(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រមុខគណបក្សប្រជាជនកម្ពុជាផងនោះ បានប្រកាសមើលថែកម្ពុជាឲ្យស្គាល់តែសុខសន្តិភាព និងការរីកចម្រើន មិនឲ្យជួបភ្លើងសង្គ្រាមដូចពីអតីតកាលទៀតនោះឡើយ។
ភ្ជាប់ជាមួយរូបភាពស្រស់ស្រូបអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយកម្មករ កម្មការិនីនៅរោងចក្រ «ថបសាបមីត» កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់តាមរយៈទំព័រ Facebook ថា ទម្រាំកម្ពុជាបានដូចពេលបច្ចុប្បន្ននេះ គឺមានការលំបាកខ្លាំងណាស់ក្នុងការចាប់ផ្តើមចេញពីដំណាក់កាលគ្មានអ្វីសោះ។ សម្តេចតេជោ បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា គឺរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋកម្ពុជាជានិច្ច។
«គណបក្សប្រជាជន គឺរួមសុខរួមទុក្ខជាមួយគ្នា ព្រោះថាសុខទុក្ខបងប្អូនកូនក្មួយ គឺជាសុខទុក្ខផ្ទាល់របស់ខ្ញុំ ហើយក៏ជាសុខទុក្ខរបស់គ្រួសារកម្ពុជាទូទាំងប្រទេស។ យើងលំបាកខ្លាំងណាស់ក្នុងការកសាងកម្ពុជាពីគ្មានអ្វីសោះ មកកម្ពុជាសព្វថ្ងៃនេះ។ គណបក្សប្រជាជន គឺធានាមិនឲ្យប្រទេសជាតិវិលទៅរកសង្រ្គាមវិនាសកម្មទៀតឡើយ។ ចាប់ពីពេលនេះតទៅ គឺមានតែសុខសន្តិភាព និងរីកចម្រើនទៅមុខ ហើយខ្ញុំនឹងនៅមើលថែកម្ពុជាជារៀងរហូត»។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់។
ក្នុងសារនយោបាយចេញទាំងយប់អាធ្រាត្រនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់កម្មករ កម្មការិនី ព្រមទាំងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដែលមានជំនឿទុកចិត្តឥតងាករេ ហើយបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០ ដើម្បីសម្តេចមានឱកាសអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរុងរឿង៕