(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ដែលមកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាថា ទោះបីគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោតក៏ដោយ ក៏ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅតែប្រព្រឹត្តទៅប្រកបដោយភាពស្របច្បាប់។  

ការថ្លែងបែបនេះរបស់លោក ឌឹម សុវណ្ណារុំ ត្រូវបានធ្វើឡើងក្នុងពិធីផ្ដល់ព័ត៌មានអំពីស្ថានការណ៍បច្ចុប្បន្ននៅកម្ពុជា នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលរៀបចំសម្របសម្រួលដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

នៅចំពោះមុខក្រុមអ្នកសង្កេតការណ៍អន្តរជាតិជិត៣០០នាក់ លោក ឌឹម សុវណ្ណារុំ បានថ្លែងថា បើគ្មានអតីតគណបក្សសង្គ្រោះជាតិ ក៏ការបោះឆ្នោតនៅកម្ពុជា នៅតែជាការបោះឆ្នោតត្រឹមត្រូវ នៅតែជាការបោះឆ្នោតដែលប្រព្រឹត្តទៅដោយសេរី ដោយយុត្តិធម៌។

លោក ឌឹម សុវណ្ណារុំ «ខ្ញុំសូមឆ្លើយនឹងសំណួរមួយចំនួន ដែលឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ធ្លាប់ឮ សំណួរសួរថា តើការបោះឆ្នោតស្អែកនេះ ត្រឹមត្រូវស្របច្បាប់ដែលឬទេ បើគ្មានអតីតគណបក្សប្រឆាំង CNRP? សូមជម្រាបឯកឧត្តម លោកជំទាវថា គ.ជ.ប ជាស្ថាប័នច្បាប់ គឺជាស្ថាប័នគតិយុត្តសុទ្ធសាធ ដូច្នេះឆ្លើយមកវិញថា ពិតជាត្រឹមត្រូវ ពិតជាស្របច្បាប់ គ្មានបញ្ហាអ្វីកើតទាល់តែសោះ»។

លោកបានបន្តថា «ហេតុផលសំខាន់គឺ គ.ជ.ប មានធម្មនុញ្ញភាពរបស់ខ្លួន ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល ថា គ.ជ.ប ជាស្ថាប័នរៀបចំចាត់ចែងការបោះឆ្នោតឱ្យត្រឹមត្រូវ សេរី ស្មើភាព រាល់ការបោះឆ្នោត ហ្នឹងវាជាធម្មនុញ្ញភាពរបស់ គ.ជ.ប ដែលត្រូវធ្វើកិច្ចការនេះ»

លោកបញ្ជាក់ថា «ដូច្នេះបើគ្មានអតីតគណបក្សសង្គ្រោះជាតិ ការបោះឆ្នោតនៅថ្ងៃស្អែក នៅតែជាការបោះឆ្នោតត្រឹមត្រូវ នៅតែជាការបោះឆ្នោតដែលប្រព្រឹត្តទៅដោយសេរី ដោយយុត្តិធម៌ គ្មាននរណាថា ការបោះឆ្នោតនៅថ្ងៃស្អែកមិនត្រឹមត្រូវ មិនយុត្តិធម៌ទេ ពីព្រោះ គ.ជ.ប ធ្វើកិច្ចការរបស់ខ្លួនដែលជាស្ថាប័នច្បាប់ ជាស្ថាប័នបច្ចេកទេស គោរពរដ្ឋធម្មនុញ្ញ គោរពច្បាប់ បើរដ្ឋធម្មនុញ្ញតម្រូវឱ្យ គ.ជ.ប ធ្វើកិច្ចការយ៉ាងដូច្នេះ គ.ជ.ប ត្រូវតែធ្វើ»។

សូមជម្រាបថា ក្នុងការបោះឆ្នោតអាណត្តិនេះ អាចនឹងអ្នកសង្កេតការណ៍អន្តរជាតិចូលរួមសង្កេតការណ៍រហូតដល់ជាង៥០០នាក់មកពី៤២ប្រទេស ខណៈពេលនេះ គ.ជ.ប បានទទួលស្គាល់ជាផ្លូវការចំនួន ៣២២នាក់ និងកំពុងពិនិត្យមើលសំណើចំនួន២១៦នាក់។

ដោយឡែក សម្រាប់អ្នកសង្កេតការណ៍ជាតិវិញ គ.ជ.ប ក៏បានអះអាងដែរថា មានការកើនឡើងច្រើនជាងអាណត្តិមុនដែរ។ អ្នកសង្កេតការណ៍ជាតិ ក្នុងការបោះឆ្នោតលើក​នេះ ដែល គ.ជ.ប បានទទួលស្គាល់ហើយ មកពីស្ថាប័នចំនួន១១២ មានចំនួន ៩៩,៦១២នាក់៕