(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រសួងមហាផ្ទៃ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើករណីរៀបចំផែនការ បំផុសបំផុលញុះញង់ថា ទឹកខ្មៅជ្រលក់ដៃ ធ្វើឱ្យពលរដ្ឋស្លាប់ បន្ទាប់ពីបោះឆ្នោតរួច ក្នុងរយៈពេល ២៤ម៉ោង។
ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បញ្ជា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ចាត់វិធានការលើក្រុមមួយ ដែលបានប្រជុំគ្នាសម្ងាត់ នាថ្មីៗនេះ ដើម្បីរៀបចំផែនការទុច្ចរិត បំភ័យប្រជាពលរដ្ឋ កុំឱ្យទៅបោះឆ្នោត ដោយពួកគេមានគម្រោងខ្សឹបពីមាត់មួយទៅមាត់មួយថា ទឹកខ្មៅជ្រលក់ដៃ មានជាតិពិសធ្វើឱ្យអ្នកទៅបោះឆ្នោត ដែលជ្រលក់ម្រាមដៃហើយ ត្រូវស្លាប់ នៅរយៈពេល ២៤ម៉ោងក្រោយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្រសួងមហាផ្ទៃ អនុវត្តជានិច្ចនូវបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយបញ្ជាក់ទៀតថា ក្រសួងមហាផ្ទៃ ជាក្រសួងមានសមត្ថកិច្ច កំពុងតែយកចិត្តទុកដាក់តាមដាន អំពីការរៀបចំផែនការទុច្ចរិតរឿងទឹកខ្មៅនេះ។
ពាក់ព័ន្ធនឹងករណីបំភ្លៃព័ត៌មានអំពីទឹកខ្មៅនេះ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត ក៏បានបញ្ជាក់តាមបណ្តាញសង្គម Facebook ផ្លូវការរបស់លោកថា ក្រសួងគាំទ្រ និងចូលរួមសហការជានិច្ចជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស៊ើបអង្កេត ចាត់វិធានការចំពោះក្រុមទុច្ចរិត ដែលធ្វើសកម្មភាពល្មើសច្បាប់ ក្នុងគោលដៅបំផ្លាញដល់ ដំណើរការបោះឆ្នោតនៅកម្ពុជា ខាងមុខនេះ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ការរៀបចំផែនការ បំផុសព័ត៌មានអវិជ្ជមានញុះញង់ថា ទឹកខ្មៅពលរដ្ឋជ្រលក់ដៃ នៅថ្ងៃបោះឆ្នោត ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ នឹងធ្វើឱ្យអ្នកបោះឆ្នោតបាត់បង់ជីវិត នៅ២៤ម៉ោង ក្រោយពេលជ្រលក់ដៃនោះ គឺជាការញុះញង់ដែលបំពានច្បាប់ និង គោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលមិនអាចអត់ឱនបានឡើយ»។ លោកបង្ហាញការជឿជាក់ថា លទ្ធផលនឹងបង្ហាញចេញ ក្នុងពេលឆាប់ៗខាងមុខ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាសផ្សារដីហ៊ុយ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានលាតត្រដាងអំពីព័ត៌មានដែលសម្តេចទទួលបានថា មានក្រុមមួយបានរៀបចំកិច្ចប្រជុំជាសម្ងាត់ ដើម្បីបំភ្លៃថា ទឹកខ្មៅរបស់គ.ជ.ប សម្លាប់អ្នកបោះឆ្នោតក្នុងរយៈពេល២៤ម៉ោង ដើម្បីបំផិតបំភ័យកុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត។ សម្តេចបានចាត់ទុកផែនការនេះ ជាអំពើល្មើសច្បាប់ធ្ងន់ធ្ងរ ធ្វើឡើងដើម្បីបំផ្លាញការបោះឆ្នោត និងបំភ្លៃដល់ប្រជាពលរដ្ឋ ដែលត្រូវចាត់វិធានការជាបន្ទាន់ មិនត្រូវលើកលែងឡើយ។
សម្តេចតេជោ បានអះអាងទៀតថា ក្រុមរៀបចំផែនការថ្មីនេះ គឺជាក្រុមដដែល ដែលបានប្រឌិតព័ត៌មាន កាលពីការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ កាលពី៥ឆ្នាំមុនថា ទឹកខ្មៅជ្រលក់ដៃ អាចលប់ជ្រះ ធ្វើឱ្យមានអ្នកបោះឆ្នោតច្រើនដង៕