(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា (CPP) ទើបនឹងបានទទួលតួនាទីថ្មីមួយទៀត នៅលើឆាកអន្តរជាតិ ដោយក្លាយជា អនុប្រធាន គណៈកម្មាធិការប្រតិបត្តិ នៃអង្គការជាអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា នៅរសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ។
សេចក្តីប្រកាសរបស់ គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា «កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការជាអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ដែលបានប្រារព្ធធ្វើឡើង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅក្រុងប្រ៊ុយស៊ែល ប្រទេសប៊ែលហ្ស៊ិក បានអនុម័តជាឯកច្ឆ័ន្ធ ផ្តល់តួនាទីជូន គណបក្សប្រជាជនកម្ពុជា ជាអនុប្រធាន IDC-CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក»។
IDC-CDI ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦១ ដែលមានសមាជិកចំនួន៩៤ គណបក្សនយោបាយ អង្គការ ឬសមាគមនយោបាយមកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាហ្រ្វិក និងអាស៊ីប៉ាស៊ីហ្វិក ដែលគំនិត និងសកម្មភាពរបស់ខ្លួន តម្រង់ទិសដោយគោលការណ៍ ប្រជាធិបតេយ្យនិយមកណ្តាល និងមនុស្សនិយម។
សេចក្តីប្រកាសបានបញ្ជាក់ថា ជាងមួយទស្សវត្សមកហើយ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គណបក្សនេះបានប្រកាន់ខ្ជាប់នូវតម្លៃ ប្រជាធិបតេយ្យនិយមកណ្តាល និងបានក្លាយជាសមាជិកពេញសិទ្ធិនៃគ្រួសារ IDC-CDI នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៅក្រុងលីស្បុន (Lisbon) ប្រទេសព័រទុយហ្កាល់ នៅខែមេសា ឆ្នាំ២០១៦។
CPP ចាត់ទុកថា នេះជាការទទួលស្គាល់ កិច្ចប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរួមគ្នាជំរុញតម្លៃ និងគោលការណ៍រួម ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅលើពិភពលោក ដែលធ្វើឱ្យសង្គមនានា មានភាពយុត្តិធម៌ និងវិបុលភាពជាងមុន។ គណបក្សប្រជាជនកម្ពុជា ជឿជាក់ថា សន្តិភាព ស្ថិរភាព មិត្តភាព និងទំនួលខុសត្រូវ ជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍ ការបញ្ចៀសវប្បធម៌ហិង្សា និងទប់ស្កាត់អំពើជ្រុលនិយម ដើម្បីផ្តល់ភាពសុខដុមរមនាជូនដល់ប្រជាជនយើងទាំងអស់គ្នា។
ថ្លែងនៅក្នុងសន្និសីទកាសែត នារសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ការប្រកាន់នូវតួនាទីកណ្តាលនិយម បានអនុញ្ញាតឱ្យកម្ពុជា ប្រឆាំងទប់ទល់នឹងទស្សនៈជ្រុលនិយម ធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសមួយ ដែលមានតួនាទីក្នុងការសម្របសម្រួល គណបក្សនយោបាយទាំងឡាយ ដែលមាននិន្នាការខុសៗគ្នា ទាំងសេរីនិយម សេរីពហុបក្ស ទាំងគណបក្សដែលមានគំនិត និងទស្សនទាន សង្គមនិយម។
លោកបានបញ្ជាក់ទៀតថា មានតួនាទីមួយចំនួនទៀត ដែលគណបក្សប្រជាជនកម្ពុជា បានដឹកនាំនៅក្នុងតំបន់អាស៊ី រួមទាំងស្ថាប័នគណបក្សនយោបាយអាស៊ី ដែលហៅថា ICAPP គណបក្សប្រជាជនកម្ពុជា បានធ្វើជាអនុប្រធានទី២ បន្ទាប់ពីការធ្វើជាអនុប្រធានទី១ នៃអ្នកប្រជាធិបតេយ្យកណ្តាលអឺរ៉ុប គណបក្សប្រជាជនកម្ពុជា បានធ្វើជាអនុប្រធាន ក្នុងក្រុមគណបក្សនយោបាយអាស៊ី ដែលមាន៣៥២គណបក្ស តំណាងឱ្យ៥២ប្រទេស។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រង់ចំណុចនេះ យើងខ្ញុំចង់បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺមានមិត្តនៅលើពិភពលោក ហើយក៏មានមិត្តនៅក្នុងអាស៊ីទាំងមូល ហើយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការតភ្ជាប់ បណ្តានយោបាយ និងទស្សនវិជ្ជានយោបាយផ្សេងៗ»។ លោកបន្តថា «កម្ពុជា និងគណបក្សប្រជាជនកម្ពុជា មិនឯកោទេ ហើយយើងមានអន្តរជាតិមកពីគ្រប់ទិសទី ដើម្បីគាំទ្រនូវនយោបាយរបស់យើង និងសន្តិភាពរបស់យើង»៕