(ភ្នំពេញ)៖ លោក ផៃ ស៉ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ តាមរយៈអង្គភាពព័ត៌មាន Fresh News បានថ្លែងថា ការអំពាវនាវរបស់ស្ថានទូតអាមេរិកឲ្យពលរដ្ឋខ្លួន មានការប្រុងប្រយ័ត្នក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ គឺជាវិធានការធម្មតារបស់រដ្ឋាភិបាលអាមេរិក ដោយសារសង្គមអាមេរិក តែងតែប្រឈមនឹងហិង្សាសម្លាប់មនុស្សរាល់រូបភាពជាប្រចាំ ដែលធ្វើឲ្យរដ្ឋាភិបាលនេះមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ក្នុងកិច្ចការពារប្រជាពលរដ្ឋរបស់គេ ពីភាពឃោរឃៅទាំងនោះ។
លោក ផៃ ស៉ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា «ការលើកឡើងរបស់ស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលធ្វើការណែនាំព្រមានដល់ប្រជាពលដ្ឋអាមេរិកាំង ដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យធ្វើការប្រុងប្រយ័ត្នក្នុងស្ថានភាពខ្ពស់ និងចៀសវាងវត្តមាននៅក្បែរទីប្រជុំដែលមានហ្វូងមនុស្សច្រើន ក្នុងកិច្ចថែរក្សាសុវត្ថិភាពរបស់ប្រជាពលរដ្ឋអាមេរិកាំងនោះ គឺជាវិធានធម្មតានៃរដ្ឋាភិបាលសហរដ្ឋអាមេរិក។ គឺអាស្រ័យដោយសង្គមអាមេរិកាំងតែងតែប្រឈមនឹងភាពហិង្សាសម្លាប់មនុស្ស រាល់រូបភាពជាប្រចាំ ដែលធ្វើឲ្យរដ្ឋាភិបាលអាមេរិកាំងមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ក្នុងកិច្ចការពារប្រជាពលរដ្ឋរបស់គេពីភាពឃោរឃៅទាំងនោះ»។
ការចេញមុខបកស្រាយរបស់ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយ ដល់ពលរដ្ឋអាមេរិកដែលកំពុងរស់នៅ និងធ្វើដំណើរទេសចរមកប្រទេសកម្ពុជា ឱ្យមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួន ក្នុងអំឡុងពេលនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ស្ថានទូតអាមេរិកបានបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្ត្រខាងមុខនេះ អាចមានការជួបប្រមូលផ្តុំផ្នែកនយាយបាយ ការប្រឆាំងតវ៉ា ឬការចល័តកម្លាំងសន្តិសុខ។ ទោះបីកន្លងមកថ្មីៗនេះការប្រមូលផ្តុំផ្នែកនយោបាយភាគច្រើនពុំមានអំពើហិង្សាយាងណាក្តី ប៉ុន្តែការធ្វើបាតុកម្ម ឬការប្រមូលផ្តុំផ្សេងៗ អាចមានការប្រឈមដាក់គ្នាដោយមិនមានសញ្ញាព្រមានទុកជាមុនឡើយ។
បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ការប្រកាសព័ត៌មាននៃការណែនាំឲ្យប្រុងប្រយ័ត្នខ្ពស់របស់សហរដ្ឋអាមេរិក គ្រាន់តែកិច្ចការពារជាមុនប៉ុណ្ណោះ ពុំមែនឆ្លើយតបនឹងភាពជាក់ស្តែងនោះឡើយ។ លោកបន្តថា ព័ត៌មានបែបនេះក៏អាមេរិកធ្លាប់ប្រកាសដល់ប្រជាពលរដ្ឋខ្លួន ឲ្យមានការប្រុងប្រយ័ត្នក្នុងពិធីប្រកួតកីឡាអន្តរជាតិអូឡាំពិកនៅប្រទេសរុស្ស៉ីផងដែរ។
លោក ផៃ ស៉ីផាន បានគូសបញ្ជាក់ថា ការប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ពុំមានឥទ្ធិពល ឬឧបសគ្គណាមួយប្រឆាំង ឬបំផ្លាញដំណើរការបោះឆ្នោតសកលរបស់កម្ពុជា ដែលធ្វើឡើងមួយថ្ងៃគត់ គឺថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ហើយការបោះឆ្នោតសកលនេះ ជាការសម្រេចចិត្តខ្ពស់របស់ប្រជាពលរដ្ឋខ្មែរ ក្នុងកិច្ចថែរក្សាដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការទទួលខុសត្រូវជោគវាសនាដោយខ្លួនឯង ដែលគ្មានបរទេសណាជ្រៀតជ្រែកបានឡើយ។
លោកបានបន្ថែមថា ស្ថានភាពដំណើរការ នៃកិច្ចយុទ្ធនាការស្វែងរកសន្លឹកឆ្នោតរបស់គណបក្សទាំ២០ បានប្រព្រឹត្តទៅដោយរលូន គ្មានឧបទ្ទវហេតុទម្ងន់ណាមួយគួរឲ្យចាប់អារម្មណ៍ឡើយ៕