(ចិន)៖ នៅក្នុងប្រទេសចិន មានគេជជែកពិភាក្សាគ្នាមួយរយៈមកហើយ អំពីវិធីដោះស្រាយបញ្ហាតម្លៃថ្នាំព្យាបាលជំងឺមហារីក ដែលពលរដ្ឋមិនអាចមានលទ្ធភាពទិញបាន។

ជំងឺមហារីក ជាឃាតករលេខ១ក្នុងប្រទេសចចិន ជារៀងរាល់ឆ្នាំមានមនុស្សប្រមាណ៣លាននាក់ ស្លាប់ដោយជំងឺនេះហើយចំនួនអ្នកជំងឺ ដែលមកទទួលការព្យាបាល ក៏កើនដល់ជាង៤លាននាក់ឯណោះ ក្នុង១ឆ្នាំ។

តែយ៉ាងណាតម្លៃដ៏ថ្លៃនៃថ្នាំព្យាបាល ជំងឺមហារីកមួយចំនួន ត្រូវបានគេយកមកពិភាក្សាឡើងវិញ ដោយសារតែមានខ្សែភាពយន្តមួយ បញ្ចាំងរឿងបែបព្យាបាលជំងឺមហារីនេះ ទោះបីជាភាពយន្តនេះជាភាពយន្ដកំប្លែង និងមានចំណងជើងថា «ស្លាប់ដើម្បីរស់ ឬ Dying to Survive» ភាពយន្តនោះត្រូវបាន គេកំពុងទស្សនាច្រើនបំផុត នៅតាមរោងភាពយន្តត្រឹមរយៈពេល២សប្តាហ៍ កន្លងទៅនេះ។

ក្នុងខ្សែភាពយន្តរឿង «ស្លាប់ដើម្បីរស់» បានរៀបរាប់ពីសាច់រឿង របស់បុរសម្នាក់ដែលរត់ពន្ធថ្នាំពេទ្យ មានតម្លៃថោក ពីប្រទេសឥណ្ឌា ទៅកាន់ប្រទេសចិន ដើម្បីព្យាបាលជំងឺមហារីកគ្រាប់ឈាម ឬជំងឺឈាមសស៊ីឈាមក្រហម ដោយសារអ្នកជំងឺនៅប្រទេសចិន គ្មានប្រាក់គ្រប់គ្រាន់ សម្រាប់ទិញថ្នាំ ដែលគេដាក់លក់ស្របច្បាប់ ក្នុងទីផ្សារនោះឡើយ។

ភាពយន្ដនេះ ផ្អែកលើរឿងពិត និងជីវិតពិតក្នុងសង្គមនាបច្ចុប្បន្ន ថ្នាំដែលមានតម្លៃថ្លៃ តែអាចសង្គ្រោះជីវិតមនុស្សបាននោះ មានឈ្មោះថា គ្លីវេក (Gleevec) ដែលពលរដ្ឋចិន ជាច្រើនគ្មានប្រាក់សម្រាប់ទិញទៅព្យាបាលនោះឡើយ។

លោក លីវ ចឹងជិន ស្ថាបនិក និងជាអគ្គលេខាធិការ នៃក្រុមហ៊ុន New Sunshine បានថ្លែងឲ្យដឹងថា «អ្នកមានចំណូលមធ្យម និងចំណូលខ្ពស់ ដែលរស់នៅទីក្រុង មានលទ្ធភាពទិញវាបាន ក៏ប៉ុន្ដែសម្រាប់អ្នករស់នៅទីក្រុងដែលមានចំណូលទាប និងប្រជាជនដែលរស់នៅជនបទវិញ តម្លៃនេះគឺខ្ពស់ណាស់ សម្រាប់ពួកគាត់»

លោក លីវ ចឹងជិន បានបន្ដទៀតថា ក្នុងរយៈពេល៥ឆ្នាំ កន្លងមកនេះ យើងបានបញ្ចូនជំនួយ ជាថវិកាចំនួនប្រហែល ២០លាន៧សែនដុល្លារ សហរដ្ឋអាមេរិក បើស្តាប់ទៅវាដូចជាច្រើនណាស់ ប៉ុន្តែការចំណាយលើសេវាធានារ៉ាប់រងសុខភាពថ្នាក់ជាតិ ច្រើនជាងនេះ១០ដងឯណោះ។

លោក ជិន បានកំពុងព្យាយាមដាក់បញ្ចូលថ្នាំមហារីក បន្ថែមទៀតទៅក្នុង បញ្ចីធានារ៉ាប់រងសុខភាពថ្នាក់ជាតិ ដែលអាចផ្តល់សំណងដល់អ្នកជំងឺវិញបាន។ បច្ចុប្បន្ននេះ បើទោះជាសេវាធានារ៉ាប់រងសុខភាព នៅតាមតំបន់មួយចំនួន ក្នុងប្រទេសចិន ជាអ្នករ៉ាប់រងការចំណាយទៅលើថ្លៃថ្នាំ គ្លីវេក (Gleevec) ក៏ដោយក៏អ្នកជំងឺជាច្រើន នៅតែជួបការលំបាកដដែល។

