(កណ្តាល)៖ ថ្លែងចេញពីទឹកដីខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកនេះ បន្តអំពាវនាវដល់អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ត្រូវខិតខំរក្សាបរិយាកាស អព្យាក្រឹត ដើម្បីធានាដល់ដំណើរការបោះឆ្នោតប្រកបដោយភាពយុត្តិធម៌ និងតម្លាភាព។
ប្រមុខរាជរដ្ឋាភិបានកម្ពុជា បានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-ម្មការិនី សរុប ២៧,៥២៩នាក់ មកពីរោងចក្រចំនួន២៥ នៅក្នុងខេត្តកណ្តាល។
នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ពូសុំយកឱកាសនេះ អំពាវនាវសារជាថ្មីម្តងទៀត ទៅកាន់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យខិតខំរក្សានូវបរិយាកាសនយោបាយ អព្យាក្រឹត ដើម្បីធានាទៅដល់ការបោះឆ្នោតមួយ ដែលសេរី យុត្តិធម៌ និងត្រឹមត្រូវ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា គ្រប់បណ្តាលស្ថាប័នរបស់រដ្ឋ និងមន្ត្រីរាជការដែលធ្វើការនៅក្នុងស្ថាប័នរដ្ឋទាំងអស់ ដែលបានឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រ ដែលបានចូលរួមនៅក្នុងយុទ្ធនាការ នៃការឃោសនាបោះឆ្នោត គឺមិនត្រូវប្រើប្រាស់នូវទ្រព្យសម្បិត្តិរបស់រដ្ឋ ថវិការបស់រដ្ឋ ឬមធ្យោបាយនានារបស់រដ្ឋ ដើម្បីធ្វើយុទ្ធនាការឃោសនារកសំលេងឆ្នោតនោះទេ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា ចំពោះបញ្ហានេះ ត្រូវធ្វើឱ្យមានភាពប្រាកដប្រជា ដើម្បីធានាថាមធ្យោបាយរបស់រដ្ឋមិនត្រូវបាន ប្រើប្រាស់ដោយបក្សនយោបាយនោះទេជាមួយគ្នានេះ បក្សនតនយោបាយដទៃគ្មានលទ្ធភាពទេ គឺមានតែគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ។ ដូច្នេះ មិនត្រូវប្រើប្រាស់ឡានដែលមានស្លាកលេខរបស់រដ្ឋ ឬស្លាកលេខរថយន្តរបស់នគរបាល ឬស្លាកលេខរថយន្តរបស់យោធា ទៅធ្វើយុទ្ធនាការបោះឆ្នោតនោះទេ គឺមិនត្រូវឱ្យប្រើប្រាស់ជាដាច់ខាត។ រីឯសាំងក៏ត្រូវតែចាក់សាំងផ្ទាល់ខ្លួន មិនត្រូវចាក់សាំងរបស់រដ្ឋនោះទេ គឺត្រូវធ្វើយ៉ាងម៉េចធានាឱ្យបានចំពោះរឿងនេះ ដើម្បីធ្វើយ៉ាងម៉េចគ្រប់គ្រងមធ្យោបាយរបស់រដ្ឋ មិនត្រូវប្រើប្រាស់ដោយបក្សណាមួយជាពិសេស គឺគណបក្សកាន់អំណាចតែម្តង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចទាំងអស់ត្រូវតែអព្យាក្រឹត នៅក្នុងដំណាក់កាលនោះការពារឱ្យខានតែបានចំពោះគ្រប់គណបក្សដែលចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ គឺត្រូវតែការពារឱ្យដូចៗគ្នា។ ឧទាហរណ៍ការហែរក្បួនរបស់បក្សនយោបាយ ឬការជួបជុំគ្នារបស់បក្សនយោបាយត្រូវបង្កលក្ខណៈ ឱ្យមានភាពងាយស្រួលកន្លែងណាដែលបក្សមួយធ្វើបានបក្សដទៃ ក៏អាចធ្វើបានដូចគ្នា និងធ្វើយ៉ាងម៉េចសម្រួលបរិយាកាសទាំងអស់នេះ ដើម្បីឱ្យការប្រកួតប្រជែងដោយស្មើរភាពចំពោះមុខប្រជាពលរដ្ឋរបស់យើងផងដែរ។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវជួលម៉ោងផ្សព្វផ្សាយ ទៅដល់គណបក្សនយោបាយទាំងអស់ ជាមួយតម្លៃដូចៗគ្នា ខណៈដែលគណបក្សប្រជាជនកម្ពុជាបានជួលគ្រប់ទូរទស្សន៍អស់ហើយ ដើម្បីផ្សព្វផ្សាយក្នុងពេលយុទ្ធនា ការឃោសនារកសំឡេងឆ្នោត។ សម្តេចតេជោបន្ថែមថា សម្រាប់ទូរទស្សន៍ជាតិ គឹត្រូវផ្តល់ម៉ោងស្មើៗគ្នាដល់គ្រប់គណបក្សនយោបាយទាំងអស់ ក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត៕