(ភ្នំពេញ)៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា រហូតមកដល់វេលាម៉ោងជិត១រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ សភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅទូទាំងរាជធានីភ្នំពេញ មានភាពល្អប្រសើរ ខណៈប្រជាពលរដ្ឋជាច្រើនកុះករ បានអញ្ជើញទៅបោះឆ្នោតនៅតាមការិយាល័យរប​ស់ខ្លួន។

បើតាមអ្នកនាំពាក្យរូបនេះ គិតត្រឹមម៉ោងនេះមានប្រជាពលរដ្ឋមានប្រមាណ៦៦,៦១ភាគរយ បានអញ្ជើញទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនីមួយៗ។

ជាមួយគ្នានេះ សម្រាប់សភាពការណ៍នៅក្នុងរាជធានីភ្នំពេញ ត្រូវបាននាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ Fresh News ឲ្យដឹងដែរថា ក៏មានសភាពការណ៍ល្អប្រសើរ គ្មានអំពើហិង្សា ឬការគំរាមកំហែងណាមួយកើតឡើងនោះទេ។

បើតាមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ កម្លាំងនគរបាលកំពុងតែល្បាតនៅក្នុងមូលដ្ឋាន ដោយប្រើប្រាស់មធ្យោបាយរថយន្ដ និងម៉ូតូតាមគ្រប់រូបភាពទាំងអស់ ដើម្បីត្រៀមបង្ក្រាបបទល្មើសផ្សេងៗ ដែលអាចកើតឡើង ដោយសារតែប្រជាពលរដ្ឋបានបិទទ្វារផ្ទះ ហើយអញ្ជើញទៅបោះឆ្នោត។​

សូមជម្រាបថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប លោក ទេព នីថា និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការ បានអះអាងដូចគ្នាថា ករណីកម្លាំងសមត្ថកិច្ចជាច្រើនប្រមាណ៨ម៉ឺននាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ដំណើរការបោះឆ្នោតតំណាងរាស្ដ្រនីតិកាលទី៦ មិនមែនជាការគំរាមកំហែងនោះទេ ពោលគឺដោយសារតែកំណើនការិយាល័យបោះឆ្នោត៕​