(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី បានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ រួចហើយ នៅការិយាល័យលេខ០៥៦១ នៃសាលាបឋមសិក្សាទួលគោក ស្ថិតក្នុងសង្កាត់ទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។

សូមបញ្ជាក់ថា នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ បានចាប់ផ្ដើម ដោយមានប្រជាពលរដ្ឋយ៉ាងច្រើន បាននាំគ្នាទៅនឹង និយាយដោយទឹកមុខរីករាយ ហើយបើតាមសេចក្តីរាយការណ៍ផ្សេងៗ បានបញ្ជាក់ថា បរិយាកាសនៃការបោះឆ្នោតនេះ បានដំណើរការដោយរលូន មិនទាន់មានបញ្ហាអ្វីកើតឡើងនោះទេ។

ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ ឆ្នាំ២០១៨នេះ មាន​ការិយាល័យបោះឆ្នោតចំនួន ២២,៩៦៧កន្លែង នៅទូទាំងប្រទេស និងមានប្រជាពលរដ្ឋដែលមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧​នាក់។ ជាមួយគ្នានេះ អាសនៈនៅអាណត្តិនេះ មានចំនួនទៅដល់១២៥ ដែលកើនឡើងប្រមាណ ២អាសនៈថែមទៀត បើធៀបនឹងការបោះឆ្នោតនេះ កាលពីអាណត្តិទី៥ នាខែកក្កដា ឆ្នាំ២០១៣៕