(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Hu Zhengyue អនុប្រធានសមាគមការទូតសាធារណៈ និងជាអតីតអនុរដ្ឋមន្រ្តីការបរទេសចិន បានវាយតំលៃខ្ពស់ដោយការរីករាយពេញចិត្តចំពោះការវិវឌ្ឍដ៏ល្អប្រសើរ ក្នុងទំនាក់ទំនងមិត្តភាព និង «កិច្ចសហ-ប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងកម្ពុជា-ចិន និងការរៀបចំសកម្មភាពជាច្រើន ដើម្បីអបអរខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ការវាយតំលៃនេះត្រូវបានលើកឡើង នៅក្នុងជំនួបសម្តែងការគួរសម នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ របស់លោក Hu Zhengyue នៅក្នុងឱកាសទស្សនកិច្ចនៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃទស្សនកិច្ចផ្លូវការនៅកម្ពុជា របស់លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ដើម្បីអបអរសាទរដល់ខួបលើកទី៦០នេះ និងជាសញ្ញាមួយដ៏សំខាន់នៃការគាំទ្ររបស់ចិនចំពោះដំណើរការអភិវឌ្ឍ ហើយនិងការបោះឆ្នោតនៅកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។
លោក Hu Zhengyue បានជម្រាបជូនលោកទេសរដ្ឋមន្រ្តីអំពីជំហររបស់រដ្ឋាភិបាលចិន គាំទ្រយ៉ាងពេញលេញដល់ដំណើរការបោះឆ្នោតនៅកម្ពុជា និងបានសំដែងការកោតសរសើរចំពោះការរីកចំរើន ពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលរាជរដ្ឋាភិបាលកម្ពុជាសំរេចបាន។ លោកបានលើកឡើងពីបំណងរបស់លោក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្ស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកអនុប្រធានសមាគមការទូតសាធារណៈ ក៏បានវាយតំលៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់កម្ពុជា នៅក្នុងការលើកស្ទួយទំនាក់ទំនងអាស៊ាន-ចិន និងទំនាក់ទំនងរវាងបណ្តាប្រទេសមេគង្គជាមួយចិន តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនគណៈប្រតិភូថារាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពសំខាន់លើការរក្សាការពារសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហើយលោកក៏បានវាយតំលៃខ្ពស់ការគាំទ្ររបស់ចិន ចំពោះការចាត់វិធានការតាមផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ដែលសំដៅការពារឯករាជ្យ និងអធិបតេយ្យភាពរបស់ប្រទេសជាតិ។
លោកទេសរដ្ឋមន្រ្តីក៏បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្តល់ជំនួយឧបត្ថម្ភជាច្រើន របស់រដ្ឋាភិបាលចិន និងបានវាយតំលៃខ្ពស់ ចំពោះការចូលរួមដ៏សកម្មរបស់ចិន តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍កម្ពុជា។ លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីបំណងចង់ឲ្យមានកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាមួយវិទ្យាស្ថានការទូតរបស់ចិន៕