(ភ្នំពេញ)៖ លោក សូត្រ សំណាង អគ្គលេខាធិការរង ទទួលបន្ទុកប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានបញ្ជាក់ថា នៅពេលខាងមុខនេះ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា គ្រោងនឹងប្រែក្លាយតំបន់អភិរក្សសត្វ និងព្រៃរបស់ខ្លួន ទៅជាតំបន់ទេសចរណ៍ដ៏ល្អមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរឲ្យចូលកំសាន្ត ជាងនេះទៅទៀតនោះ ក៏គ្រោងនឹងបើកការដ្ឋានចិញ្ចឹមគោយកទឹកដោះ និងសាច់ផងដែរ។
ការថ្លែងបញ្ជាក់របស់ សូត្រ សំណាង យ៉ាងដូច្នេះធ្វើឡើងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគារ Green Palace រាជធានីភ្នំពេញ នាឱកាសនៃការបិទបញ្ចប់សិក្ខាសាលាស្តីពី «ការសិក្សាបឋម ដើម្បីរៀបចំផែនការមេ ក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ដែលមានការចូលរួមពី គណៈប្រតិភូ KEI មកពីប្រទេសកូរ៉េ។
លោក សូត្រ សំណាង បានបញ្ជាក់យ៉ាងច្បាស់ថា «យើងត្រូវប្រែក្លាយទីនោះ ឲ្យទៅជាការងារកញ្ចប់ទេសចរណ៍ ដើម្បីអាចទាក់ទាញបងប្អូនប្រជាពលរដ្ឋ ដែលនៅជុំវិញតំបន់នោះ ចូលទៅសិក្សាស្វែងយល់ និងទស្សនាកំសាន្ត ហើយយើងនឹងបានផលមួយផ្នែក ទៀតទៅដល់សហគមនៅទីនោះ»។
លោកបន្ថែមទៀតថា ការបង្កើតធនធានធម្មជាតិ «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ឲ្យក្លាយទៅជាតំបន់ទេសចរដ៏ល្អមួយ ក៏ព្រោះតែមើលឃើញនៅចំណុចល្អជាច្រើន ជាពិសេសនោះនៅពេលដែល មានអ្នកទេសចរចូលទៅទស្សនានៅទីនោះ វាមានផលចំណេញច្រើន ព្រោះពួកគាត់ត្រូវការចំណាយច្រើន ជាពិសេសការហូបចុក ស្នាក់នៅសម្រាប់លំហែផ្សេងៗទៀត ហើយអ្វីកាន់តែពិសេសជាងនេះទៀតនោះ គឺបានទទួលជាច្រើនសម្រាប់សហគមនៅទីនោះយ៉ាងច្រើនទៀតផង។
សូមជម្រាបថា ឧទ្យានរាជបណ្ឌិត្យសភា តេជោសែន ឫស្សីត្រឹបនេះ មានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុងឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ និងបានបង្កើតឡើងដោយ ព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ហើយមានតំបន់ជីវចម្រុះ និងមានសក្ដានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាចបម្រើឱ្យមុខងារក្នុងវិស័យបិស្ថាន ព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍បានយ៉ាងប្រសើរ។
ក្រៅពីការកែច្នៃធនធានធម្មជាតិ «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ទៅជាតំបន់ទេសចរណ៍យ៉ាងល្អឯកមួយនោះ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា ក៏គ្រោងនឹងបើកការដ្ឋានចិញ្ចឹមគោយកទឹកដោះ និងសាច់ ដែលការច្នៃប្រឌិតដ៏ល្អមួយសម្រាប់ស្វែងរកអ្វីដែលថ្មី ។
លោកបញ្ជាក់ថា «ឧទ្យានរបស់យើងនេះ គឺយើងចង់ប្រែក្លាយទៅជា មជ្ឈមណ្ឌលទ្រឹស្តី ផ្សារភ្ជាប់និងការអភិវឌ្ឍ ហេតុដូច្នេះហើយទើបយើងមានផែនការ ដែលពាក់ព័ន្ធជាមួយនឹងាការជំរុញផលិតកម្មសត្វ ហើយក្រៅពីនោះយើងគ្រោងនឹងចិញ្ចឹមគោទឹកដោះ និងគោសាច់»។
សូមរម្លឹកផងដែរថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានកំណត់នូវចក្ខុវិស័យចំនួន៦ រួមមាន៖
១៖ ប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ទៅជាឧទ្យានសម្រាប់ការសិក្សាស្រាវជ្រាវ ដោយយកទ្រឹស្តីផ្សារភ្ជាប់ទៅនឹងការអនុវត្ត។
២៖ កសាងគម្របព្រៃឈើឡើងវិញ ដែលមានពូជឈើគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយប្រើរយៈពេល៦ឆ្នាំ ដាំឲ្យបាន១លានដើម។
៣៖ ប្រែក្លាយតំបន់នេះ ទៅជាតំបន់ទេសចរណ៍៣ប្រភេទ គឺ ទេសចរណ៍បរិស្ថាន ទេសចរណ៍វប្បធម៍ និងទេសចរណ៍សប្បនិម្មិត។
៤៖ ប្រែក្លាយតំបន់នេះ ទៅជាតំបន់កសាង ផលិតឯកសារ ដែលបានមកពីការសិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រ ដោយសរសេរជាសៀវភៅ និងផលិតវីដេអូ ដើម្បីផ្តល់ជាមេរៀន និងវិធីសាស្ត្រងាយៗ ជូនដល់ប្រជាកសិករយកទៅអនុវត្ត ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ខ្លួន និងដើម្បីរួមចំណែកធ្វើឲ្យកម្ពុជាក្លាយ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
៥៖ ប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ទៅជាសួនច្បាររបស់យើងទាំងអស់គ្នា និងពិភពលោក។
៦៖ រៀបចំឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ឲ្យទៅជាកន្លែងផ្តល់ការងារធ្វើជូនប្រជាជននៅតំបន់នេះ និងអ្នកស្រាវជ្រាវដែលមានទិសដៅដូចគ្នា៕