(ភ្នំពេញ)៖ លោក ឆាំង យុ គឺជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ Ramon Magsaysay Award ដែលត្រូវបានគេស្គាល់ថា ជាពានរង្វាន់ណូបែលសម្រាប់ទ្វីបអាស៊ីឆ្នាំ ២០១៨ យោងតាមការប្រកាសរបស់គណៈកម្មការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាសប្តាហ៍កន្លងទៅនេះ។
ការជ្រើសរើសលោក ឆាំង យុ ផ្អែកទៅលើការងាររបស់លោកក្នុងការប្រមូលផ្តុំ និងចងក្រងឯកសារពាក់ព័ន្ធនឹងរបបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហមដ៏សន្ធឹកសន្ធាប់ ដើម្បីការផ្សះផ្សា យុត្តិធម៌ និងការចងចាំដើម្បីការអប់រំ និងទប់ស្កាត់អំពើប្រល័យពូជសាសន៍សម្រាប់កម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត។
លោកសូមអរគុណដល់ប្រទេសហ្វីលីពីន ដែលបានជួយជនភៀសខ្លួនកម្ពុជាអំឡុងឆ្នាំ១៩៨០ ក្រោយពេលរបបខ្មែរក្រហមដួលរលំ។ លោកបន្តថា៖ «អ្នករស់រានជីវិតពីរបបខ្មែរក្រហមបានរំឮកខ្ញុំរាល់ថ្ងៃ ថាកុំឲ្យបោះបង់ចោលក្តីសង្ឃឹម។ ចំណែកពានរង្វាន់នេះក៏ដូចគ្នា វាជាការរំឮកមួយចំពោះចិត្តសន្តោសរបស់ជនជាតិ ហ្វីលីពីនដល់ម្តាយរបស់ខ្ញុំ និងម្តាយទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលបានរូចរស់ពីរបបប្រល័យពូជសាសន៍ ។
ប្រជាជននិងរដ្ឋាភិបាលហ្វីលីពីន ក៏ដូចជាបណ្តាប្រទេសដទៃទៀត បានជួយដល់យើង។ រង្វាន់មួយនេះ ជាការអរគុណដល់ប្រទេសហ្វីលីពីនដែលបានជួយសង្រ្គោះពលរដ្ឋកម្ពុជាកាលពីគ្រានោះ ហើយវាក៏ជាឧទាហរណ៍ដ៏មានតម្លៃដើម្បីឲ្យយើងមិនបោះបង់ចោលក្តីសង្ឃឹម»។
ក្នុងនាមជាជនរងគ្រោះនិងដែលបានរួចរស់ជីវិតពីរបបខ្មែរក្រហម លោក ឆាំង យុ ចង់ឲ្យអ្នករស់រានមានជីវិតផ្សេងទៀតមានក្តីសង្ឃឹមនិងផ្សះផ្សារបួសផ្លូវចិត្ត ដែលខ្ទេចខ្ទាំដោយសារព្រាត់ប្រាស់មនុស្សជាទីស្រលាញ់។ លោកនិយាយថា៖ «ប្រសិនបើអ្នកបានរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ អ្នកគឺជាមនុស្សដែលមានសំណាងខ្លាំងណាស់។ អ្នកអាចចាប់ផ្តើមជីវិតសារជាថ្មីម្តងទៀត។ អ្នកអាចមានទីជម្រក មានផ្ទះសម្បែង មានការងារធ្វើ មានមិត្តភ័ក្ត្រ និងចាប់ផ្តើមកសាងគ្រួសារថ្មីមួយ។ ប៉ុន្តែអ្នកនឹងមានការរំខានដោយសារតែរឿងរ៉ាវជាច្រើនដែលបានកើតឡើងមកលើខ្លួនឯង។ ជីវិតនិង ផ្លូវចិត្តរបស់អ្នកទទួលរងការបែកបាក់។ បេះដូងរបស់អ្នកទទួលរងការឈឺចាប់ពីការបាត់បង់មនុស្សជាទីស្រឡាញ់។ អ្នកត្រូវបានរំខានដោយការចងចាំរបស់អ្នក។ អ្នកមានអារម្មណ៍ថាមានកំហុសដោយសារតែអ្នកអាចរស់រានមានជីវិត ខណៈដែលមនុស្សជាច្រើននាក់ផ្សេងទៀតបានបាត់បង់ជីវិត ហើយអ្វីដែលអាក្រក់ជាងនេះទៀតនោះ គឺអ្នកអាចបាត់បង់ក្តីសង្ឃឹម។ ពានរង្វាន់មួយនេះ តំណាងការមិនឲ្យបោះបង់ចោលនូវសេចក្តីសង្ឃឹមសម្រាប់អនាគតដ៏ប្រសើរមួយ»។
គួររម្លឹកថា នេះជាខួបលើកទី៦០នៃការប្រគល់ពានរង្វាន់ ហើយបុគ្គលដែលជាប់ចំណាត់ថ្នាក់សម្រាប់ពេលនេះមានសរុបប្រាំមួយរូប ក្នុងនោះរូមមានប្រទេសឥណ្ឌាពីររូប វៀតណាមមួយរូប កម្ពុជាមួយរូប ហ្វីលីពីនមួយរូប និងទីម័រមួយរូប។ ពិធីប្រគល់ពានរង្វាន់ផ្លូវការនឹងប្រារព្ធធ្វើនៅថ្ងៃទី៣១ សីហា ២០១៨ នៅប្រទេសហ្វីលីពីន។
ពានរង្វាន់ រ៉ាម៉ុន ម៉ាសាយសាយ ជាពានរង្វាន់ដ៏ខ្ពង់ខ្ពស់សម្រាប់អ្នកដឹកនាំនៅអាស៊ី។ ចាប់តាំងពីការបង្កើតពានរង្វាន់នេះតាំងពីឆ្នាំ ១៩៥៧ មក មានបុគ្គលនិងស្ថាប័នជាង៣០០ដែលត្រូវបានផ្តល់ជូន ចំពោះការងារបម្រើសង្គមរបស់ខ្លួន ថ្នាក់តំបន់អាស៊ី និងពិភពលោក ដែលបានដោះស្រាយបញ្ហាជាច្រើនសម្រាប់ការអភិវឌ្ឍមនុស្សជាតិ៕