(ភ្នំពេញ)៖ ការរលត់រលាយនៃអតីតបក្សចេញពីពិភពនយោបាយប្រទេសកម្ពុជាមិនមែនជារឿងចៃដន្យ ឬជាចេតនារបស់អ្នកណានោះទេ តែជាបណ្តាសាររបស់ព្រលឹងអ្នកស្នេហាជាតិ និងដូនតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រអច្ឆរិយៈ ចំពោះជនក្បត់ជាតិយ៉ាងពិតប្រាកដ។ វាមិនមែនជារឿងថ្មីទេដែលអ្នកនយោបាយត្រកូល សម រង្ស៊ី ត្រូវបានជាប់ចោទពីបទក្បត់ជាតិ និងត្រូវបានច្បាប់កាត់ទោសតាំងពីជំនាន់ឪពុកគាត់ឈ្មោះ សម សារី មកម្ល៉េះពោលគឺអ្វីដែលលោក សម រង្ស៊ី ធ្វើ និងអ្វីដែលគាត់ទទួលផលវាគឺជា«ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់»។
ថ្វីត្បិតតែបច្ចុប្បន្ន យើងរស់នៅក្នុងយុគសម័យវិទ្យាសាស្ត្រជឿនលឿន ប៉ុន្តែ មនុស្សគ្រប់រូបជាពិសេសជនជាតិអាស៊ី ក្នុងនោះក៏មានជនជាតិខ្មែរយើងដែរគឺមានអបិយជំនឿជាប់នឹងខ្លួន។ យើងជឿលើវត្ថុស័ក្តិសិទ្ធិ យើងជឿលើបារមីព្រះពុទ្ធសាសនា យើងជឿលើព្រលឹងដូនតា និងជាពិសេសជឿលើបុណ្យ និងបាប ពោលគឺ អ្នកសាងអ្វីនឹងទទួលផលនោះ។ ក្នុងន័យនេះ បើយើងក្រឡេកមើលក្នុងអបិយជំនឿនេះ យើងនឹងឃើញថាអ្វីៗគ្រប់យ៉ាងដែលនាំដល់ការរលត់រលាយនៃគណបក្សសង្គ្រោះជាតិគឺជាបណ្តាសារដែលមិនអាចចៀសផុត ហើយការរលាយបក្សសង្គ្រោះជាតិមិនមែនជាការខាតបង់នោះទេ តែជាភ័ព្វការរំដោះគ្រោះរបស់ប្រទេសកម្ពុជាទៅវិញទេ។
គេនៅចាំបានថា នៅមុនការរំលាយអតីតបក្សប្រឆាំង ដោយអំណាចសាលដីកាតុលាការកំពូល គ្រូទាយដ៏ល្បីល្បាញនៅប្រទេសថៃបានទស្សន៍ទាយថា គណបក្សសង្គ្រោះជាតិ នឹងទទួលរងគ្រោះធំរហូតដាច់ក្បាល និងឈានទៅរលំរលាយតែម្តង។ គេក៏បានលឺសម្តីរបស់លោកស្រី ពោធិតី សាវត្តី ប្រធានគណបក្សធម្មាធិបតេយ្យបាននិយាយយ៉ាងច្បាស់ថា គាត់បានបដិសេធមិនចូលធ្វើនយោបាយជាមួយគណបក្សសង្គ្រោះជាតិទេបើទោះបីជាលោក សម រង្ស៊ី និងលោក កឹម សុខា រួមទាំងមិត្តភ័ក្តិបញ្ចុះបញ្ចូលយ៉ាងណាក្តី។ មូលហេតុពីព្រោះគ្រូផ្លូវងងឹតបានប្រាប់គាត់ថា គណបក្សនេះនឹងរលាយដោយសារតែទង្វើមិនស្មោះត្រង់របស់មេដឹកនាំ។
គឺដោយសារតែបណ្តាសារដែលមិនអាចចៀសផុតនេះហើយ ទើបទីបំផុត លោក កឹម សុខា បានធ្លោយមាត់និយាយចេញមកទាំងស្រុងអំពីផែនការក្បត់ជាតិរបស់ខ្លួន ក្រោមការជួយរៀបចំជ្រោមជ្រែង និងចាត់ចែង ផ្តល់យុទ្ធសាស្ត្រ យុទ្ធវិធី និងថវិការពីសំណាក់សហរដ្ឋអាមេរិកដើម្បីរៀបគម្រោងធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ដោយយកគំរូតាមអតីតយូហ្គោស្លាវី។ ជាធម្មតា លោក កឹម សុខា មិនអាចនិយាយរឿងនេះចេញជាសាធារណៈបានទេ ប៉ុន្តែដោយសារបណ្តាសារឬទំនាយដែលគ្មាន អ្នកណាអាចគេចផុតបានឡើយ។ ដូច្នេះលោក កឹម សុខា និយាយរឿងនេះចេញមកគឺដោយសារគណបក្សសង្គ្រោះជាតិត្រូវបណ្តាសារ ហើយដល់ពេលដែលត្រូវរលាយរលត់ហើយ។
