(រតនគិរី)៖ ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦នៅក្នុងខេត្តរតនគិរី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានប្រព្រឹត្តទៅជាមួយបរិយាកាសល្អប្រសើរ ខណៈប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតក៏មានចំនួនច្រើនផងដែរ។

គេសង្កេតឃើញថា​នៅគ្រប់ការិយាល័យទាំង២៧៥ នៅទូទាំងខេត្តបានបើកទ្វាឲ្យប្រជាពលរដ្ឋចូលបោះឆ្នោតនៅម៉ោង៧ព្រឹក ហើយប្រជាពលរដ្ឋបានអញ្ជើញមកឈរតំរៀបជួរគ្នាយ៉ាងមានរបៀបរាបរយ ដើម្បីទៅបោះឆ្នោតម្តងម្នាក់ៗតាមលេខរៀង​ក្នុងទឹកមុខសប្បាយរីករាយ។

ប្រជាពលរដ្ឋម្នាក់ដែលបានបោះឆ្នោតហើយ បានសម្តែងនូវការសប្បាយរីករាយ ដោយគាត់បានប្រើប្រាស់សិទ្ធិ និងកាតព្វកិច្ចរបស់គាត់ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សនយោបាយដែលគាត់ស្រលាញ់ដោយគ្មានការបង្ខិតបង្ខំ និងការគំរាមកំហែងពីនរណាឡើយ ពោលគឺការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ត្រឹមត្រូវ។

គួរបញ្ជាក់ថា នៅក្នុងខេត្ត​រតនគិរីមានប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨មានចំនួន ៩៥,៣៨១នាក់។ មានការិយាល័យបោះឆ្នោតទូទាំងខេត្តសរុប ​២៧៥ការិល័យ។ មានគណបក្សនយោបាយឈរឈ្មោះចំនួន១១ រួមមាន៖ គណបក្សខ្មែររួបរួមជាតិ, គណបក្ស សញ្ជាតិកម្ពុជា, គណបក្ស​សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្ស​ខ្មែរ​ឈប់ក្រ, គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន, គណបក្ស​សាធារណរដ្ឋប្រជាធិបតេយ្យ, គណបក្ស​សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្ស​ហ៊្វុនស៊ិនប៉ិច, គណបក្ស​ឆន្ទៈ​ខ្មែរ, គណបក្ស​ជនជាតិដើម្បីប្រជាធិបតេយ្យ​កម្ពុជា និង គណបក្ស​ប្រជាជន​កម្ពុជា​៕