(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានលើកឡើងថា អ្នកប្រឌិតព័ត៌មានទាំងឡាយ ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោត នឹងត្រូវប្រឈមនឹងទោសព្រហ្មទណ្ឌ។

លោកខៀវ សុភ័គ បានពន្យល់ថា ការប្រឌិតព័ត៌មានក្លែងក្លាយទាំងឡាយ ដើម្បីភូតកុហកប្រជាពលរដ្ឋ រារាំងដល់ការបោះឆ្នោតខាងមុខនេះ ក្នុងនោះមានទាំងករណីទឹកខ្មៅជាដើម ត្រូវមានទោសព្រហ្មទណ្ឌ ដែលទោសនេះ អាចប្រឈមនឹងការជាប់ពន្ធនាគារផងដែរ។

ឆ្លៀតឱកាសនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានព្រមានផងដែរចំពោះអ្នកធ្វើយុទ្ធនាការម្រាមដៃស្អាត ដោយថានឹងប្រឈមចំពោះច្បាប់បោះឆ្នោត ហើយផាកពិន័យដោយគ.ជ.ប។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្នាក់ងារគណបក្សនយោបាយនានា ដាក់ពាក្យប្តឹងចំពោះជនណាដែលធ្វើយុទ្ធនាការម្រាមដៃស្អាត ក្នុងចេតនារារាំងដល់ការបោះឆ្នោត។

លោកបានបញ្ជាក់ថា៖ «ឆ្លៀតឱកាសនេះ ខ្ញុំសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ឬភ្នាក់ងារគណបក្សនយោបាយ សូមដាក់ពាក្យប្តឹងទៅគ.ជ.ប កុំចាំសមត្ថកិច្ច បក្សណាក៏ដោយឱ្យតែចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត មានសិទ្ធិដាក់ពាក្យប្តឹង»

ពាក់ព័ន្ធនឹងការប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីរារាំងដល់ការបោះឆ្នោតនេះផងដែរ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានប្រឌិតនានា ដែលនាំឱ្យពលរដ្ឋមិនហ៊ានចេញទៅបោះឆ្នោត គឺជាសកម្មភាពបង្កភាពវឹកវរដល់សន្តិសុខសង្គម។

លោកថ្លែងយ៉ាងដូច្នេះថា៖ «សកម្មភាពខាងលើនេះ ជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ ប្រឈមនឹងការផ្តន្នាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល តាមបញ្ញត្តិមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ!»

សូមបញ្ជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ រយៈពេលតែ១ថ្ងៃប៉ុណ្ណោះ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

គណបក្សនយោបាយចំនួន២០ បានចុះឈ្មោះចូលរួមប្រកួតប្រជែង ប៉ុន្តែទោះជាយ៉ាងនេះក្តី អតីតមេដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលតុលាការកាត់ទោសរំលាយចោល កាលពីខែវិច្ឆិកាឆ្នាំមុន ហើយត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយនោះ បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត និងបានបង្កើតសកម្មភាពផ្សេងៗទាំងល្មើសច្បាប់ ដើម្បីរារាំងដល់ការបោះឆ្នោតនេះថែមទៀត៕