(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ បានលើកឡើងថា មជ្ឈដ្ឋានប្រឆាំងទាំងក្នុង និងក្រៅប្រទេសកប់យោបល់ ក្រោយការបោះឆ្នោត។
លោក សុខ ឥសាន បានអះអាងតាមរយៈបណ្តាញសង្គម Telegram យ៉ាងដូច្នេះថា៖ «ដំណើរការជាក់ស្តែងនៃការបោះឆ្នោត កាលពីថ្ងៃទី២៩ ខែកក្កដា ២០១៨ នេះ បានធ្វើឲ្យពួកប្រឆាំងទាំងក្នុង និងក្រៅប្រទេស កប់យោបល់ហេីយទ័លច្រក រកពាក្យអ្វី ត្រឹមត្រូវមកនិយាយមិនបានទាល់តែសោះ មានតែនិយាយដោយបំពាននិងរំលោភការពិត»។
លោកបញ្ជាក់ថា ការកប់យោបល់របស់ពួកប្រឆាំងទាំងក្នុង និងក្រៅប្រទេសដោយសារកត្តាមួយចំនួនដូចជា៖
* អត្រាអ្នកទៅបោះឆ្នោត ខ្ពស់គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់។
* ប្រជាជន ទូទៅមានការភ្ញាក់រលឹកនាំគ្នាធ្វើដំណើរទៅការិយាល័យបោះឆ្នោតមុនពេលម៉ោងការិយាល័យបើកទ្វារ និងមានរបៀបរៀបរយ។
* ដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់សាធារណៈល្អ គួរកត់សម្គាល់ក្រៃលែង។
* លទ្ធផលបោះឆ្នោតមានអត្រាខ្ពស់ គួរជាទីរីករាយប្រជាជនកម្ពុជា ជាង៨២ភាគរយ បានបោះឆ្នោត។ ច្រើនជាងការបោះឆ្នោតនៅអាមេរិក ដែលមានតែប្រមាណជាង៥០ភាគរយប៉ុណ្ណោះអ្នកទៅបោះ។
* គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រពីប្រជាជន ជាង៧៧ភាគរយ នៃអ្នកបោះឆ្នោត ផ្ទុយពីប្រធានាធិបតីប្រទេសខ្លះ មានការគាទ្រតែជាង២៥ភាគរយប៉ុណ្ណោះ។
* សភាពការណ៍ទូទៅ ស្ងប់ស្ងាត់ល្អ គ្មានអំពើហឹង្សា គ្មានផ្ទុះអាវុធ គ្មានចោរលួច ប្លន់ គ្មានអគ្គីភ័យ គ្មានគ្រោះថ្នាក់ចរាចរ គ្មានមនុស្សស្លាប់ របួស។
* អ្នកសង្កេតការណ៏ជាតិ និងអន្តរជាតិ សុទ្ធតែវាយតម្លៃខ្ពស់ចំពោះបរិយាកាសបោះឆ្នោតល្អជាងបណ្តាប្រទេស រួមទាំងប្រទេសមហាអំណាចផង។ គ្មានបាតុភាពជ្រៀតជ្រែក ពីប្រព័ន្ធបច្ចេកវិជ្ជាទំនើបចូលលុកលុយក្នុងការបោះឆ្នោតនៅកម្ពុជា ដូចនៅប្រទេសខ្លះនោះទេ។
* គ្មានបាតុភាពរំខានពីពួកអគតិ ដែលប៉ុនប៉ងរំខាននិងធ្វើឲ្យរាំងស្ទះដល់ការបោះឆ្នោតឡើយ។
លោក សុខ ឥសាន បានចាត់ទុកថា មជ្ឈដ្ឋានប្រឆាំងបានអស់ទឹកមាត់និយាយហើយ ទាំងអស់គ្នាបាននិងកំពុងបាត់ម្ចាស់ការយ៉ាងខ្លាំង។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ត្រូវបានបញ្ចប់ដោយភាពជោគជ័យនៅវេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាមួយនឹងសភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរ គ្មានការគំរាមកំហែង ឬអំពើហិង្សាណាមួយកើតឡើងនោះទេ។
បើតាមរបាយការណ៍បឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ប្រជាពលរដ្ឋបានទៅចូលរួមបោះឆ្នោតនៅទូទាំងប្រទេសមានជិត៧លាននាក់ ស្មើនឹង៨២.៨៩% ដែលចំនួននេះមានការកើនឡើងយ៉ាងខ្លាំងលើសពីឆ្នាំ២០១៣ ដែលមានតែ៦៩.៦១% ប៉ុណ្ណោះ។
របាយការណ៍បឋមផ្លូវការចុងក្រោយរបស់ គ.ជ.ប បានឱ្យដឹងថា ក្នុងការបោះឆ្នោតលើកនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រនាំមុខគេច្រើនលើសលុបរហូតដល់ ៤,៨៧៥,១៨៩ ដែលស្មើនឹងចំនួន ៧៦.៧៨% នៃចំនួនអ្នកទៅបោះឆ្នោតទាំងមូល៕