(ភ្នំពេញ)៖ ការការពារសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន គឺជាភារកិច្ចដ៏សំខាន់បំផុតរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប៉ុន្តែសកម្មភាពដឹកនាំជញ្ជូន និងធ្វើដំណើរ ក៏ជាតម្រូវការចាំបាច់មួយរបស់ប្រជាពលរដ្ឋផងដែរ ហេតុដូច្នេះហើយទើបប្រមុខកំពូលជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានសម្រេចផ្ដល់នូវសេវាជិះរថយន្តក្រុងរបស់រដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈ ដោយឥតគិតថ្លៃជូនដល់កម្មករ កីឡាករ សិស្ស និស្សិត ជនចាស់ជរា និងព្រះសង្ឃ។
ក្រោយពីទទួលបានសេវាដឹកជញ្ជូន និងធ្វើដំណើរដោយឥតគិតថ្លៃទាំងនេះរួចមក សិស្ស និស្សិត កម្មករ-កម្មការិនី កីឡាករ-កីឡាការិនី ជនចាស់ជរា ក៏ដូចជាព្រះសង្ឃ បានអបអរសាទរយ៉ាងពេញចិត្តចំពោះគោលនយោបាយនេះ ពីព្រោះមិនងាយបានជិះរថយន្តក្រុងដោយឥតគិតថ្លៃបែបនេះទេ ប៉ុន្តែក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីមួយរូប ដែលពោរពេញដោយថាមពលអភិវឌ្ឍន៍ប្រទេស តែងតែខិតខំប្រឹងប្រែងយកចិត្តទុកដាក់ទំនុកបម្រុងសឹងគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ។
មិនត្រឹមតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋរបស់ខ្លួនយ៉ាងដូច្នេះទេ គោលនយោបាយដ៏ត្រឹមត្រូវនេះក៏ទទួលបានការគាំទ្រ និងទទួលបានជំនួយពីអន្តរជាតិនានាផងដែរ ដូចជាព្រះរាជណាចក្រជប៉ុន សាធារណរដ្ឋប្រជាមានិតចិនជាដើម ដែលប្រទេសទាំងនេះបានផ្ដល់ជំនួយរថយន្តក្រុងជាច្រើនរយគ្រឿង។
មួយវិញទៀត ទោះបីជារដ្ឋបានផ្ដល់នូវសេវាជិះរថយន្តក្រុងក្នុងរាជធានីភ្នំពេញដោយឥតគិតថ្លៃ រៀងរាល់ថ្ងៃក៏ពិតមែន ប៉ុន្តែនៅពេលពិធីបុណ្យប្រពៃណីធំៗ ដូចជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌ សម្ដេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទៅជិះរថយន្តក្រុងរបស់រដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈ ទៅលេងស្រុកកំណើតនៅតាមបណ្ដាខេត្តនានា ដោយឥតគិតថ្លៃយ៉ាងពេញចិត្តផងដែរ។
ជាការពិតណាស់ វិស័យសាធារណការ និងដឹកជញ្ជូន ព្រមទាំងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិតជាមានភាពចាំបាច់ខ្លាំងណាស់ ដូច្នេះហើយបានជាសម្ដេចតេជោ ហ៊ុន សែន រួមទាំងថ្នាក់ដឹកនាំពាកព័ន្ធ ដែលកើតចេញពីការគាំទ្ររបស់ប្រជាពលរដ្ឋទូទាំងប្រទេសនោះ តែងតែតបស្នងជូនប្រជាពលរដ្ឋវិញយ៉ាងយកចិត្តទុកដាក់ ជាក់ស្ដែងគេឃើញមានការកសាងផ្លូវគមនាគមន៍ជាច្រើនខ្វាត់ខ្វែងពាសពេញផ្ទៃប្រទេស ទោះចូលដល់ក្នុងព្រៃជ្រៅយ៉ាងណាក៏មានផ្លូវក្រាលកៅស៊ូ ក្រាលគ្រួសចូលទៅដល់ដែរ។
លើសពីនេះ រាជរដ្ឋាភិបាល រួមជាមួយក្រុមហ៊ុនលក់ប្រេងឥន្ទនៈ ក៏បានជួយបញ្ចុះ និងចេញថ្លៃទិញប្រេងមួយភាគជូនប្រជាពលរដ្ឋថែមទៀតផង ដោយចាប់ពីថ្ងៃទី០១ ខែកក្កដាតទៅ ប្រេងត្រូវបានបញ្ចុះតម្លៃ ១៦០រៀល ក្នុងមួយលីត្រ។
ទោះបីទទួលបានសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ និងការបញ្ចុះតម្លៃប្រេងឥន្ទនៈយ៉ាងនេះក្ដី ប្រជាពលរដ្ឋក៏នៅតែមានតម្រូវការជាច្រើនទៀតទៅថ្ងៃមុខ ប៉ុន្តែតើត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីទទួលបានសេវាតម្រូវការទាំងនោះ? ដំណោះស្រាយ គឺមិនជាពិបាកខ្លាំងនោះឡើយ ដោយគ្រាន់តែសម្រេចចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រឱ្យសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជកម្ពុជា បន្តជាប់ជានាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយទៀត ប្រជាពលរដ្ឋទូទាំងប្រទេសនឹងទទួលសេវាតម្រូវការ និងសេវាសំណូមពរជាច្រើនទៀត ពីព្រោះការដឹកនាំរបស់បុគ្គលម្នាក់ដែលពោរពេញទៅដោយឆន្ទៈមោះមុត ក្នុងការបម្រើរាស្ត្រ បម្រើប្រទេសជាតិយ៉ាងពុះកញ្ជ្រោលនោះ ប្រជាពលរដ្ឋតែងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើន។
* រួមគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីពួនជ្រុំគ្នាកសាងជញ្ជាំងកំពែងសន្តិភាព ការពារប្រទេសជាតិ និងអាយុជីវិតរបស់ខ្លួនពីភ្លើងសង្គ្រាម!
* បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាប្រឆាំង និងបំផ្លាញផែនការក្បត់ជាតិរបស់ក្រុមប្រឆាំង ដែលព្យាយាមប្រើឧបាយកលបំផ្លិចបំផ្លាញជាតិកម្ពុជាដ៏កម្សត់មួយនេះ!
* បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីតបស្នងនូវគុណូបការៈរបស់មាតាបិតា ជីដូនជីតារបស់យើង ដែលធ្លាប់លះបង់សាច់ស្រស់ឈាមស្រស់ ពលីកម្ម ដើម្បីការពារអាយុជីវិតរបស់យើងជាកូនចៅជំនាន់ក្រោយ!
* បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន និងដើម្បីអនាគតរបស់កូនចៅជំនាន់ក្រោយទៀត!
* បើស្រលាញ់មាតុភូមិដ៏សុខសប្បាយមួយនេះ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលើលេខរៀងទី២០៕