(ភ្នំពេញ)៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញមកបញ្ជាក់បន្ថែម អំពីការចាប់ខ្លួនម្ចាស់គណនី Facebook ឈ្មោះ «យមរាជ លោកីយ៍» ដែលបានបង្ហោះ និងផ្សព្វផ្សាយព័ត៌មានមិនពិត នាំឲ្យប៉ះពាល់ដល់កិត្តិយសកងរាជអាវុធហត្ថទាំងមូល។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់យ៉ាងដូច្នេះថា «ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ក្រោយពីមានការប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស មានសាធារណមតិជាច្រើនលើកឡើង អំពីការផ្សាយឡាយរបស់គណនីឈ្មោះ យមរាជ លោកីយ៌ ដែលមានឈ្មោះពិត សន សំនៀង កន្លងទៅ។ បុគ្គលឈ្មោះ សន សំនៀង នេះត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដោយកងរាជអាវុធហត្ថខេត្តកំពង់ធំ មានការដឹកនាំ និងសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ»។
បើតាមលោកឧត្តមសេនីយ៍អ្នកនាំពាក្យ ពេលនេះជនសង្ស័យម្ចាស់គណនី Facebook «យមរាជ លោកីយ៍» កំពុងស្ថិតក្រោមការសួរនាំពី មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ មុនធ្វើការបញ្ជូនបន្ដទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
សូមជម្រាបថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីប្រកាសព័ត៌មានថា ការបង្ហោះព័ត៌មានតាមបណ្តាញសង្គម Facebook គណនីឈ្មោះ «យមរាជ លោកកីយ៍» និងការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មានមួយចំនួនតូច ដែលជាព័ត៌មានមិនពិតបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងរាជអាវុធហត្ថ។
មូលហេតុដែលកងរាជអាវុធលើផ្ទៃប្រទេស ចេញសេចក្តីប្រកាសព័ត៌មាននេះ ព្រោះកំឡុងរយៈពេលប៉ុន្មានថ្ងៃនេះ មានគណនីមួយ ឈ្មោះ «យមរាជ លោកកីយ៍» ដែលមានឈ្មោះ សន សំនៀង អតីតជានាយទាហានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ កងរាជអាវុធហត្ថ ដោយក្រុមប្រឹក្សាវិន័យកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាំងពីឆ្នាំ២០១៧ បាននិយាយព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់កងរាជអាវុធហត្ថ។
តាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថ ការលុបឈ្មោះនេះ ដោយសារបុគ្គលឈ្មោះ សន សំនៀង បានប្រព្រឹត្តខុសឆ្គង ជាបន្តបន្ទាប់ ម្តងហើយម្តងទៀតដូចជា៖ បង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សស្លាប់នៅនឹងកន្លែង, បាញ់បោះសេរី, និងបានប្រើហិង្សាលើបងថ្លៃស្រីម្នាក់ បណ្តាលឲ្យសន្លប់។
ក្នុងសេចក្តីប្រកាសព័ត៌មាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន បានជ្រាបថា ការនិយាយរបស់ឈ្មោះ សន សំនៀង នេះពុំមានការពិតទេ។ ចំពោះបុគ្គល និងអ្នកសារព័ត៌មាន ដែលបានយកពាក្យសម្តី ឬវីដេអូរបស់ឈ្មោះ សន សំនៀង ទៅផ្សព្វផ្សាយតាមប្រព័ន្ធផ្សេងៗ ឬតាមបណ្តាញសង្គម សុំជួយកែតម្រូវឡើងវិញ ស្របតាមច្បាប់ជាធរមាន»៕