(ភ្នំពេញ)៖ តំណាងឱ្យប្រទេសម៉ាឡេស៉ី បានចាត់ទុកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ របស់កម្ពុជាថា ជាចំណុចដែលត្រូវរៀនសូត្រតាម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ។
សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចនេះ បានបញ្ជាក់ថា អ្នកសង្កេតការណ៍តំណាងប្រទេសម៉ាឡេស៉ី បានលើកឡើងថា ការបោះឆ្នោតនៅកម្ពុជា ពិតជាមានអ្នកទៅបោះឆ្នោតច្រើនគួរឲ្យចាប់អារម្មណ៍។ ម៉្យាងវិញទៀតប្រជាពលរដ្ឋចេញទៅបោះឆ្នោតដោយសប្បាយរីករាយ និងគ្មានការភ័យខ្លាច។
តាមសេចក្តីប្រកាសព័ត៌មានដដែល តំណាងប្រទេសម៉ាឡេស៉ី បានកត់សម្គាល់ថា ពេលបញ្ចប់ការបោះឆ្នោត នៅតាមការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ បានអនុញ្ញាតឲ្យមន្ត្រីបោះឆ្នោត ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អាចថតទិដ្ឋភាពដែលកំពុងរាប់សន្លឹកឆ្នោតបាន ដោយបានបញ្ជាក់ថា «ចំណុចនេះ ម៉ាឡេស៉ីនឹងយកទៅរៀនសូត្រតាម»។
បើតាមគ.ជ.ប មិនត្រឹមតែប្រទេសម៉ាឡេស៉ីទេ ដែលបានវាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតនៅកម្ពុជា។ ក្រៅពីប្រទេសម៉ាឡេស៉ី មានប្រទេសចំនួន៥ទៀត រួមមាន៖ ប្រទេសរុស្ស៊ី, ប្រទេសឡាវ, ប្រទេសឥណ្ឌា, ប្រទេសថៃ និងប្រទេសវៀតណាម បានបង្ហាញពីចំណាប់អារម្មណ៍ម្នាក់ម្តងៗ ដោយពួកគាត់បានវាយតម្លៃថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដូចខាងក្រោម៖