(កណ្តាល)៖ ថ្លែងចេញពីទឹកដីខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកនេះបានលើកឡើងថា មិនមែនទាល់ តែសហជីពដឹកនាំហែរក្បួន ទើបហៅថាសេរីភាព ឯករាជ្យកម្មករនោះទេ កុំភាន់ច្រឡំ, រីឯសហជីពដែលបានយកលុយពីបរទេសត្រូវគិតគូរ ដល់សុខទុក្ខរបស់កម្មករ-កម្មការិនីផង។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៧,៤២៧នាក់ មកពីរោងចក្រចំនួន១៨ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ហើយសូមឱ្យសហជីពទាំងឡាយយកចិត្តទុកដាក់ មិនមែនទាល់ដែលដឹកនាំធ្វើបាតុកម្ម បានហៅថាសហជីពសេរី សហជីពឯករាជ្យទេ [....] អ្នកខ្លះភាន់ច្រឡំហើយ ប៉ុន្តែនិយាយឱ្យពិតទៅ យើងពិនិត្យមើលថ្ងៃ១ ឧសភា តើមានមនុស្សហែរក្បួនប៉ុន្មាននាក់ ដើម្បីដាក់ញ្ញាតិ្ត និងមានមនុស្សប៉ុន្មាននាក់ ដែលបានលេងសប្បាយនៅតាមរោងចក្រ?»។
សម្តេចតេជោបានបន្តថា កន្លងមកថ្មីៗនេះ មានបាតុភាពនៅតាមទីកន្លែងខ្លះ ឧទាហរណ៍កម្មករ នៅក្នុងរោងចក្រមួយមានចំនួន១ពាន់នាក់ បាននាំធ្វើកូដកម្មមានគ្នាតែ២០នាក់ ប៉ុណ្ណោះ បែរជាទៅរារាំងមិនឱ្យកម្មករចំនួន៩៨០នាក់ផ្សេងទៀត មិនឱ្យចូលធ្វើការទៅវិញ។ ការធ្វើកូដកម្មជាសិទ្ធិរបស់អ្នកទាំង២០នាក់ ក៏ប៉ុន្តែអ្នកទាំងនោះត្រូវតែគោរពដល់សិទ្ធិរបស់កម្មករចំនួន៩៨០នាក់ផ្សេងទៀត ដែលពួកគាត់ចង់ធ្វើការ នឹងមិនត្រូវធ្វើជាជើងកាងមករារាំងដល់សិទ្ធិអ្នកផ្សេងនោះទេ។
ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមទៀតថា «ដូច្នេះបើយើងគិតពីអត្រាភាគរយវិញ វាមិនបាន១ភាគរយទេ នៃចំនួនអ្នកដែលហែរក្បួនមនុស្ស៥០០ ទៅ៦០០នាក់ ឬ១០០០ ទៅ២០០០នាក់ ប្រៀបធៀបទៅកម្មករ-កម្មការិនី រាប់លាននាក់វាតិចណាស់ ប៉ុន្តែគេក៏បានឱ្យពូដឹងដែរថា បើសិនមិនហែរក្បួនទេ ម្ចាស់លុយនៅក្រៅប្រទេស គេឱ្យលុយសហជីពហ្នឹងទេ [....] ប៉ុន្តែខ្ញុំផ្តាំទៅទាំងម្ចាស់លុយ ក៏សូមយល់ថា មិនមែនទាល់តែហែរក្បួន ទើបហៅថាសេរីភាពកម្មករទេ ហើយក៏សូមផ្តាំទៅអ្នកដែលទទួលលុយពីបរទេសដែលមកធ្វើសហជីព មិនមែនទាល់តែ ហែរក្បួន បានហៅថាសេរី ហើយគេឱ្យលុយនោះទេ ត្រូវគិតទៅដល់សុខទុក្ខរបស់កម្មកររបស់យើង»។
សម្តេចតេជោ បានបន្តថា ដូច្នេះកម្មករ-កម្មការិនីទាំង ត្រូវខិតខំធ្វើយ៉ាងម៉េចឱ្យក្លាយទៅជាសហគមន៍ ដ៏សុខសាន្តនៅតាមរោងចក្រ ទាំងនេះត្រូវយកចិត្តទុកដាក់រួមគ្នា ហើយគ្មានជោគជ័យណាមួយដែលខ្វះការចូលរួមនោះទេ។ ដូចជារោងចក្រមួយ ទទួលបានជោគជ័យលុះត្រា តែថៅកែរោងចក្រ ដែលជាអ្នកវិនិយោគការងារឱ្យមានសម្រាប់កម្មករ កម្មការិនី ហើយក្មួយៗដែលជាកម្មករ-កម្មការិនី ខិតខំធ្វើការល្អទទួលបានអត្ថប្រយោជន៍ដល់ថៅកែរោងចក្រ ដើម្បីយកទៅចែករំលែករបស់កម្មករ-កម្មការិនី តាមរយៈនៃការបង្កើនប្រាក់បៀរវត្ស និងអត្ថប្រយោជន៍ដទៃទៀតផងដែរ ហើយអ្វីៗទាំងនេះ សង្ឃឹមថានឹងបានជ្រួតជ្រាបដល់ថៅកែរោងចក្រ កម្មករ-កម្មការិនី និងសហជីពមួយចំនួនផងដែរ។
ជាមួយគ្នានេះនាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយភាពរបស់កម្ពុជា ក៏បានអំពាវនាវឱ្យក្មួយៗកម្មករ-កម្មការិនី នាំគ្នាខិតខំធ្វើឱ្យរោងចក្រក្លាយ ជាសហគមន៍មួយដ៏សុខសាន្តផងដែរ។ ការធ្វើដូច្នេះ យើងនឹងបង្កើតបានជាទីកន្លែងមួយដែលមានសុវត្ថិភាពការងារមួយ ដ៏ល្អសម្រាប់ពួកយើងទាំងអស់គ្នា ដោយសារតែនៅរោងចក្រ និងសហគមន៍គ្មានបងតូច បងធំ ជាពិសេសត្រូវគោរពសិទ្ធិគ្នាទៅវិញទៅមកផងដែរ៕