(ភ្នំពេញ)៖ ដំណើរការមូលនិធិគន្ធបុប្ផាកម្ពុជា និងការជួយសង្គ្រោះទារកកុមារនៅកម្ពុជា ត្រូវតែដើរទន្ទឹមជាមួយការឈ្នះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ពីព្រោះមូលនិធិនេះត្រូវបានបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់ៗគ្នា ពិសេសគឺការជួយសង្គ្រោះអាយុជីវិតទារក និងកុមារឱ្យចាកផុតពីជំងឺដង្កាត់ និងគ្រោះថ្នាក់ផ្សេងៗ។
ជាការពិតណាស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដោយមានសម្ដេចទាំងទ្វេជាស្ថាបនិក និងជាប្រធានកិត្តិយសផងដែរ។
បន្ទាប់ពីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការរួចមក មូលនិធិគន្ធបុប្ផាកម្ពុជា បានបើកចំហទទួលសមាជិកជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសថា មូលនិធិនេះបានទទួលសមាជិកស្ថាបនិកចំនួន ១៣០រូប, សមាជិកកិត្តិយសចំនួន ១០៧រូប, សមាជិកគាំទ្រចំនួន ៤៦,៣៩៧រូប និងសប្បុរសជនផ្សេងៗចំនួន ៨៩០រូប ដោយទទួលបានថវិកាពីការបរិច្ចាគប្រាប់រៀលចំនួន ៣,៥៣៧,៦៤៦,១៥០រៀល និងប្រាក់ដុល្លារ ៤,៩១៥,០៩៥ដុល្លារ។
គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ក្នុងការបង្កើត និងដំណើរការមូលនិធិគន្ធបុប្ផានេះ ក៏ស្របទៅនឹងព្រះរាជហឫទ័យរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម សីហមុនីនាថ ផងដែរ ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះរាជហឫទ័យ ទុកដាក់ចំពោះប្រជានុរាស្ត្ររបស់ព្រះអង្គជារឿយៗ។
ទាំងនេះហើយ ជាការខិតខំប្រឹងប្រែង ពីសំណាក់ប្រមុខកំពូលរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក៏ដូចជាសប្បុរសជននានា ដែលតែងតែគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ពិតប្រាកដណាស់ថា មាតាបិតាគ្រប់ៗរូបតែងចង់ឱ្យបុត្រធីតារបស់ខ្លួន ជៀសផុតពីជំងឺដង្កាត់នានា ហើយនៅពេលបុត្រធីតាកើតមានជំងឺ មាតាបិតាតែងតែនាំកូនៗរបស់ខ្លួនទៅទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យគន្ធបុប្ផាជារឿយៗ។ តែអ្វីដែលពិសេសលើសពេលមុនៗនោះ គឺមន្ទីរពេទ្យគន្ធបុប្ផាគ្រប់សាខា បាននិងកំពុងចូលរួមចំណែកទ្រទ្រង់ ដោយមូលនិធិគន្ធបុប្ផាកម្ពុជា។
ក្រៅពីបង្កើតមូលមូលនិធិគន្ធបុប្ផាកម្ពុជាសម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាហើយនោះ, រាជរដ្ឋាភិបាលកម្ពុជា បានដកថវិកានៃការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយដកចំនួន២ដុល្លារ ក្នុងមួយសំបុត្រ បញ្ជូលទៅក្នុងមូលនិធិគន្ធបុប្ផាតែម្តងនេះ។
ជាក់ស្តែងនៅរយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ ចំណូលលក់សំបុត្រចូលទស្សនាអង្គរ ដែលត្រូវបានឧបត្ថម្ភមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា មានចំនួនសរុប ២,៧១៣,៩២២លានដុល្លារអាមេរិក។
សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ទោះបីគ្មានវត្តមានរបស់លោកវេជ្ជបណ្ឌិត ប៊ិច រិចឆ្ន័រ ដែលធ្លាប់ចាំជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាក៏ដោយ ក៏សម្ដេចតេជោមិនបណ្ដោយឱ្យចៅៗរបស់សម្ដេច ត្រូវជួបបញ្ហាសុខភាព ដោយសារគ្មានមន្ទីរពេទ្យព្យាបាលនោះឡើយ។
សូមបញ្ជាក់ថា ការចូលរួមបរិច្ចាគនេះ ជាកាយវិការមួយបង្ហាញឱ្យឃើញថា ទាំងសប្បុរសជនទាំងក្នុងប្រទេស និងក្រៅប្រទេស បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រគោលនយោបាយទ្រទ្រង់ និងធានាចីរភាពនៃកិច្ចប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ជា ដែលត្រូវបានផ្ដួចផ្ដើមឡើងដោយប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន តាមរយៈការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា បន្ថែមពីលើមូលនិធិគន្ធបុប្ផាស្វីសដែលមានស្រាប់។
ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពិសេសទារក និងកុមារនៅកម្ពុជាយ៉ាងដូច្នេះ សបញ្ជាក់ឱ្យឃើញថា ឱ្យតែសម្ដេចតេជោ ហ៊ុន សែន ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសកម្ពុជា មូលនិធិគន្ធបុប្ផាកម្ពុជារបស់ប្រជាពលរដ្ឋនៅតែដំណើរការទៅមុខ និងចាំជួយទ្រទ្រង់ប្រជាពលរដ្ឋកម្ពុជាជាប់ជានិច្ច ទោះក្នុងអាណត្តិនេះ ឬអាណត្តិក្រោយក៏ដោយ ឱ្យតែកម្ពុជាស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។
ដូច្នេះដើម្បីទទួលបាននូវសេវាគាំពារសុខាភិបាលពីរាជរដ្ឋាភិបាល និងដើម្បីបន្តដំណើរការមូលនិធិគន្ធបុប្ផាកម្ពុជា សូមប្រជាពលរដ្ឋ ក៏ដូចជាមាតាបិតាគ្រប់រូប ចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឆាប់ៗខាងមុខឱ្យបានទាំងអស់គ្នា៕