(ភ្នំពេញ)៖ បច្ចុប្បន្ន​ការលេងកីឡាគ្រប់ប្រភេទ កំពុងតែទទួលបានចាប់អារម្មណ៍យ៉ាងខ្លាំង ពិសេសក្នុងស្រទាប់យុវវ័យ​ ដែលមានទាំងអ្នកជំនាញ និងអ្នកលេងកីឡាធម្មតា ព្រោះថាការលេងកីឡាអាចនាំមកនូវសន្ដិភាព និងសុខភាពល្អសម្រាប់អ្នកគ្រប់គ្នា ប៉ុន្ដែការលេងកីឡាអាចប្រឈមនឹងគ្រោះថ្នាក់ បានគ្រប់ពេលវេលា បើទោះបីជាមានការហ្វឹកហាត់យ៉ាងក៏ដោយនោះ។

យ៉ាងណាមិញ សម្រាប់ការព្យាបាលរបួស ដោយសារការលេងកីឡាមិនបានត្រឹមត្រូវ ត្រូវបានអ្នកជំនាញផ្នែកព្យាបាលរបួស ដោយសារការលេងកីឡា អះអាងថា អាចបង្កគ្រោះធំៗចំនួន២ ដោយទី១៖ បង្កជាជំងឺរ៉ាំរ៉ៃព្យាបាលមិនជា និងទី២៖ អាចធ្វើឲ្យជនរងគ្រោះធ្លាក់ខ្លួនពិការអស់មួយជីវិត។ ហេតុនេះហើយ អ្នកជំនាញលើកទឹកចិត្តឲ្យជនរងគ្រោះ ទៅរកការព្យាបាល ឬជួបអ្នកជំនាញ ដើម្បីព្យាបាលឲ្យបានត្រឹមត្រូវ។

ដោយសារមើលឃើញពីកត្កាគ្រោះថ្នាក់ទាំងនេះហើយ ទើបមានប្រធានបទមួយ «ការព្យាបាលរបួស ដោយសារការលេងកីឡា» ដែលមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ បានរៀបចំសិក្ខាសាលាឡើង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីចែករំលែកជាបទពិសោធន៍ ក៏ដូចជាផ្ដល់នូវដំបូន្មានចាំបាច់មួយចំនួន ដល់សាធារណជន និងអត្តពលិកកម្ពុជា។

វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ លោក Nonthadej PongPunleart អ្នកឯកទេសផ្នែកព្យាបាលឆ្អឹង បានបញ្ជាក់យ៉ាងដូច្នេះថា «កាលដែលរបួស ដោយសារការលេងកីឡា ហើយព្យាបាលមិនត្រឹមត្រូវ គឺមានផលប៉ះពាល់២សំខាន់។ ផលទី១ធ្វើឲ្យជនរងគ្រោះ ក្លាយជាអ្នកមានជំងឺរ៉ាំរ៉ៃ អត់អាចព្យាបាលបានដោយការរបួសម្ដងហើយម្ដងទៀត, ទី២ ធ្វើឲ្យសាច់ដុំរបួសកាន់តែខ្លាំង នៅពេលលេងលើកក្រោយទៀត ឬប្រឈមមុខនឹងពិការ»។

វេជ្ជបណ្ឌិតរូបនេះ ក៏បានផ្ដល់ជាដំបូន្មានថា ប្រសិនបើអ្នកលេងកីឡាជួបគ្រោះថ្នាក់ហើយនោះ ត្រូវតែបញ្ឈប់ការលេងជាបន្ទាន់ ហើយត្រូវតែទៅរកអ្នកជំនាញ ដើម្បីឲ្យអ្នកជំនាញជួយព្យាបាល ឬបញ្ចប់ការគ្រោះថ្នាក់នេះ ដើម្បីកុំឲ្យរបួសចាស់រើឡើងវិញ។

មិនខុសគ្នាប៉ុន្មាន លោកវេជ្ជបណ្ឌិត Phathaiwudhi Oonsambat ជំនាញផ្នែកវះកាត់ឆ្អឹង និងកីឡាឱសថ ក៏បានណែនាំដល់អ្នកដែលចូលចិត្តលេងកីឡា ទាំងអស់ថា មុនពេលចាប់ផ្ដើមលេងកីឡាអ្វីមួយ យើងមិនត្រូវលេងដោយបង្ខំនោះទេ ហើយត្រូវស្វែងយល់ពីកីឡាដែលយើងលេងឲ្យបានច្បាស់។
លោកបន្ថែមថា នៅពេលអ្នកលេងកីឡាជួបគ្រោះថ្នាក់ ឬរបួស ត្រូវតែបញ្ឈប់ជាបន្ទាន់ ឧទាហរណ៍សម្រាប់អ្នកលេងបាល់ទាត់ ត្រូវតែយកទឹកកកមកស្អំ រួចត្រូវដាក់អ្វីទប់នៅកន្លែងរបួសដើម្បីកុំឲ្យវាកម្រើក ដូចជាឧបករណ៍រុំជើង ឬអប់ជើង បើមិនមានទេ ត្រូវយកឈើ ឫស្សីមកដាក់អប់ដោយរកក្រណាត់រុំ ដើម្បីកុំឲ្យវាកម្រើក។

ថ្លែងក្នុងសិក្ខាសាលានេះ លោក ណារីនថារ៉ា ប៊ុនជុងចារើន នាយកមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានបញ្ជាក់ថា​ ប្រសិនបើអ្នកទទួលរងរបួសដោយសារការលេងកីឡា អាចមករកពិគ្រោះ ព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ព្រោះថាមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មានអ្នកជំនាញច្បាស់លាស់សម្រាប់ព្យាបាលលើករណីនេះ ហើយមន្ទីរពេទ្យក៏សហការជាមួយ គណៈកម្មាធិការកីឡាអូឡាំពិក, សមាគមបាល់ទាល់ផ្សេងៗ ដើម្បីជួយសង្គ្រោះពួកគាត់ឲ្យបានទាន់ពេល។

លោកប្រធានមន្ទីរពេទ្យ ក៏បានបន្ថែមថា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មានសម្ភារបរិក្ខាពេទ្យគ្រប់គ្រាន់ ដើម្បីត្រៀមសម្រាប់ជួយសង្គ្រោះ​ ក៏ដូចជាការវះកាត់ ការរងគ្រោះដោយសារការលេងកីឡា។ ដោយឡែក មន្ទីរពេទ្យរ៉ូយ៉ាល់ ក៏មានការទទួលស្គាល់ដោយ FIFA ​ដោយរៀងរាល់២ឆ្នាំម្ដង FIFA តែងតែមកពិនិត្យនូវបរិក្ខាទាំងអស់នេះ៕​