(ភ្នំពេញ)៖ គិតត្រឹមម៉ោង១រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ រោងចក្រវាយណភណ្ឌ កាត់ដេរ និងផលិតស្បែកជើងចំនួន ១១៥១រោងចក្រទូទាំងប្រទេសបានឈប់សម្រាក ដើម្បីអនុញ្ញាតឱ្យកម្មករនិយោជិតទៅចូលរួមការបោះឆ្នោតនាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ដែលជាកាតព្វកិច្ចនិងសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប នេះបើយោងតាមលោក ហេង សួរ មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ហេង សួរ បានបញ្ជាក់ថា ចំពោះសហគ្រាស គ្រឹះស្ថានផ្នែកផ្សេងៗទៀតក្រៅពីផ្នែកវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើងគឺភាគច្រើនបានអនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាកទៅបោះឆ្នោតនៅតាមភូមិ ឃុំ/សង្កាត់ ដែលបងប្អូនកម្មករបានចុះឈ្មោះបោះឆ្នោត។

មន្ត្រីអធិការកិច្ចរបស់ក្រសួង និងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាននឹងកំពុងពិនិត្យ តាមដាន និងសម្របសម្រួលដល់កម្មករនិយោជិតផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្ម ដែលមានឈ្មោះបោះឆ្នោតតាមបណ្តាខេត្ត បានឈប់សម្រាកទៅចូលរួមបោះឆ្នោតដែរ។ រីឯអ្នកដែលបានចុះឈ្មោះបោះឆ្នោតនៅរាជធានីភ្នំពេញ គឺនិយោជកត្រូវប្តូរម៉ោងគ្នាឈប់ ដើម្បីឱ្យបងប្អូនកម្មករនិយោជិតបានទៅចូលរួមបោះឆ្នោត។

សូមជំរាបថា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលបានមកបម្រើការងារនៅរាជធានីភ្នំពេញបាននាំគ្នាសម្រុកចេញទៅស្រុកកំណើតរៀងៗខ្លួន ដោយពួកគាត់អះអាងថា ដើម្បីទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយអង្គភាព Fresh News ប្រជាពលរដ្ឋដែលបានមកបម្រើការនៅរាជធានីភ្នំពេញ ហើយកំពុងតែនៅលើរថយន្ដឈ្នួល ដើម្បីទៅស្រុកកំណើតនោះ បានរៀបរាប់ថា ពួកគាត់ពិតជារីករាយណាស់ក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរ បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ដែលពួកគាត់ស្រលាញ់ពេញចិត្ត៕