(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញជំនឿថា ឯកសារគោលនយោបាយដំឡូងមី នឹងប្រែក្លាយកម្ពុជា ឲ្យទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោក ដោយសារឯកសារនេះ ផ្តល់នូវចក្ខុវិស័យច្បាស់លាស់ និងវិធីសាស្ត្ររៀបចំខ្សែសង្វាក់តម្លៃសំខាន់ៗ ដើម្បីធ្វើឲ្យដំណាំដំឡូងមី ទទួលបានទិន្នផលច្រើន និងមានតម្លៃខ្ពស់ អាចឆ្លើយតបតម្រូវការ នៃទីផ្សារទាំងក្នុង និងក្រៅប្រទេស។
លោករដ្ឋមន្ត្រី បានបង្ហាញជំនឿចិត្តដូចនេះ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ និងទទួលឯកសារគោលនយោបាយដំឡូងមី ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីអន្តរក្រសួង តំណាងវិស័យឯកជន និងអង្គការ UNDP ដែលជាសមាជិកនៃគណៈកម្មការរៀបចំគោលនយោបាយជាតិដំឡូងមីប្រមាណ៥០នាក់។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម ដែលបានប្រឹងប្រែងសហការជាមួយអង្គការ UNDP និងស្ថាប័នពាក់ព័ន្ធ ធ្វើការចងក្រងឯកសារ ដ៏មានសារៈសំខាន់នេះឡើង ដើម្បីបម្រើការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា ដែលជាដំណាំសក្តានុពលទី២ បន្ទាប់ពីដំណាំស្រូវ និងជាផលិតផលអាហារប្រចាំសតវត្សរ៍ទី២១។
លោកបណ្ឌិត រីឆាត ម៉ាស្ហល សេដ្ឋវិទូនៃអង្គការ UNDP ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា គោលនយោបាយដំឡូងមី នឹងប្រែក្លាយដំឡូងមី ទៅជាដំណាំដែលផ្តល់ទិន្នផល និងប្រាក់ចំណូលខ្ពស់ សម្រាប់ប្រជាកសិករក្រីក្រ និងជាផលិតផលដែលបម្រើការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត បានបន្តទៀតថា ដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្តគោលនយោបាយ រចនាសម្ព័ន្ធអភិបាលកិច្ច ត្រូវបានបង្កើតឡើង ហើយខ្សែសង្វាក់តម្លៃដំឡូងមី ត្រូវបានបែងចែកជាផ្នែកៗ ដើម្បីតភ្ជាប់ជាមួយវិស័យ អទិភាពផ្សេងទៀត។
សូមជម្រាបថា កាលពីឆ្នាំ២០១៧ កម្ពុជាបានក្លាយជាប្រទេស ដែលឈរនៅលំដាប់លេខរៀងទី៨ ក្នុងចំណោមប្រទេសផលិតដំឡូងមីធំៗទាំង១០ នៅលើពិភពលោក។ ចាប់តាំងពីឆ្នាំ២០១១ ផ្ទៃដីដាំដុះដំឡូងមី ត្រូវបានពង្រីកពី៤០០ពាន់ហិកតា ដល់៥៧៤ពាន់ហិកតា នៅក្នុងឆ្នាំ២០១៥ ហើយបានផ្តល់ទិន្នផលសរុបជាង ១៣លានតោន។
កន្លងមកយុទ្ធសាស្ត្រ សមាហរណកម្មពាណិជ្ជកម្ម (CTIS) បានដាក់បញ្ចូលដំណាំដំឡូងមី ទៅជាផលិតផលអទិភាពមួយ ដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃ និងធ្វើពិពិធកម្មការនាំចេញ។
បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានកំពុងប្រឹងប្រែងជំរុញការនាំចេញ ផលិតផលដំឡូងមី ទៅកាន់ប្រទេសចិន ដោយសារតែប្រទេសទាំងពីរ បានចុះហត្ថលេខាលើពិធីសារស្តីពីប្រព័ន្ធអនុគ្រោះពន្ធ និងលក្ខខណ្ឌតម្រូវផ្នែកភូតគាមអនាម័យ និងអនាម័យ ហើយបានកំពុងសិក្សា ពីលទ្ធភាពកែច្នៃពីដំឡូងមី និងធ្វើពិពិធកម្មទីផ្សារនាំចេញ៕