(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ តាមរយៈ Facebook បានបញ្ជាក់ឲ្យដឹងថា កម្ពុជាបានសម្រេចជោគវាសនាប្រទេសជាតិរបស់ខ្លួន តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា តាមរយៈលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាល ទី៦ កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងទៅនេះ ដែលមានពលរដ្ឋទៅបោះឆ្នោត៨២.៨៩% នៃចំនួនអ្នកបោះឆ្នោតសរុប៨,៣៨០,២១៧ និងមានគណបក្សនយោបាយចំនួន២០ បានចូលរួម គឺបានបង្ហាញច្បាស់ថា ពលរដ្ឋកម្ពុជាច្រើនលើសលុបបំផុតគាំទ្រ ការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាបំណងប្រាថ្នាដ៏ធំបំផុតរបស់ពលរដ្ឋខ្មែរ ហើយដែលត្រូវបានចែងច្បាស់ នៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមថា បងប្អូនបានបង្ហាញនូវឆន្ទះដ៏ឧត្តុង្គឧត្តមបំផុត ក្នុងការប្រើប្រាស់សិទ្ធិសេរីភាព ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត មកពីគណបក្សនយោបាយនានា ដែលខ្លួនពេញចិត្តដោយសេរី គ្មានការកៀបសង្កត់ ឬបង្ខិតបង្ខំអ្វីឡើយ។ ការបោះឆ្នោតកន្លងទៅនេះ គឺបានប្រព្រឹត្តិទៅដោយរលូន និងគ្មានអំពើហឹង្សាទៀតផង។ ទន្ទឹមនឹងនេះដែរ គឺមានអ្នកសង្កេតការណ៍ជាតិនៃសហគម អង្គការមិនមែនរដ្ឋាភិបាលប្រមាណ ជាង៩ម៉ឺននាក់ និងអ្នកសង្កេតការណ៍អន្តរជាតិជាង៥០០នាក់ ក៏បានចូលរួមអង្កេត តាមដាន និងពិនិត្យដំណើរការ បោះឆ្នោតដោយហ្មត់ចត់បំផុត។
សម្តេចតេជោបានលើកឡើងទៀតថា «កម្ពុជា ដែលជាប្រទេសមានឯករាជ្យ និងអធិបតេយ្យភាពត្រឹមត្រូវ គឺនឹងបន្តរៀបចំការបោះឆ្នោតនៅរៀងរាល់៥ឆ្នាំម្តងនៅថ្ងៃអាទិត្យ ក្នុងសប្តាហ៍ទី៤ នៃខែកក្កដា ដើម្បីពលរដ្ឋមានឱកាសចូលរួមបោះឆ្នោត សម្រេចជោគវាសនាប្រទេសជាតិទាំងអស់គ្នា ដោយសេរី និងដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋអោយកាន់តែរឹងមាំថែមទៀតនៅក្នុងប្រទេស»។
ជាមួយគ្នានេះ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានសូមអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយយុវជននៅទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនលេខ ២០ ដើម្បីបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព ដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិយើងទាំងមូល៕