នៅលើទិដ្ឋភាពយោបាយវិញ ក៏មានអ្នកនយោបាយជាច្រើនរួមទាំងអ្នកដែលធ្លាប់រួមដំណើរជាមួយ សម រង្ស៊ី ជាច្រើនផងក៏បានមើលឃើញជាស្រេចថា ដំណើររបស់បក្សសង្គ្រោះជាតិមិនត្រឹមតែមិនទទួលជោគជ័យប៉ុណ្ណោះទេ តែជាដំណើរនយោបាយដ៏គ្រោះថ្នាក់បំផុតសម្រាប់ប្រទេសជាតិ។ មូលហេតុគឺ ដោយសារទណ្ឌិតសម រង្ស៊ី ធ្វើនយោបាយសាបព្រួសវប្បធម៌អាក្រក់យ៉ាងច្រើនសម្រាប់ប្រទេស មានជាអាទិ៍ វប្បធម៌លាបពណ៌ ការបញ្ឆេះកំហឹងពូជសាសន៍ ញុះញង់ឲ្យខ្មែរស្អប់គ្នា យកមេដឹកនាំប្រទេស និងអ្នកមាន ជាសត្រូវ ដែលមើលទៅមិនខុសពីមនោគមន៍វិជ្ជាពួកខ្មែរក្រហម។ មានអ្នកនយោបាយខ្មែរជាច្រើនបានទស្សន៍ទាយទុកជាមុនថា គណបក្សសង្គ្រោះជាតិនឹងត្រូវរលាយនៅថ្ងៃណាមួយជាក់ជាមិនខាន។ ដោយសារហេតុផលនេះហើយបានជាពួកគេងាកទៅបង្កើតគណបក្សនយោបាយថ្មីជាបន្តបន្ទាប់។
ជាការពិត តាមទស្សនៈកម្មផល អ្នកសាងអំពើអាក្រក់នឹងទទួលផលអាក្រក់ ហើយបើសិនជាអំពើអាក្រក់នោះវាធ្ងន់ធ្ងរ កម្មនឹងផ្តល់ផលភ្លាមៗដោយមិនចាំបាច់ជាតិក្រោយឡើយ ជាពិសេសទាក់ទងនឹងអំពើក្បត់ជាតិ។ ប្រទេសកម្ពុជាជាព្រះរាជាណាចក្រអច្ឆរិយៈ ដែលមានវត្ថុស័ក្តិសិទ្ធិជាច្រើនចាំការពារប្រទេស និងប្រជាជននេះមិនឲ្យសាបសូន្យឡើយ បើទោះជាធ្លាក់ក្នុងរបបវាលពិឃាតដូចជំនាន់ខ្មែរក្រហមក៏ដោយ ក៏គង់នៅមានវីរៈបុរសជិះសេះសចេញមុខមកជួយសង្គ្រោះឲ្យរួចផុតពីសេចក្តីស្លាប់ និងផុតពីក្តីវិនាស ហើយបានកសាងប្រទេសនេះឲ្យរស់ឡើងវិញនិងមានភាពថ្កើងថ្កានលើសដើម។ នេះជាអភូតហេតុដ៏អស្ចារ្យណាស់សម្រាប់ប្រទេស និងប្រជាជាតិដ៏កម្សត់មួយនេះ។
ដូច្នេះ អ្នកដែលខំប្រឹងឃោសនាអកុសលដើម្បីស្រោចស្រង់គណបក្សគ្រោះមួយនេះមិនត្រឹមតែមិនទទួលបានផលអ្វីប៉ុណ្ណោះទេ តែក៏អាចទទួលរងបណ្តាសារហើយអាចមានវាសនាមិនខុសពីដូចគណបក្សនេះក៏ថាបាន។ លទ្ធផលបានបង្ហាញឲ្យយើងឃើញនឹងភ្នែកហើយ។
ក្រុមដែលនៅតែងប់ងល់នឹងមនោគមន៍វិជ្ជារបស់សម រង្ស៊ី មានតួយ៉ាងដូចជា មូរ សុខហួរ ជាដើម នឹងបានភ្លឺភ្នែក ភ្ញាក់ខ្លួនដូចខ្មោច ៧ថ្ងៃនៅបន្ទាប់ពីការបោះឆ្នោតថ្ងៃទី ២៩ កក្កដាខាងមុខនេះនៅពេលដែលឃើញថា ពលរដ្ឋយ៉ាងច្រើនកុះករចេញទៅបោះឆ្នោត។ ពួកគេនឹងភាន់ភាំងគាំងបេះដូងម្តងទៀតដូចកាលពីការចាប់ខ្លួន កឹម សុខា ដូច្នោះដែរ គឺគ្មានអ្នកណាស្តាប់តាមក្រុមក្បត់ជាតិដែលកំពុងទទួលបណ្តាសារពីគ្រប់ទិសទីនោះឡើយ។ មនុស្សជំពូកនេះ ទោះបីជាព្រះក៏ប្រោសមិនរួចដែរ៕
ដោយ៖ លោកតាអាចារ្យម្នាក់