(ភ្នំពេញ)៖ បុព្វបុរសខ្មែរជំនាន់ដើមបានពួនជ្រុំគ្នាខិតខំជញ្ជូនថ្ម និងឥដ្ឋជាច្រើនកោដិដុំយកមកកសាងប្រាសាទរាប់ពាន់រាប់ម៉ឺនប្រាង្គ នៅពាសពេញដែនដីសុវណ្ណភូមិ ក៏ដូចជាខេមរាសីមា សម្រាប់ឧទ្ទិសថ្វាយព្រះអាទិទេពតាមជំនឿសាសនា ឬបុព្វការីជនរបស់ខ្លួន ក្រោមការផ្ដួចផ្ដើមពីអង្គព្រះមហាក្សត្រជាច្រើនជំនាន់ ហើយកេរតំណែលរតនសម្បត្តិទាំងនោះ បានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយជាអ្នកថែរក្សាបន្ត។
ក្រោមម្លប់នៃសន្តិភាពដ៏ត្រជាក់ត្រជុំនាប៉ុន្មានឆ្នាំចុងក្រោយនេះ កូនចៅខ្មែរជំនាន់ក្រោយមិនបានធ្វើឲ្យបុព្វបុរសខកបំណងនោះឡើយ ពោលក្រោមការដឹកនាំរបស់កូនខ្មែរដ៏អង់អាចមួយរូប នោះគឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កេរតំណែលប្រាង្គប្រាសាទត្រូវបានថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត។ មិនត្រឹមតែប៉ុណ្ណោះ កូនខ្មែរជំនាន់នេះ ថែមទាំងបានស្នើទៅអង្គការអន្តរជាតិដ៏ធំមួយ គឺអង្គការយូណេស្កូ សុំចុះបញ្ជីរតនប្រាសាទដ៏មានតម្លៃទាំងនេះ ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកថែមទៀតផង។
លទ្ធផលដែលទទួលបាន មិនធ្វើឲ្យបុព្វបុរសអស់សង្ឃឹមនោះឡើយ ពោលប្រាសាទមួយចំនួនត្រូវបានអង្គការយូណេស្កូ សម្រេចចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកជូនកម្ពុជា ក្នុងនោះរួមមាន៖ ប្រាសាទអង្គរវត្ត (ឈ្មោះដើមហៅថា ព្រះបរមវិស្ណុលោក) ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២, ប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ និងប្រាសាទសំបូរព្រៃគុក ជារាជធានីខ្មែរបុរាណសម័យចេនឡា មានឈ្មោះថា ឥសានបុរៈ (ទីក្រុងរបស់ព្រះឥសូរ ឬ ព្រះសិវៈ) ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។
ដើម្បីបំពេញបំណងរបស់បុព្វបុរស និងដើម្បីតបស្នងការលះបង់របស់បុព្វបុរសជំនាន់មុន សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលសម័យទំនើប បានប្រកាសយ៉ាងឱឡារឹកយក «ថ្ងៃទី១០ ខែកក្កដា រៀងរាល់ឆ្នាំ ជាទិវាចងចាំការដាក់បញ្ចូលប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក»។ កូនខ្មែរជំនាន់ក្រោយជឿជាក់ថា ព្រលឹងបុព្វបុរសប្រាកដជាពេញចិត្តចំពោះកូនខ្មែរជំនាន់ក្រោយ ដែលកំណត់យកថ្ងៃទី១០ ខែកក្កដា រៀងរាល់ឆ្នាំ ជាទិវាចងចាំការដាក់បញ្ចូលទាំងពីរនេះ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ក្នុងសម័យសន្តិភាពនេះ ប្រាសាទបុរាណរបស់បុព្វបុរសខ្មែរជាច្រើនពាន់ប្រាង្គ ត្រូវបានផ្សព្វផ្សាយទៅកាន់មនុស្សជាតិនៅជុំវិញពិភពលោក ហើយពួកគេបានកោតស្ញប់ស្ញែងនឹងស្នាដៃរបស់បុព្វបុរសខ្មែរខ្លាំងណាស់ ពីព្រោះនៅមាតុភូមិរបស់ពួកគេគ្មានឡើយ ប្រាង្គប្រាសាទដ៏ល្អឯកដូចនៅដែនខេមរានេះ។
លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធពិធីដ៏ធំសម្បើមមួយទៀត នោះគឺពិធីរំឭកខួបអនុស្សាវរីយ៍ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ឆាប់ៗខាងមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ក្រៅពីការប្រារព្ធពិធីអបអរសាទរនៅពហុកីឡដ្ឋានជាតិអូរឡាំពិកហើយ ពិធីអបអរសាទរ នឹងរំលឹកដល់ស្នាដៃ គុណបំណាច់របស់បុព្វរសខ្មែរ ក៏នឹងមានរៀបចំពិធីនៅបរិវេណប្រាសាទទាំងពីរនោះផងដែរ។
មិនមែនត្រឹមតែប្រាសាទទាំង៣ខាងលើនោះទេដែលត្រូវបានដាក់ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងធ្វើការសិក្សានៅតាមប្រាសាទមួយចំនួនទៀត ដើម្បីស្នើសុំចុះបញ្ជីបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់ នៅអង្គការយូណេស្កូក្នុងនោះរួមមាន៖ ប្រាសាទកោះកេរ្តិ៍ (រាជធានីឆោកគគ៌្យរ) នៅខេត្តព្រះវិហារ, ប្រាសាទបន្ទាយឆ្មារ នៅខេត្តបន្ទាយមានជ័យ, ប្រាសាទព្រះខ័ន្តកំពង់ស្វាយ (ខេត្តព្រះវិហារ), ក្រុមប្រាសាទអង្គរបុរី (នៅខេត្តតាកែវ) និងព្រះបរមរាជវាំងចាស់សម័យឧដុង្គ នៅលើភ្នំព្រះរាជទ្រព្យ ខេត្តកំពង់ស្ពឺផងដែរ៕