(ស្ទឹងត្រែង)៖ អភិបាលខេត្តស្ទឹងត្រែងលោក ម៉ុម សារឿន បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា កម្ពស់ទឹកស្ទឹងសេកុង បានឡើងដល់កម្រិតប្រកាសអាសន្ន ពោលហួសពី១១.៥០ម៉ែត្រ បន្ទាប់ពីទទួលរងទឹកហូរធ្លាក់ពីប្រទេសឡាវ ព្រោះតែបាក់ទំនប់សេពាន សេណាំណយ។
អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ការឡើងកម្ពស់ទឹកបានបណ្ដាលឲ្យឃុំចំនួន៤ ក្នុងចំណោមឃុំទាំង៥ របស់ស្រុកសៀមប៉ាងជាប់ព្រំដែន ខេត្តអត្តពឺ ប្រទេសឡាវ ត្រូវជន់លិច ហើយប្រជាពលរដ្ឋជិត៥,០០០នាក់ ស្មើជាង១ពាន់គ្រួសារ ដែលរស់នៅក្នុងឃុំទាំង៤នេះ បាននិងកំពុងទទួលរងផលប៉ះពាល់ ខណៈដែលអាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់ កំពុងជួយជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។
យ៉ាងណាក៏ដោយ លោក ម៉ុម សារឿន មិនទាន់អាចបញ្ជាក់តួលេខផ្លូវការ ស្ដីពីការជម្លៀសប្រជាពលរដ្ឋចេញពីទឹកជំនន់នៅឡើយទេ ដោយកំពុងបូកសរុប និងកំពុងជួយអន្ដរាគមន៍។
នៅរសៀលថ្ងៃនេះដែរខាង ក្រសួងធនធានទឹក និងឧតុនិយម ក៏បានបញ្ជាក់ថា ទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសឡាវ បានបន្តជន់លិចចូលភូមិឋានប្រជាពលរដ្ឋយើងមួយចំនួនបន្ថែមទៀត ដែលស្ថិតនៅតំបន់ព្រំដែនកម្ពុជា-ឡាវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ក្រសួងធនធានទឹកបានឲ្យដឹងថា គិតត្រឹមម៉ោង១២៖៣០នាទីថ្ងៃនេះ ទឹកជំនន់បានលិចចូលភូមិសរុបចំនួន១៧ភូមិ ក្នុងឃុំថ្មកែវ ឃុំសន្តិភាព ឃុំសេកុង និងឃុំស្រែសំបូរ។
គួរជម្រាបថា ទំនប់វារីអគ្គិសនីខាងលើ ដែលកំពុងស្ថិតក្រោមការដឹកនាំសាងសង់ឡើងដោយក្រុមហ៊ុនកូរ៉េខាងត្បូង បានបាក់កាលពីល្ងាចថ្ងៃចន្ទ ដោយបណ្តាលឲ្យមនុស្សខ្ទង់រយនាក់បាត់ខ្លួន និងរាប់ពាន់នាក់ទៀតបាត់បង់ទីជម្រក ខណៈសាកសពមនុស្សប្រមាណ១៩នាក់ ត្រូវគេរាយការណ៍ថាបានរកឃើញ៕