(កណ្ដាល)៖ ដើម្បីធានាដល់ការបោះឆ្នោត ប្រកបដោយអព្យាក្រឹត​, សេរី និងយុត្តិធម៌ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវ​ដល់មន្រ្ដីរាជការទាំងអស់ ហាមមិនឲ្យប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ទៅធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនោះឡើយ។

ការលើកឡើងបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនាឱកាសដែលសម្ដេច អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៧,៥២៩នាក់ មកពីរោងចក្រចំនួន២៥នៅក្នុងខេត្តកណ្តាល។

សម្ដេចតេជោ បានលើកឡើងថា «ខ្ញុំសូមអំពាវនាវសាជាថ្មីម្ដងទៀត ទៅកាន់អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ឲ្យខិតខំរក្សានូវបរិយាកាសនយោបាយអព្យាក្រឹត ដើម្បីធានាទៅដល់ការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ បណ្ដាលស្ថាប័នរដ្ឋ អ្នកធ្វើការរដ្ឋទាំងអស់ដែលឈរ​ជាតំណាងរាស្រ្ដ ឬចូលទៅក្នុងយុទ្ធនាការនៃការបោះឆ្នោត មិនត្រូវប្រើប្រាស់ទ្រព្យសម្បត្តិ និងថវិការបស់រដ្ឋ ឬមធ្យោបាយរបស់រដ្ឋ ធ្វើយុទ្ធនាការ
បោះឆ្នោតឡើយ។ បញ្ហានេះត្រូវធ្វើឲ្យប្រាកដប្រជា ក្នុងន័យធានាថា មធ្យោបាយរបស់រដ្ឋ មិនត្រូវបានប្រើប្រាស់ដោយបក្សនយោបាយ
ឡើយ»

សម្ដេចបានថ្លែងបន្ដទៀតថា គ្មានគណបក្សណាមានលទ្ធភាព ក្រៅពីគណបក្សប្រជាជនកម្ពុជាឡើយ ដូច្នេះមិនត្រូវប្រើប្រាស់ឡានមានស្លាក់សញ្ញា
របស់រដ្ឋ ឬស្លាកសញ្ញានគរបាល, ស្លាករសញ្ញារបស់យោធា ទៅធ្វើយុទ្ធនាការបោះឆ្នោតនោះឡើយ, កុំប្រើប្រាស់ឲ្យសោះ សម្រាប់មធ្យោបាយធ្វើដំណើរ ដូចជាសាំង ក៏មិនត្រូវចាក់សាំងរដ្ឋឡើយ ត្រូវចាក់សាំងដោយខ្លួនឯង។ ទាំងនេះដើម្បីធានាថា មធ្យោបាយរបស់រដ្ឋ មិនត្រូវបានប្រើប្រាស់ ដោយគណបក្ស​ណាមួយទេ ពិសេសបក្សកាន់អំណាច។

សម្ដេចមានប្រសាសន៍បញ្ជាក់ទៀតថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធ ត្រូវតែអព្យាក្រឹត នៅក្នុងដំណាក់កាលនោះ ការពារឲ្យខានតែបានចំពោះ គ្រប់គណបក្សដែលចូលរួម ប្រកួតប្រជែងក្នុងការបោះឆ្នោត ត្រូវការពារឲ្យដូចៗគ្នា ហើយត្រូវខិតខំធ្វើយ៉ាងណាសម្រួលបរិយាកាសទាំងអស់នេះ ដើម្បឲ្យមានការប្រកួតប្រជែង ដោយស្មើភាពចំពោះមុខ ប្រជាពលរដ្ឋកម្ពុជា។

សម្តេចតេជោ ហ៊ុ​ន សែន ក៏បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវជួលម៉ោងផ្សព្វផ្សាយទៅដល់គណបក្សនយោបាយទាំងអស់ជាមួយតម្លៃដូចៗគ្នា ខណៈដែលគណបក្សប្រជាជនកម្ពុជាបានជួលគ្រប់ទូរទស្សន៍អស់ហើយ ដើម្បីផ្សព្វផ្សាយក្នុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត។

សម្តេចតេជោបន្ថែមថា សម្រាប់ទូរទស្សន៍ជាតិ គឹត្រូវផ្តល់ម៉ោងស្មើៗគ្នាដល់គ្រប់គណបក្សនយោបាយទាំងអស់ ក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត៕