(ចិន)៖ ក្រុមហ៊ុនផលិតស្រាថ្លៃៗ ក្នុងប្រទេសចិន កំពុងបង្កើនតម្លៃស្រារបស់ខ្លួន ដោយសារថ្លៃផលិតកើនឡើង និងមានតម្រូវការច្រើនជាងមុន។
តាំងពីដើមឆ្នាំនេះមកម្ល៉េះ ដែលតម្លៃស្រាម៉ាកល្បីៗ បានចាប់ផ្ដើមឡើងថ្លៃដូចជា ម៉ាក ខ្វ័យឆូវ ម៉ូវថាយ (Kweichow Moutai) និង ម៉ាក អ៊ូលាំងយ័រ (Wuliangye) ដែលបានបង្កើនតម្លៃលក់រាយរបស់ខ្លួន។ ហើយចុងក្រោយនេះ ក្រុមហ៊ុនស្រា លូចូវ ឡាវជាំវ (Luzhou Laojiao) និងក្រុមហ៊ុន ជាំងស៊ូ យ៉ាងហ័រ ព្រូវ័ររី (Jiangsu Yanghe Brewery) ក៏បានដំឡើងតម្លៃស្រារបស់គេដែរ។
ទោះជាពេលខ្លះ តម្លៃស្រាឡើងថ្លៃជាងឆ្នាំមុន ដល់ទៅ៣០ភាគរយក៏ដោយ ក៏ប្រជាជននៅចិននៅតែទិញដដែល។
ពលរដ្ឋចិនម្នាក់ និយាយថា «ខ្ញុំគិតថាវាមិនជះឥទ្ធិពលធំដុំនោះទេ។ អ្នកដែលចង់ផឹកស្រាពេលញ៉ាំអាហារ ក៏មិនខ្វល់ពីរឿងឡើងថ្លៃនេះដែរ។ ដោយសារជីវភាពរស់នៅរបស់យើង កាន់តែប្រសើរឡើង តម្លៃចន្លោះពី៤៥ទៅ៦០ដុល្លារអាមេរិក គឺអាចទទួលយកបាន»។
លោក ជិន ឈីងសុង ប្រធានផ្នែកពាណិជ្ជកម្មអេឡិចត្រូនិកនៅក្រុមហ៊ុន Gjw.com ដែលផ្តល់សេវាលក់រាយស្រាតាមអនឡាញ បាននិយាយថា ទោះបីជាស្រាឡើងថ្លៃក៏ដោយ ក៏ក្រុមហ៊ុនរបស់លោក នៅតែមានអតិថិជនកុម្ម៉ង់ទិញស្រា កាន់តែច្រើនដដែល។
លោក ជិន ឈីងសុង និយាយថា «បើប្រៀបជាមួយឆ្នាំមុន ចំនួននៃការបញ្ជាទិញលើវែបសាយ Gjw.com បានកើនឡើង២០ភាគរយ។ ហើយប្រាក់ចំណូលពីការលក់របស់យើង បានកើនឡើងជិត៦០ភាគរយ។ មួយភាគធំនៃស្រាដែលយើងលក់បានឥឡូវនេះ គឺជាស្រាថ្លៃៗ»។
មូលហេតុធំដែលនាំឱ្យស្រាចិនឡើងថ្លៃ គឺដោយសារតែស្រា ដែលគេរក្សាទុកក្នុងស្តុក មានតិចជាងមុន និងដោយសារតែគេត្រូវចំណាយច្រើនជាងមុន សម្រាប់ទិញវត្ថុធាតុដើមយកមកផលិតស្រា។
លោក ស៊ូ ជិនហួរ អនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Jiuwanjia.com និយាយថា «ហេតុផលមួយដែលធ្វើឱ្យស្រាឡើងថ្លៃ គឺដោយសារតែវត្ថុធាតុដើមឡើងថ្លៃ។ វាមានដូចជាថ្លៃក្រដាស កែវ ឈើ គ្រាប់ធញ្ញជាតិ និងថ្លៃពលកម្ម»។
ក្រុមហ៊ុនផលិតស្រាថ្លៃៗ ក្នុងប្រទេសចិន បានដំឡើងតម្លៃស្រារបស់គេមែន តែក្រុមហ៊ុនស្រា ដែលមិនសូវល្បីវិញ មិនទាន់ហ៊ានធ្វើដូច្នេះទេ៕ (សារព័ត៌មាន CCTV របស់ចិន)