(កណ្តាល)៖ ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកនេះបានមានប្រសាសន៍ ដាស់តឿនឱ្យក្មួយៗកម្មករ-កម្មការិនី បន្តរួមគ្នាទប់ស្កាត់កុំឱ្យមានការរីករាលដាលនៃជំងឺអេដស៍។
ប្រមុខរាជរដ្ឋាភិបានកម្ពុជា បានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៧,៥២៩នាក់ មកពីរោងចក្រចំនួន២៥ នៅក្នុងខេត្តកណ្តាល។
នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា៖ «កុំឱ្យជំងឺអេដស៍ រីករាលដាលនៅក្នុងប្រទេសយើង បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុក អីឡូវមានសញ្ញាណនៃការងើបឡើង ត្រូវខិតខំការពារធ្វើយ៉ាងម៉េចកុំឱ្យមានការកើតរីករាលដាល នៃជំងឺអេដស៍ ដែលវាជាមហន្តរាយមួយ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា កាលពីអតីតកាលប្រជាជនកម្ពុជាស្លាប់ដោយសារសង្គ្រាម និងបន្ទាប់មកគឺបានស្លាប់ដោយសារតែជំងឺអេដស៍ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ជំងឺអេដស៍ក៏បានថយចុះ ក៏ប៉ុន្តែបែរជាស្លាប់ដោយសារការគ្រោះថ្នាក់ចរាចរណ៍កាន់តែច្រើនទៅវិញ។ ជាមួយគ្នានេះសម្តេចក៏បានក្រឿនរំលឹកដល់អ្នកបើកបរ ទាំងឡាយត្រូវចេះយោគយល់គ្នាផងដែរ នៅពេលធ្វើដំណើរតាមដងផ្លូវ។
សម្តេចក៏បានអំពាវនាវឱ្យដល់កម្មករ-កម្មការិនី និងប្រជាពលរដ្ឋទាំងអស់រួមគ្នាដើម្បីរក្សាសន្តិភាព ថែរក្សានូវស្ថិរភាពនយោបាយ គឺដើម្បីថែរក្សាស្ថិរភាពការងារ និងស្ថិរភាពនៃប្រាក់ចំណូលដែលអ្នកទាំងអស់គ្នាកំពុងមានសព្វថ្ងៃនេះ។
ទទ្ទឹមនឹងនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ប់ដល់ក្មួយៗកម្មករ-កម្មការិនី ដែលធ្វើការនៅតាមបណ្តាលរោងចក្រទាំងអស់ មិនត្រូវនាំគ្នាបង្កើតឱ្យមានក្រុមបងធំ បងតូច និងការប្រើប្រាស់គ្រឿងញៀន នៅក្នុងរោងចក្រដែលធ្វើរោងចក្រមានភាពអនាធិបតេយ្យ និងធ្វើឱ្យសហគមន៍មួយមានភាពច្របកច្របល់ផងដែរ៕