(ភ្នំពេញ)៖ ការបោះឆ្នោត ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជនកម្ពុជា ដើម្បីជ្រើសរើសមេដឹកនាំ ដែលខ្លួន​ពេញ​ចិត្ត តាមរយៈពេលវេលាកំណត់អាណត្តិ៥ឆ្នាំម្ដង។

ជាក់ស្ដែងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ គឺជាថ្ងៃដ៏មានតម្លៃមួយ ដែលប្រទេសកម្ពុជាទាំងមូល រៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ ហើយមានប្រជាជនយ៉ាងច្រើនកុះករ បានទៅចូលរួមបោះឆ្នោត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងស្ញប់ស្ញែងខ្លាំងបំផុតនោះ គេឃើញជនពិការ និងជនចាស់ជរា បើទោះបីជាពួកគាត់​ខ្វះលទ្ធភាពធ្វើដំណើរ ទៅចូលរួមបោះឆ្នោតក៏ដោយ ប៉ុន្តែមិនអាចរារាំងពួកគាត់បានឡើយ គឺពួកគាត់រិះរកវិធី និងមធ្យោបាយផ្សងៗ ដើម្បីបានទៅចូលរួម
បោះ​ឆ្នោតឲ្យបានដូចបំណង និងសេចក្ដីត្រូវការរបស់ខ្លួន។

រូបភាពជាច្រើនដែលបង្ហាញពីសកម្មភាពរបស់ជនពិការ និងជនចាស់ជរាជាច្រើនរូប ត្រូវបានគេថតបង្ហោះផ្សព្វផ្សាយ​ online បង្កើតឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ​ដោយជនចាស់ជរាខ្លះមិនអាចដើរបាន ក៏មានអ្នកអៀវទៅកាន់ការិយាល័យបោះឆ្នោត ខណៈជនពិការខ្លះត្រូវបាន គេរុញដោយរទេះរុញ ទៅចូលរួមបោះឆ្នោតផងដែរ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ ត្រូវបានចាប់ផ្ដើមចាប់ពីម៉ោង៧៖០០នាទីព្រឹក រហូតដល់​ម៉ោង៣៖០០រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕

ដើម្បីជ្រាបច្បាស់នូវទិដ្ឋភាពជាក់ស្ដែងយ៉ាងណានោះ សូមប្រិយមិត្តអ្នកអានទស្សនារូបភាពដូចខាងក្រោម៖