចរាល់អស់ហើយ។
ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកទង្វើដែលសម្តេចធ្វើនេះ ដើម្បីទប់ស្កាត់នូវការបំផ្លាញជាតិ និងដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ពីការប៉ុនប៉ងធ្វើឲ្យកម្ពុជាធ្លាក់ ទៅកាន់ភាពអន្តរាយដូចអតីតកាល ពីសំណាក់ក្រុមមួយចំនួន។ សម្តេចក៏បានអំពាវនាវជាថ្មី ដល់ប្រជាពលរដ្ឋ សូមបន្តថែរក្សាសន្តិភាព ព្រោះពេលនេះ សន្តិភាពមានហើយ ការអភិវឌ្ឍកំពុងបាញ់ឆ្ពោះទៅមុខជាជំហានហើយ ដូច្នេះមិនត្រូវឲ្យបាត់បង់ទៅវិញនោះទេ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងខ្លាំងៗថា មិនឱនក្បាលចំពោះជនបរទេស នាំឲ្យមានការបំផ្លេចបំផ្លាញជាតិនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សន្តិភាពមានក្នុងដៃហើយ ការអភិវឌ្ឍជាជំហានៗមានក្នុងដៃហើយ តើគួរឲ្យវាបាត់ត្រឡប់ទៅវិញទេ? មិនត្រូវឲ្យមានការបាត់បង់ណាមួយទេ ទោះបីដោយតម្លៃណាក៏ដោយត្រូវហ៊ានបង់ថ្លៃ ជនជាតិកម្ពុជាមិនត្រូវឱនក្បាល ឲ្យបរទេសគៀបសង្កត់នោះទេ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីបន្តសន្តិភាព និងការអភិវឌ្ឍបន្តជម្រើសដែលល្អបំផុត គឺមានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០៕