(វ៉ាស៊ីនតោន)៖ នៅក្នុងសញ្ញា​ថ្មីទៅកាន់ទីក្រុងម៉ូស្គូ ដែលកំពុងបញ្ចេញ​ឥទ្ធិពលនៅឡើយ​ក្នុងការគាំទ្រ​តំបន់ភាគខាងកើត​ប្រទេសអ៊ុយក្រែន​នោះ មន្ទីរការពារជាតិ​អាមេរិក Pentagon បានប្រកាសថា ខ្លួននឹងផ្តល់ជំនួយ​ផ្នែកយោធា​ប្រមាណ ២០០លានដុល្លារ ទៅដល់​រដ្ឋាភិបាលអ៊ុយក្រែន។ នេះបើតាម​ការចេញផ្សាយ​ដោយ ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨។

សេចក្តីថ្លែងការណ៍​​ពីមន្ទីរបញ្ចកោណ​​បានបញ្ជាក់​ទៀតថា «ជំនួយខាងលើនេះនឹងជួយ​ដល់ការហ្វឹកហ្វឺន បំពាក់គ្រឿងបរិក្ខា ប្រឹក្សាជំនាញ និងកសាងមូលដ្ឋានការពារខ្លួន​របស់កងកម្លាំងយោធា នៃប្រទេសអ៊ុយក្រែន»។ ការផ្តល់ជំនួយ​ថ្មីនេះ គឺកើតមានឡើង​តែជិតមួយ​សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពី​លោក ដូណាល់ ត្រាំ បានបញ្ចប់ជំនួប​កំពូលទ្វេភាគី​លើកដំបូង​ជាមួយលោក ពូទីន ដែលកាលណោះ​លោក ពូទីន ក៏បានព្យាយាម​លើកឡើង​ពី​បញ្ហាភាគខាងកើត​អ៊ុយក្រែនផងដែរ ប៉ុន្តែត្រូវបាន​លោក ត្រាំ បដិសេធ​មិន​ពិភាក្សាឡើយ។

គួរបញ្ជាក់ថា ទំនាក់ទំនង​រវាងប្រទេស​អ៊ុយក្រែន (ទីក្រុងកៀវ) ជាមួយនិង​សហរដ្ឋអាមេរិក​​បានវិវឌ្ឍន៍​កាន់តែរឹងមាំ បន្ទាប់ពីរុស្ស៊ី​បានប្រើទ័ពផ្តាច់​​យកតំបន់គ្រីមា និងធ្វើការរៀបចំ​បោះឆ្នោតប្រជាមតិ​ រួចទើបផ្តាច់យកទីនោះ​ជាកម្មសិទ្ធិ​ខ្លួន​ដោយ​​ឯតោភាគី​ទាំងម្តង។ ប្រការនេះ​បាននាំឲ្យ​អាមេរិក និងសម្ព័ន្ធមិត្ត (អឺរ៉ុប)​ ចាប់ផ្តើម​ដាក់សម្ពាធ​ការទូត និងទណ្ឌកម្ម​សេដ្ឋកិច្ច លើទីក្រុងម៉ូស្គូ​​រហូតដល់បច្ចុប្បន្ន ហើយថែមទាំងធ្វើការគាំទ្រទាំងផ្នែកសេដ្ឋកិច្ច និងយោធាដល់​អ៊ុយក្រែន​កាន់តែ​ខ្លាំង៕