(ភ្នំពេញ)៖ ក្រោមកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាន់តែមានភាពទូលំទូលាយ ជំរុញឱ្យអាត្រាមានការងារធ្វើសម្រាប់ប្រជាពលរដ្ឋកម្ពុជាឡើងដល់៩៩.៣% ជម្រើសការងារមានច្រើនសម្បូរបែប ពិសេសរាជរដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យពលរដ្ឋ អាចចេញទៅធ្វើការនៅក្រៅប្រទេស ដែលទទួលបានប្រាក់ឈ្នួលខ្ពស់ និងទទួលបានជំនាញមកវិញផងដែរ។
បើនិយាយពីវិស័យការងារក្នុងស្រុករាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានខិតខំកៀរគរអ្នកវិនិយោគពីគ្រប់ទិសទីទាំងជាតិ និងអន្តរជាតិ ដើម្បីមកបង្កើតក្រុមហ៊ុន រោងចក្រ សហគ្រាសនៅពាសពេញផ្ទៃប្រទេស បង្កើតឱ្យការងារយ៉ាងច្រើនអនេកជូនប្រជាពលរដ្ឋចាស់ក្មេង។
យោងតាមទិន្នន័យពីក្រសួងការងារបានឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋ ១,៤៣៧,៧៩៤នាក់ កំពុងទទួលបានការងារធ្វើពេញលេញទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដោយទទួលបានប្រាក់ចំណូលជាង ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
ចំណែកឯវិស័យបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈវិញ រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងជំរុញយ៉ាងក្លៀវក្លាផងដែរ ដោយក្នុងនោះគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួងការងារចំនួន១០២ បាននិងកំពុងផ្តល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជន នៅតាមបណ្ដារាជធានី-ខេត្តមួយចំនួន។
ក្នុងឆ្នាំ២០១៧ កន្លងទៅ ក្រុមមន្ត្រីបានផ្តល់ព័ត៌មានដល់សិស្សានុសិស្ស យុវជន និងសាធារណជនទាំងថ្នាក់ជាតិ និងក្រោមជាតិបានចំនួន ៤៨,៦៩៣នាក់ តាមរយៈវេទិកាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការចុះផ្សព្វផ្សាយតម្រង់ទិសវិជ្ជាជីវៈ ដល់សិស្សានុសិស្សសាលាចំណេះទូទៅគ្រប់រាជធានី-ខេត្ត ដោយផ្សព្វផ្សាយតាមខិតបណ្ណបានចំនួន ៨១,៤៩៧សន្លឹក បោះពុម្ពសៀវភៅព័ត៌មានទូទៅរបស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបានចំនួន ៣,៣០០ក្បាល ហើយក៏បានធ្វើការផ្សព្វផ្សាយតាមរយៈវិទ្យុ ទូរទស្សន៍ សារព័ត៌មាន បណ្តាញសង្គម ការផលិតជាវីដេអូ និងមធ្យោបាយផ្សេងៗទៀត។
គិតត្រឹមឆមាសទី១ ឆ្នាំ២០១៨ ការផ្សព្វផ្សាយការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺបានធ្វើការចុះផ្សព្វផ្សាយការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផ្ទាល់ជូនដល់សិស្សានុសិស្សសាលាចំណេះទូទៅ និងតាមភូមិភាគតេជោសែនចំនួន៣ គឺភូមិភាគតេជោសែនតាកែវ ភូមិភាគតេជោសែនបាត់ដំបង និងភូមិភាគតេជោសែនស្វាយរៀង និងការចុះតម្រង់ទិសវិជ្ជាជីវៈ ដល់សាលាចំណេះទូទៅដោយផ្ទាល់របស់អគ្គនាយកដ្ឋាន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមួយចំនួនទៀត ដែលបានចំនួន ៩,៧៤៣នាក់ មានសាលាចំណេះទូទៅ (អនុវិទ្យាល័យ និងវិទ្យាល័យចំនួន៥៥) និងបានផ្សព្វផ្សាយតាមរយៈការចែកខិតបណ្ណបានចំនួន ១២,៤៦៩សន្លឹក និងការផ្សព្វផ្សាយតាមមធ្យោបាយផ្សេងៗទៀតជាដើម។
ក្រៅពីកិច្ចខិតខំបង្កើតឱកាសការងារ និងផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ក៏បានរិះរកគ្រប់វិធីស្វែងរកការងារក្រៅប្រទេសជូនប្រជាពលរដ្ឋថែមទៀត ដោយទទួលបានប្រាក់ឈ្នួលខ្ពស់គួរសម រួមជាមួយការជួយជ្រោមជ្រែងយកចិត្តទុកដាក់ការពារសុវត្ថិភាព ពីសំណាក់ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសនីមួយៗនោះផងដែរ។ បើយោងតាមទិន្នន័យរបស់ក្រសួងការងារ ពលករខ្មែរដែលកំពុងបម្រើការនៅក្រៅប្រទេសមានជាង ១លាន៥ម៉ឺននាក់។
មួយវិញទៀត ថ្វីដ្បិតប្រជាពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសគេក៏ពិតមែន ក៏រាជរដ្ឋាភិបាលបានព្យាយាមចរចាជាមួយរដ្ឋាភិបាលគេ ដើម្បីសុំកិច្ចសហប្រតិបត្តិការផ្ដល់ភាពស្របច្បាប់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅទីនោះស្រាប់ រហូតសម្រេចបានជោគជ័យជាបណ្ដើរៗ និងបន្តដំណើរការការងារនេះយ៉ាងយកចិត្តទុកដាក់ខ្ពស់។
អ្វីដែលពិសេសនោះ អ្នកវិនិយោគជាតិ-អន្តរជាតិនានាមានឆន្ទៈគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែដឹកនាំប្រទេសប្រកបដោយភាពត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងនោះមានក្រុមហ៊ុនក្រៅស្រុកជាច្រើនសន្ធឹកសន្ធាប់ បានមកបណ្ដាក់ទុកវិនិយោគនៅកម្ពុជា ក្រុមហ៊ុនមួយចំនួនដែលបាន និងកំពុងវិនិយោគនៅកម្ពុជាស្រាប់ ក៏បានពង្រីកទុនវិនិយោគរបស់ខ្លួនបន្ថែមទៀតដែរ ដែលនេះក៏ដោយសារកម្ពុជាជាទឹកដីដ៏សុខសាន្ត មានសន្តិភាព មានស្ថិរភាពពេញលេញ មានមេដឹកនាំដែលតែងតែយកចិត្តទុកដាក់ចំពោះអ្នកវិនិយោគ និងដាក់ចេញនូវគោលនយោបាយគាំពារ អ្នកវិនិយោគយ៉ាងពេញចិត្ត។
ទាំងនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងថា កម្ពុជាកំពុងមានសន្តិភាព មានញាតិមិត្តរាប់រកច្រើន និងជួយអភិវឌ្ឍន៍ឱ្យក្លាយជាប្រទេសរីកចម្រើននឹងគេ ប្រជាពលរដ្ឋសម្បូរការងារធ្វើ និងប្រាក់ចំណូលសមរម្យ មានជីវភាពធូរធាជាងមុន ហេតុដូច្នេះដើម្បីរក្សាការពារអ្វីៗដែលកម្ពុជាមានទាំងអស់នេះ សូមរួមគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឆាប់ៗខាងមុខនេះ ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បន្តជាប់ឆ្នោតជាយករដ្ឋមន្ត្រីដឹកនាំនាវាកម្ពុជាបន្តរីកចម្រើនទៅមុខទៀត៕