(ភ្នំពេញ)៖ នៅលើទំព័រ Facebook ផ្លូវការ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្រោមការដឹកនាំលើផ្លូវត្រូវរបស់ គណបក្សប្រជាជនកម្ពុជា (CPP) បានធ្វើឱ្យកម្ពុជាប្រែក្លាយពីវាលពិឃាតនៃរបបខ្មែរក្រហម មកជាព្រះរាជាណាចក្រមួយដ៏ស្រស់ស្អាត និងរីកចម្រើនទៅមុខជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពលរដ្ឋជាងមួយចំហៀងប្រទេសគាំទ្រ និងបោះឆ្នោតអោយ គណបក្សប្រជាជនដឹកនាំ ព្រោះបងប្អូនមានជំនឿជឿជាក់លើគណបក្សដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ដែលកម្ពុជាពេលនោះជាវាលរហោស្ថាន។ ក្រោមការដឹកនាំលើផ្លូវត្រូវរបស់ គណបក្សប្រជាជន គឺបានធ្វើអោយកម្ពុជាក្លាយពីវាលពិឃាត មកជាព្រះរាជាណាចក្រដ៏ស្រស់ស្អាត និងរីកចម្រើនទៅមុខជាបន្តបន្ទាប់»។
សម្តេចបានបន្តទៀតថា «ពិតជាលំបាកខ្លាំងណាស់ក្នុងការបញ្ចប់សង្រ្គាម និងកសាងសន្តិភាព។ គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាការពារសន្តិភាពមិនអោយពលរដ្ឋវិលទៅរកវិនាសកម្មសារជាថ្មីទៀតឡើយ»។
សម្តេចបានថ្លែងអំណរគុណ ដល់ជនរួមជាតិខ្មែរទាំងអស់ ដែលជឿជាក់លើ គណបក្សប្រជាជន និងជឿជាក់លើរូបសម្តេច។ សម្តេចបានធានាថា គណបក្សប្រជាជន លេខរៀងទី២០ គឺមិនឱ្យបងប្អូនខកបំណងឡើយ៕