(ស្ទឹងត្រែង)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ម៉ោង៧ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់១០.៨៤ម៉ែត្រ ខណៈកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន១០.៧០ម៉ែត្រ។
ក្រសួងបានបញ្ជាក់ថា មកដល់ពេលនេះ តំបន់ទំនាបដែលនៅតាមដងទន្លេ ត្រូវបានទឹកលិចចូលជាបន្តបន្ទាប់។
សូមជម្រាបថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងធនធានទឹក បានចេញសេចក្ដីជូនដំណឹងមួយបន្ថែមទៀត ស្ដីអំពីទឹកជំនន់ទន្លេមេគង្គលើ ដែលកំពុងហក់ឡើងខ្លាំង ដោយសារមានការធ្លាក់ភ្លៀង ជាបន្ដបន្ទាប់ ក្នុងកម្រិតពីមធ្យមទៅច្រើន នៅក្នុងតំបន់អាងទន្លេមេគង្គក្នុងប្រទេសថៃ និងឡាវ បានបង្កឲ្យទឹកទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា បន្ដកើនឡើង ២-៣ ថ្ងៃបន្ថែមទៀត។
សេចក្ដីជូនដំណឹងបានបញ្ជាក់ថា យោងតាមការព្យាករ កម្ពស់ទឹកទន្លេមេគង្គលើកម្ពុជា អាចកើនឡើងដល់៖
* នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ទន្លេមេគង្គស្ទឹងត្រែង ទឹកអាចនឹងកើនឡើងដល់កម្ពស់ ១១.៤០ ម៉ែត្រ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១០.៧០ ម៉ែត្រ)។
* នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ ទន្លេមេគង្គក្រចេះ ទឹកអាចនឹងកើនឡើងដល់កម្ពស់ ២២.១៥ ម៉ែត្រ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ២២.០០ ម៉ែត្រ)។
* នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ទន្លេមេគង្គកំពង់ចាម ទឹកអាចនឹងកើនឡើងដល់កម្ពស់ ១៥.២៥ ម៉ែត្រ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១៥.២០ ម៉ែត្រ)។
ជាមួយគ្នានេះ ក្រសួងធនធានទឹក អំពាវនាវឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន មេត្ដាជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជ្រៀសវាងនូវគ្រោះថា្នក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