ប្រទេសចិន ជាទីផ្សារដ៏សំខាន់សម្រាប់ថ្នាំមហារីក។ ប៉ុន្តែបច្ចុប្បន្ននេះ ទីផ្សារចិនពឹងផ្អែកយ៉ាងខ្លាំង លើថ្នាំដែលនាំចូល ហើយដើម្បីអភិវឌ្ឍថ្នាំប្រភេទនេះ គេត្រូវចំណាយពេលជាង១០ឆ្នាំ និងចំណាយប្រាក់ពី២-៣ពាន់លានដុល្លារ សហរដ្ឋអាមេរិក។

លោក សុង រួយលីន នាយកប្រតិបត្តិ សមាគមចិនអភិវឌ្ឍឱសថ និងការស្រាវជ្រាវ បានថ្លែងឲ្យដឹងថា «ក្រុមហ៊ុនផលិតថ្នាំត្រូវទទួលបាន ផលប្រយោជន៍មកវិញ ជាប្រាក់ចំណេញដ៏សាកសម ហើយយើងអាចកាត់បន្ថយការចំណាយ ដែលច្រើន​ពេក​ប៉ុណ្ណោះ ប្រសិនបើក្រុមហ៊ុនផលិតថ្នាំ មិនអាចទទួលបានប្រាក់ចំណេញដ៏សមរម្យទេនោះ ពួកគេនឹងដកខ្លួនចេញពីទីផ្សារជាក់ជាពុំខាន អញ្ជឹងតើអ្នកជំងឺអាចពឹងអ្វីបានទៅ?»

សូមបញ្ជាក់ថា កម្មវិធីធានារ៉ាប់រងសុខភាព របស់ចិនផ្តល់ការធានា ដល់ប្រជាជនជាច្រើននាក់ ប៉ុន្តែការធានានោះភាគច្រើនគឺផ្តោតសំខាន់ទៅលើតែ សេវាសុខាភិបាលកម្រិតមូលដ្ឋានប៉ុណ្ណោះ។ ជាទូទៅការព្យាបាលជំងឺមហារីក មិនត្រូវបានធានា
នោះទេ។

ការចំណាយលើឱសថ ក្នុងប្រទេសចិន គឺស្មើនឹង៣០-៤០ភាគរយទៅហើយ នៃការចំណាយសរុបក្នុងវិស័យសុខាភិបាលជាតិ ចំនួននេះខ្ពស់ខ្លាំងណាស់ បើធៀបទៅនឹងប្រទេសដទៃទៀត។

លោកសាស្ត្រចារ្យ លាវ គ័រអឹន មកពីមជ្ឈមណ្ឌលចិន ដើម្បីការស្រាវជ្រាវសេដ្ឋកិច្ចសុខភាព នៅសាកលវិទ្យាល័យ ផ័រឃីង (Peking)ថ្លែងថា ប្រព័ន្ធសុខាភិបាលចិន ត្រូវធ្វើកំណែទម្រង់ឡើងវិញ។ ដោយសារគ្រូពេទ្យ មានពេលវេលាតិចហើយសេវាសុខាភិបាលក៏មានតិចតួច គេក៏ត្រូវប្រើលុយខ្លះដែលបានមកពីការលក់ថ្នាំ ថ្លៃនេះដើម្បីយកមកបង់ថ្លៃសេវាព្យាបាល ដែលមានតម្លៃទាបវិញ។

និយតករផ្នែកធានា រ៉ាប់រងសុខាភិបាល របស់ប្រទេសចិនថ្មីៗនេះ បានរៀបចំការចរចាមួយ ជាមួយក្រុមហ៊ុនផលិតឱសថក្នុងស្រុក និងក្រៅស្រុក អំពីការបញ្ចុះតម្លៃឱសថមហារីក។

ក្រុមហ៊ុនធានារ៉ាប់រងទាំងឡាយ ក៏កំពុងពិភាក្សាថា តើពួកគេគួរដាក់បញ្ចូលឱសថបន្ថែមទៀត ទៅក្នុងបញ្ជីផ្តល់សំណងឬទេ​?

ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី លី ខ័រឈាំង ក៏បានធ្វើអន្តរាគមន៍ដែរ ដោយទទូចឲ្យនិយ័តករទាំងឡាយ ពន្លឿនការងារបញ្ចុះតម្លៃថ្នាំព្យាបាលជំងឺមហារីក និងកាត់បន្ថយបន្ទុកទៅលើគ្រួសារជាច្រើន៕